ព្រះ​សីហ​នុ ៖ មន្ត្រី​សាលាខេត្ត​ព្រះ​សីហ​នុ បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី​០៩ ខែសីហា ឆ្នាំ​២០១៩ នេះ​ឲ្យ​ដឹង​ថា ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​គីឡូម៉ែត្រ​ផ្លូវ​១៧២-១៧៣ កំពុង​រង​ការ​ជន់​លិច​ប្រមាណ​៣០០-៥០០​ម៉ែត្រ​ដោយសារ​ជំនន់​ទឹកភ្លៀង​, សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៤​នេះ សូម​ជៀស​ទៅ​ផ្លូវ​ផ្សេង ។

ដោយឡែក ក្រុមហ៊ុន អាន​កូ វ៉​ធើ​រសឹប​ផ្លា​យ បាន​ចេញ​សេចក្តី​ដំណឹង​ជា​បន្ទាន់​មួយ​អោយ​ដឹង​ថា សូម​ជម្រាប​ជូន​អតិថិជន​ទាំងអស់​មេត្តា​ជ្រា​ថា ដោយសារ​តែ​ជំនន់​ទឹកភ្លៀង​នៅ​តែ​បន្ត​ធ្លាក់​ជា​ច្រើន​ថ្ងៃ​ជាប់​ៗ​គ្នា ធ្វើ​អោយ​ទឹក​នៅ​ទំនប់​ក្បាលឆាយ មានការ​កើន​ឡើងជា​គំហុក ហើយ​បាន​ហូរ​ច្រោះ​ដាច់​ផ្លូវ និង​ដួល​រលំ​បង្គោល​ភ្លើង​បណ្តាល​អោយ​ដាច់​ចរន្តអគ្គិសនី ជា​ហេតុ​ធ្វើ​អោយ​ប៉ះពាល់​ដល់​ការ​ផ្គត់ផ្គង់​ទឹក​នៅ​ក្រុងព្រះសីហនុ​ទាំងមូល ។ ក្រុមការងារ​កំពុង​រក​មធ្យោបាយ ដើម្បី​ដាំ​បង្គោល​ឡើង​វិញ ។ អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​អតិថិជន​ទាំងអស់​មេត្តា​យល់យោគ​។ សូម​អរគុណ ។

ចំណែកឯ អគ្គិសនី​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ត្រូវ​បាន​ផ្អាក​ការ​ផ្គត់ផ្គង់​ចរន្តអគ្គិសនី​បណ្តោះអាសន្ន នៅ​រសៀល​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០១៩​នេះ ដោយសារ​ខ្យល់ព្យុះ ភ្លៀង​ខ្លាំង និង​ទឹកភ្លៀង​ហូរ​ច្រោះ​ធ្វើ​ឲ្យ​ទ្រេត​បង្គោល​ភ្លើង ។ ហេតុការណ៍​នេះ បាន​បណ្តាល​ឲ្យ​ដាច់​ចរន្តអគ្គិសនី​នៅ​ទីតាំង​មួយ​ចំនួន​នៅ​សង្កាត់​លេខ​១ សង្កាត់​លេខ​២ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។ តែ​យ៉ាងណា​នោះ នៅ​ពេល​នេះ ក្រុមការងារ​បច្ចេកទេស​កំពុងធ្វើការ​ជួសជុល​ដើម្បី​ភ្ជាប់​ចរន្ត​ឡើង​វិញ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ ។

បើ​តាម​របាយការណ៍​ជា​បណ្តោះអាសន្ន បានអោយ​ដឹង​ថា ជំនន់​ទឹកភ្លៀង​បាន​លិច​សម្ភារ​របស់​ប្រជាពលរដ្ឋ មាន​ដូច​ជា ឡាន ម៉ូតូ និង​សម្ភារ​ប្រើប្រាស់​ប្រចាំ​ថ្ងៃជា​ច្រើន​ផ្សេង​ទៀត​ផង​ដែរ ។ ន​ន់​ទឹកភ្លៀង​នេះ​បណ្តាល​ឲ្យ រលំ​របង​ថ្ម​សង្កត់​កម្មករ​សំណង់​២​នាក់​ប្តី​ប្រពន្ធ​ស្លាប់ (​ធ្វើ​រោង​ស្នាក់​នៅ​ជាប់​របង​ផ្ទះ​ធ្វើ​ពី​ថ្ម​រៀប​ឥដ្ឋ ស្ថិត​ក្នុង​ក្រុម​ទី​២១ ភូមិ​២ សង្កាត់​១ ក្រុងព្រះសីហនុ ។ ដោយឡែក នៅ​ចំណុច​រោងចក្រ​ផលិត​ឥដ្ឋ ស្ថិត​ក្នុងភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ មាន​ករណី បាក់​រលំ​របង​មួយ​កើតឡើង បណ្តាល​ឲ្យ​សង្កត់​លើ​មនុស្ស​ម្នាក់​ស្លាប់ នៅ​នឹង​កន្លែង​ជា​ជនជាតិ​ចិន​។ ទឹក​ហូរ​ធ្វើ​ឲ្យ​ដាច់​ស្ពាន (​ស្ពាន​ពោង​ធុងសាំង​) ១​កន្លែង ស្ថិត​នៅ​តំបន់​តា​លះ ភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។ នៅ​លើ​ផ្លូវជាតិ​លេខ​៤៥ នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ​៧-៨ ទឹក​ហូរ​ច្រោះ​ធ្វើ​ឱ្យ​ស្រុត​ផ្លូវ​មួយ​ចំហៀង ស្ថិត​នៅ​ភូមិ​អុង ឃុំ​រាម​ស្រុក​ព្រៃ​នប់ ៕