ខេត្តព្រះសីហនុ៖ បុរសជាកម្មករសំណង់ម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុយ៉ាងរន្ធត់ ដោយសារដែកបំពង់ទីបធ្លាក់ពីលើអគារកំពុងសាងសង់ត្រូវចំក្បាល ដែលហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៥ និង១៥នាទីល្ងាច ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅជិតអគារ៧ជាន់ ដែលបាក់រលំកាលពីពេលកន្លងមក ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ជនរងគ្រោះដែលដែកបំពង់ទីបធ្លាក់ត្រូវចំក្បាលស្លាប់នេះ មិនត្រូវបានស្គាល់ឈ្មោះទេ គាន់តែដឹងថា ជាកម្មករសំណង់នៅកន្លែងកើតហេតុ និងមានស្រុកកំណើតនៅខេត្តតាកែវ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ ធ្វើកំណត់ហេតុ រួចដឹកសពជនរងគ្រោះទៅរក្សាទុកនៅពេទ្យបង្អែកខេត្តព្រះសីហនុ រង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។

តែយ៉ាងណា ករណីនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកម្ចាស់អគារ និងមេការ មកធ្វើការដោះស្រាយជាមួយក្រុមគ្រួសារជនរងគ្រោះ និងចាត់ការបន្តតាមផ្លូវច្បាប់៕