នៅប៉ុន្មានឆ្នាំនេះ ខ្យងចង្រៃបានស៊ីបំផ្លិចបំផ្លាញស្រូវកសិករជាខ្លាំង ធ្វើឲ្យការទទួលផលមិនបានល្អប្រសើរ ហើយកសិករខ្លះបានប្រើថ្នាំគីមីដើម្បីសម្លាប់វា តែឥឡូវនេះប្រជាកសិករ លែងបារម្មណ៏ពីបញ្ហានេះទៀតហើយ ដោយយើងមានវិធី២យ៉ាងក្នុងការកម្ចាត់វា​ គឺប្រើសំបកឪឡឹកនិងសំបកខ្នុរដាក់ក្នុងស្រែ គឺអាចកម្ចាត់ខ្យងចង្រៃនេះបានយ៉ាងស្រួល។

+វិធីទី១

សំបកខ្នុរ មានក្លិនក្រអូប ដែលអាចទាក់ទាញខ្យងឲ្យមកស៊ីជាអាហារ។ ដំបូងឡើយកសិករត្រូវទិញផ្លែខ្នុរយកមកហូបជាធម្មតា ប៉ុន្តែត្រូវរក្សាទុកសំបកវា ហើយយកសំបកនោះមកដាក់ក្នុងស្រែ ពេលនោះខ្យង នឹងនាំគ្នាមកស៊ីសំបកខ្នុរ កសិករមិនចាំបាច់ដើរប្រមូលខ្យងបំផ្លាញស្រូវក្នុងស្រែទៀតទេ គ្រាន់តែចាប់ប្រមូលចេញយកទៅបោះចោល ឬក៏អាចយកទៅធ្វើជាម្ហូបសម្រាប់បរិភោគក៏បានដែរ។

+វិធីទី២
ឪឡឹក ជាផ្លែដែលមានសាច់ផ្អែម ហើយពពួកខ្យងនៅតាមវាលស្រែ វាចូលចិត្តស៊ីសំបកឪឡឹកណាស់ ដូចច្នេះហើយនៅពេលដែលយើងបរិភោគឪឡឹកអស់ បងប្អូនកុំយកសំបកឪឡឹកដែលនៅសល់សាច់ផ្អែមខ្លះៗ ទៅបោះចោល ត្រូវរក្សាវាទុក​ បន្ទាប់យកសំបកឪឡឹកនោះទៅពង្រាយនៅក្នុងស្រែ ឬចំការ នៅពេលដែលវាស៊ីសំបកឪឡឹកនោះ វានឹងមានប្រតិកម្មគីមីក្នុងក្រពះបណ្ដាលឲ្យវាងាប់ភ្លាមៗនៅនិងកន្លែង។

សូមបញ្ជាក់ថា កសិករអាចដាក់សំបកខ្នុរតិច រឺសំបកឪឡឹក ច្រើនតាមចិត្តចង់ ហើយចង់ដឹងថាវិធីនេះមានប្រសិទ្ធភាពយ៉ាងណា កសិករអាចយកទៅអនុវត្តន៏ខ្លួនឯងក៏បាន ហើយរឹតតែពិសេសទៀតកសិករមិនចាំបាច់ដើរប្រមូល ថែមទាំងអាចយកទៅបរិភោគបានទៀតផង៕