ភ្នំពេញ៖ ក្រោយពីលោក ជា ដេវីត ជាគូស្នេហ៍បានចេញពីផលិតកម្មហង្សមាស មកធ្វើជាតារាចម្រៀងឯករាជ្យ អស់ជាង១ឆ្នាំមកហើយនោះ ស្រាប់តែល្បីថា តារាចម្រៀង ទេព បូព្រឹក្ស បានផុតកុងត្រា និងបានដើរចេញពីជាមួយផលិតកម្មហង្សមាសហើយ ។ តែតារាចម្រៀងស្រីល្បីឈ្មោះរូបនេះ បានបដិសេធថា នាងមិនបានដើរចេញពីទ្រនុំដ៏ធំមួយនេះ ។


ថ្មីៗនេះ តារាស្រីសិចស៊ី ទេព បូព្រឹក្ស ថ្លែងដោយហួសចិត្តថា មិនដឹងជាដំណឹងនេះលេចចេញដោយរបៀបណាទេ ។ នាងបញ្ជាក់ថា កិច្ចសន្យាការងាររបស់នាងជាមួយផលិតកម្មហង្សមាស មានសរុបចំនួន៥ឆ្នាំ ហើយពេលនេះទើបតែបាន៣ឆ្នាំប៉ុណ្ណោះ ។


នាងបញ្ជាក់បន្តថា នាងនៅតែជាតារាចម្រៀងប្រចាំផលិតកម្មនេះដដែលទរ ហើយដំណឹងថ្មីនេះក៏មិនមានអ្វីដែលជះឥទ្ធិពលមដល់ការងារនាងនោះដែរ ។ ទោះជាយ៉ាងណានាងទទួលស្គាល់ថាការចេញបទចម្រៀងរបស់នាងនៅលើទីផ្សារយឺតបន្តិចបើធៀបនឹងពេលមុន ប៉ុន្តែមិនមែនបានន័យថាមិនចេញ ឬនាងដើរចេញពីផលិតកម្មហង្សមាស នោះដែរ ។


នាងបញ្ជាក់បន្ថែមថា មានគម្រោងចេញបទចម្រៀងរួមគ្នាជាមួយ លោក ជា ដេវីត ដដែល បើទោះបីជាគូស្នេហ៍មិនស្ថិតក្នុងផលិតកម្មនេះក្តី ។ នាងថា ផលិតកម្មហង្សមាស មិនដែលហាមឃាត់រឿងច្រៀងរួមគ្នាជាមួយលោក ជា ដេវីត នេះទេ ហើយនាងក៏មិនមានរឿងល្អក់កករជាំមយយផលិតកម្មហង្សមាស ដូចពាក្យលើកឡើងនោះដែរ ។


នាងរំពឹងថា ការងារសិល្បៈរបស់នាង នឹងបន្តរីកចម្រើនខ្លាំងនៅពេលដ៏ខ្លីខាងមុខ ព្រោះតែនាងបានសម្រិតសម្រាំងស្នាដៃពិសេសមួយចំនួនបង្ហាញដល់អ្នកគាំទ្រ ៕