ត្រប់​វែង ជាដំណាំមួយ ដែលប្រជាជនលើពិភពលោកបានស្គាល់ និងប្រើប្រាស់ជាម្ហូបអាហរប្រចាំថ្ងៃ យ៉ាងប្រជាប្រិយបំផុតចាប់តាំងពីដើមសតវត្សទី ១៦មកម្លេះ នៅប្រទេសកម្ពុជាយើង ត្រប់ជាប្រភេទបន្លែមួយសាមញ្ញ ដែប្រជាជនគ្រប់គ្នាតែងតែបរិភោគជាបន្លែ ក្នុងជីវភាពប្រចាំថ្ងៃ ។ គេដាំដុះវាជាលក្ខណ៖ចំការធំៗ តាមបណ្តោយទន្លេមេគង្គ និងនិងតំបន់ផ្សេងៗទៀតច្រើនតែដាំជាលក្ខណៈសួនបន្លែ ។

/. លក្ខខណ្ឌដី និង អាកាសធាតុ
ក. លក្ខខណ្ឌអាកាសធាតុ

នៅពេលយប់ត្រជាក់ ហើយពេលយប់រយៈពេលខ្លី (ថ្ងៃខ្លី) ធ្វើឲ្យត្រប់បាត់បង់ទិន្នផលច្រើន ។ ប្រសិនបើសីតុណ្ហភាពមធ្យមប្រចាំថ្ងៃ ចនោ្លះពី ១៨-២៥អង្សាសេ ធ្វើឲ្យការដុះលូតលាស់ និងទិន្នផលខ្ពស់ជាទីបំផុត ។ គឺដុះលូតលាស់លឿនចេញផ្កាស្រុះគ្នាល្អ កំរិតបន្តពូជ និងការធំធាត់របស់ផ្លែមានប្រសិទ្ធ គ្រាប់ពូជអាចដុះពន្លកបានល្អ គឺជាមធ្យម ២៥អង្សាសេ ។

ខ. អំពីលក្ខខណ្ឌដី

ត្រប់គឺជាប្រភេទដំណាំមួយដែលអាចដុះលូតលាស់បានលើផ្ទៃដីស្ទើគ្រប់ប្រភេទ ដូចជាប្រភេទដីខ្សាច់ស្រាល មធ្យម ធ្ងន់ និងដីឥដ្ឋ ។ ប្រភេទដីដែលសមស្របទៅ និងដំណាំនេះ គឺដីឥដ្ឋល្បាយដីខ្សាច់ ធ្វើឲ្យត្រប់ទទួលបានទិន្នផលខ្ពស់ ។ ប៉ុន្តែដីសម្រាប់ដាំត្រប់គួរតែស្រទាប់ដាំដុះជ្រៅ និង PHចាប់ពី ៥.៥-៦.០ ទើបល្អប្រសើរជាងដីដែលមានស្រទាប់ដាំដុះរាក់  PH ទាំបជាង ឬ ខ្ពស់ជាង ៨ វាតែងតែធ្វើឲ្យត្រប់ជួបប្រទះ នៅបញ្ហាជម្ងឺកង្វះសារធាតុចិញ្ចឹមច្រើនលើផ្លែ ។

/.បច្ចេកទេសដាំដុះ

ក. ជ្រើសរើសពូជ និងសំរិតសំរាំងពូជ

*ការជ្រើសរើសពូជ ៖  ដំណាំត្រប់ក៏ដូចជាដំណាំឯទៀតដែរ ការជ្រើសរើសពូជមានសារៈសំខាន់បំផុត គឺសំឌៅទៅលើការលូតលាស់ និងឲ្យផលខ្ពស់ ។ ពូជត្រូវដឹងពីប្រភពត្រឹមត្រូវ ប្រភេទពូជបង្កាត់មានជំនាន់ Hybride F1 ឬពូជបង្កាត់សេរី (OPV) ព្រមទាំងពេញនិយមប្រើប្រាស់ គ្រាប់ពូជត្រូវមានសុខភាពល្អ ភាពសុទ្ធ ការកំណត់ប្រើជាក់លាក់។

*ការសាបកូន និងថែទាំកូនត្រប់ ៖​ គ្រាប់ត្រប់តូចល្អិត សំប៉ែតសំបករឹងហើយក្រាស់ជាទូទៅចំនួន ២៥០គ្រាប់ឲ្យទម្ងន់ ១ក្រាម ។ ដើម្បីដាំលើផ្ទៃដី ១ហ.ត គេត្រូវប្រើបរិវេណគ្រាប់ចំនួន ៣៧៥-៥០០gs ។ មុន និងសាបគ្រាប់ពូជត្រូវយកមកសំអាតជាមុន បន្ទាប់មកយកទៅដាក់ហាលថ្ងៃរយៈពេល ១-២ម៉ោង ក្រោយមកទៀតយកទៅត្រាំទឹកក្តៅអ៊ុនៗរយៈពេល ១៥-២០នាទី ទើបត្រាំទឹកត្រជាក់ធម្មតា មួយយប់ក្រោយមកយកទៅផ្អាប់ ២យប់នៅពេលគ្រាប់ត្រប់ដុះពន្លកសរៗ ដំបូងយកទៅសាប ឬដាក់ក្នុងកន្ទោងបាន។

ខ. រដូវកាលដាំដុះ

ត្រប់ជាដំណាំ មួយដែលលូតលាស់បានពេញ ១ឆ្នាំ ដោយមិនប្រកាន់រដូវ ក៏ប៉ុន្តែនៅពេលដែលសីតុណ្ហភាពឡើងខ្ពស់ ធ្វើឲ្យត្រប់បន្ថយការចេញផ្កា ឬពេលសំណើមដីមិនគ្រប់គ្រាន់ធ្វើឲ្យត្រប់ផ្លែមិនបានវែង ហើយមានរសជាតិល្វីងខារ នៅប្រទេសកម្ពុជាយើង គេបែងចែករដូវដាំដុះជា ២ ប្រាំង និង វស្សា ។ នៅតំបន់ទំនាប ទន្លេមេគង្គ និងជុំវិញទន្លេសាបការដាំដុះចាប់ផ្តើមពីរដូវទឹកសំរកនៅខែ តុលា វិច្ឆិកា ដល់ខែ កក្កដា និងសីហា នៅតំបន់ខ្ពង់រាប និងភ្នំគឺពី ខែឧសភា ដល់ខែវិច្ឆិកា ដែលភាគច្រើនស្រោចស្រពដោយទឹកភ្លៀង ។

គ. ការរៀបចំដី

ការរៀបចំដីសំខាន់បំផុតសម្រាប់ការដាំដុះ និងលូតលាស់ ។ ការភ្ជួរឲ្យជ្រៅ និងរាស់បំបែកដីឲ្យម៉ត់ និងធ្វើឲ្យច្រើនលើកធ្វើឲ្យដីធូរ មានបន្ទុកខ្យល់គ្រប់គ្រាន់ គឺជួយសំរួលដល់ការលូតលាស់នូវប្រព័ន្ធឬសជ្រាបទឹកបានរហ័សសំរួលឲ្យការស្រូបយកជីជាំតិបានល្អ ។ ការរៀបចំដីអាចធ្វើឡើងទៅតាបរបៀបផ្សេងៗគ្នា ដូចជាកាប់ និងចប ភ្ឃួរនង្គ័លគោ គោយន្ត ត្រាក់ទ័រ ទៅតាមើលទ្ធភាព និងទំហំផ្ទៃដី។ ដំបូងត្រូវរាស់ប្រមូលនៅស្មៅ កាកសំណល់ចាស់ដុត ឬយកចេញពីចំការបន្ទាប់មកភ្ជួរហាលដីរយៈពេល ៥-៧ថ្ងៃ ឥ្យស្មៅងាប់ និងផ្តាច់ជីវិតពពួកសត្វល្អិតចង្រៃផ្សេងៗនៅក្នុងដី ក្រោមកទើបរាស់បំបែកដីឲ្យម៉ត់ និងកៀរឲ្យស្មើ ។ ដើម្បីលើរងដាំបានត្រូវភ្ជួររាស់ដី ឲ្យបាន ៣-៤លើក។ ការដាំតាមរបៀបកសិករគេមិនលើករងឡើយ តែដើម្បីងាយស្រួលស្រោចស្រពគេលើករងមានសារៈសំខាន់បំផុត ដូចជានូវរដូវវស្សារងឲ្យមានកម្ពស់ខ្ពស់ធ្វើឲ្យទឹកហូរចេញពីចំការបានរហ័ស ។ នូវរដូវប្រាំងករណីរង ខ្ពស់ងាយបញ្ចូល ។ រង ឬថ្នាល សម្រាប់ដាំត្រប់គឺមានទទឹង ១០០cm កម្ពស់ ២០-២៥cm បណ្តោយតាមសភាពដី ។

ឃ. របៀបដាំដុះ

បន្ទាប់ពីលើករងហើយត្រូវកាប់ជារណ្តៅតាមបណ្តោយរង ឬ ថ្នាល មួយថ្នាលដាំ ១ជួរ គឺចន្លោះ ១០០-១២០cm ចន្លោះគុម្ព ៧០-៨០cm មួយគុម្ព ១ដើម ។ ជម្រៅរណ្តៅដែលកាប់គឺ ៨-១០cm ក្នុងករណីកូនត្រប់សាបលើថ្នាលផ្ទាំល់គេត្រូវ ស្រោចទឹកកូនត្រប់ឲ្យជោគ រយៈពេល ២០-៣០នាទីមុនដក ដើម្បីបន្ធូនៃការដាច់ឬស ។ កូនត្រប់ត្រូវដកពីពេលព្រឹក បន្ទាប់មកត្រូដាក់វាក្នុងឧបករណ៍ដូចជា កញ្ចើ ល្អី កញ្ឆេរ ។ល។ ហើយស្រោចទឹកឲ្យជោគរក្សានៅក្រោមម្លប់ ធ្វើឲ្យកូនត្រប់រឹងមាំធន់និងកម្តៅថ្ងៃ ក្រោយមកទើបយកទៅដាំនៅពេលថ្ងៃរសៀល ចាប់ពីម៉ោងពីរហូត ដល់ពេលល្ងាចត្រជាក់ ក្រោយពីដាំភ្លាមត្រូវស្រោចទឹកឲ្យជោគតាមរណ្តៅនីមួយៗ ។

ង. ការថែទាំ

ក្រោយពីដាំបានរយះពេល១អាទិត្យយើងអាចចាប់ផ្ដើម ជ្រុំជើង ស្រោចទឹក​ និងដាក់ជី ត្រប់ជាប្រភេទដំណាំមួយដែល ត្រូវការទឹកជាប្រចាំ ដើម្បីរក្សាសំណើមដី ដូចនេះចាប់ពីពេលដាំភ្លាមត្រូវតែស្រោចទឹកជាបន្ទាន់ ហើយបន្តស្រោចជាធម្មតា ១ថ្ងៃ ១-២លើក ព្រឹក ល្ងាច ប៉ុន្តែនៅពេលត្រប់ចាប់ផ្តើមចេញផ្ការហូតដល់ពេលប្រមូលផលវាត្រូវការទឹកច្រើនជាងពេលដាំ ។

/.ការប្រមូលផល
ត្រប់អាចប្រមូលផលបានក្រោយពីដាំរយៈពេលខុសៗគ្នាទតាមប្រភេទរបស់ត្រប់ និងប្រភេទរបស់ពូជ ។

– ត្រប់អាចប្រមូលផល បានច្រើនសារអាស្រ័យលើការថែទាំ និងការកាត់ស្លឹកចាស់ៗចោលនៅពេលវាបន្ថយផ្កា ។ ដើម្បីឲ្យត្រប់រក្សាបាននូវ សោភ័ណ្ឌភាពល្អ និងគុណភាពគេតែងប្រមូលផលពេលព្រឹកព្រលឹម ឬល្ងាចត្រជាក់ក្រោយពីស្រោចទឹកហើយ ។ បេះហើយត្រូវយកទៅផ្សើមទឹកជាចំហាយបន្តិចៗទើបរៀបចំទុកដាក់ក្នុងឧបករណ៍ដឹកជញ្ជូន ៕

 សរុបមកការដាំត្រប់ គឺទាមទារឲ្យយើងមានការថែទាំខ្ពស់ជាប្រចាំ ជាពិសេសទៅលើការប្រើប្រាស់ជីបើចៀសបានយើងពុំគួរប្រើជីគីមីទេ យើងគួរតែប្រើជីធម្មជាតិ ដូចជាជីកំប៉ុស្ដ ជីអាចម៏គោ ជីទឹកដែលផ្សំពីទឹកនោមគោមនុស្ស និងកូនត្រីយកទៅត្រាំទុក មិនត្រឹមតែធ្វើឲ្យដាំលូតលាស់បានល្អ ថែមទាំងគ្មានសត្វល្អិតទៀតផង ៕