ភ្នំពេញ៖ ជម្លោះស្នេហាត្រីកោណ បានធ្វើឲ្យនារី២នាក់ បើកឆាកប្រយុទ្ធគ្នាដណ្តើមមនុស្សបុរសម្នាក់យកមកធ្វើជាប្តីរៀងៗខ្លួន បង្កឲ្យមានការផ្អើលដល់កម្លាំងសមត្ថកិច្ច ចុះទៅអន្តរាគមន៍ នាំមកប៉ុស្តិ៍ធ្វើការសម្របសម្រួលគ្នា។ ករណីជម្លោះស្នេហាត្រីកោណនេះ បានបង្កលឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅបន្ទប់ផ្ទះជួល ក្នុងភូមិក្បាលដំរី១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។


តាមសម្តីភាគីបុរសដែលស្ត្រី២នាក់វាយគ្នាដណ្តើមយកធ្វើប្តីនោះ បានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុ គាត់បានចាក់សោបន្ទប់ ហើយចេញទៅធ្វើការងារ មិនដឹងថា នាងទី១ គាត់ចូលទៅក្នុងបន្ទប់ពីពេលណានោះទេ រហូតដល់វេលាម៉ោងខាងលើ សមត្ថកិច្ចទូរស័ព្ទប្រាប់គាត់ថា មានមនុស្សស្រី២នាក់ ដោយម្នាក់នៅក្នុងបន្ទប់ ម្នាក់នៅខាងក្រៅ ឈ្លោះប្រកែកគ្នា ឈានដល់ប្រើកម្លាំងបាយ ហើយនារីខាងក្រៅ បានវាយទាញ កញ្ចក់បង្អួចធ្លាក់បែក ផ្អើលអស់អ្នកជួលបន្ទប់ស្នាក់នៅជិតខាង ព្រោះតែមានជម្លោះស្នេហាត្រីកោណដណ្តើមរូបគាត់យកធ្វើជាប្តី ។


តាមសម្តីពលរដ្ឋស្នាក់នៅក្បែរខាង បានឲ្យដឹងថា បុរសម្ចាស់បន្ទប់ខាងលើ មកជួលស្នាក់នៅម្នាក់ឯង ប្រមាណ៣ខែមកហើយ ហើយនៅព្រឹកថ្ងៃកើតហេតុ គ្រាដែលម្ចាស់បន្ទប់មិននៅ ក៏មាននារីម្នាក់ រូបរាងធាត់ ចូលមកគ្រាន់តែប្រាប់ថា ត្រូវជាប្អូនម្ចាស់បន្ទប់ ហើយមានកូនសោចាក់ចូលទៅសំងំក្នុងបន្ទប់បាត់ទៅ ស្រាប់តែមួយសន្ទុះក្រោយមក ក៏មាននារីវ័យក្មេងម្នាក់ រូបរាងស្គម សំទ្បេងបាន មកអះអាងថា ត្រូវជាប្រពន្ធម្ចាស់បន្ទប់ មកដល់ឃើញ នារីម្នាក់នៅខាងក្នុង ផ្ទុះកំហឹងស្រែកឡូឡាឡាំប៉ា ឈ្លោះសម្តី ម្នាក់នៅក្នុងម្នាក់នៅក្រៅ ឈ្លោះប្រកែកគ្នាបាញ់កប់ៗមាត់ ទាញទាំងបង្អូចកញ្ចក់ធ្លាក់បែកខ្ទេច ផ្អើលផ្ទះជួល សមត្ថកិច្ចចុះទៅអន្តរាគមន៍ ហៅនាំអ្នកទាំង៣ ទៅនិយាយសម្របសម្រួលគ្នា ។


សមត្ថកិច្ច បញ្ជាក់ថា ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះទៅនាំភាគីទាំង៣ មកប៉ុស្តិ៍ធ្វើការសម្របសម្រួល។ ពេលនោះ បុរសខាងលើ បានអះអាងថា ជម្លោះនេះ គឺផ្តើមចេញពីស្នេហាត្រីកោណ ហើយគាត់ជាអ្នកទទួលខុសត្រូវ ចំពោះការខូចខាតបង្អូចផ្ទះជួល រង់ចាំគាត់ហៅជាងមកកាត់ដាក់ថ្មីឡើងវិញ ដើម្បីបញ្ចប់រឿង៕

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះទៅនាំភាគីទាំង៣ មកប៉ុស្តិ៍ធ្វើការសម្របសម្រួល។ ពេលនោះ បុរសខាងលើ បានអះអាងថា ជម្លោះនេះ គឺផ្តើមចេញពីស្នេហាត្រីកោណ ហើយគាត់ជាអ្នកទទួលខុសត្រូវ ចំពោះការខូចខាតបង្អូចផ្ទះជួល រង់ចាំគាត់ហៅជាងមកកាត់ដាក់ថ្មីឡើងវិញ ដើម្បីបញ្ចប់រឿង៕