យូរណាស់ហើយទើបដឹងថា ដើមចេកមានអត្ថប្រយោជន៍ច្រើនសម្រាប់បងប្អូនប្រជាកសិករ ដែលប្រកបរបរកសិកម្ម ការដាំដុះ បន្លែបង្ការ មានលក្ខណៈងាយៗ មិនចាំបាច់មានឧបករណ៍ច្រើនឡើង។

*វិធីដាំបន្លែនៅលើដើមចេក
១​- វត្ថុធាតុដើមដែលត្រូវមាន៖
-គ្រាប់ពូជបន្លែដែលត្រូវដាំ 

-ថង់ប្លាស្ទិច ឬថាសសម្រាប់បណ្តុះកូន

-អង្កាម ផេះ ដីខ្សាច់ កំទេចស្លឹកឈើងាប់

-លាមកសត្វស្ងួត / ជីកំប៉ុស

-ដើមចេក (រើសយកដើមធំ)

២- ការបណ្តុះកូន៖

-លាយអង្កាម ផេះ ដីខ្សាច់ កំទេចស្លឹកឈើងាប់ និងជីកំប៉ុស ជាល្បាយសម្រាប់ធ្វើជាដីសម្រាប់បណ្តុះកូន

-យកគ្រាប់ពូជទៅបណ្តុះក្នុងកូចថង់ប្លាស្ទិចរួចយកជីកំប៉ុស្ត ដីខ្សាច់ និងស្លឹកឈើផ្សេងៗលាយចូលគ្នារួចច្រកចូលក្នុងថង់នោះ

-រក្សាថង់បណ្តុះកូនពូជនេះនៅកន្លែងត្រជាក់មានម្លប់ រួចស្រោចទឹកមួយថ្ងៃម្តងនៅពេលព្រឹក

-នៅពេលកូនបន្លែមានអាយុ ១០-១៤ថ្ងៃ យើងត្រូវកាត់យកថងនោះចេញសម្រាប់យកមកដាំ

៣- វិធីដាំ៖

-ជ្រើសរើសដើមចេកដែលមានទំហំធំ រួចយកកូនកាំបិតចោះរន្ធមានទំហំ ៦ស.ម ជម្រៅ ៨ស.ម ឬចោះរន្ធទៅតាមទំហំនៃថង់ដែលយើងបានបណ្តុះកូនរួច ហើយចំនួនរន្ធត្រូវសមាមាត្រទៅនឹងទំហំដើមចេក។

-បន្ទាប់ពីដាំរួចត្រូវស្រោចទឹកតែមួយថ្ងៃដំបូងទេ ព្រោះនៅក្នុងដើមចេកមានធាតុទឹកគ្រប់គ្រាន់សម្រាប់ចិញ្ចឹមបន្លែ រួចរក្សានៅកន្លែងដែលម្លប់ និងត្រជាក់។

-ប្រភេទបន្លែដែលអាចដាំបានមានដូចជាៈ សាលាដ ស្ពៃ ត្រកួន និងប្រភេទបន្លែស្លឹកផ្សេងទៀតដែលមិនសូវត្រូវការពន្លឺថ្ងៃច្រើន និងមានអាយុមិនលើសពី ៤០ថ្ងៃ ព្រោះបើលើសពីនេះដើមចេកនឹងស្ងួត និងអស់ជីវជាតិសម្រាប់ចិញ្ចឹមបន្លែ។

-នៅក្នុងដើមចេកសំបូរទៅដោយសារធាតុប៉ូតាស្យូមខ្ពស់ ដែលធ្វើអោយបន្លែមានរសជាតិឆ្ងាញ់។

បងប្អូនគួរតែសាកល្បងដាំនូវវិធីសាស្រ្ដទាំងអស់គ្នា ពីព្រោះវាចំនេញទាំងទីធ្លាដី ពេលវេលា ថវិការ ហើយថែមទាំងមិនពិបាកស្រោចទឹកទៀតផង ៕