ខេត្តកណ្តាល ៖ បុរសជាជាងដែកម្នាក់ ខណៈដែលកំពុងធ្វើការសា្រប់តែមានអាការមិនស្រួលខ្លួន បានពឹងអ្នកធ្វើការជាមួយគ្នាជួយឌុបមកមន្ទីរពេទ្យ តែអកុសល គ្រាន់តែមកដល់មុខមន្ទីរពេទ្យ សភាពជំងឺរបស់ជនរងគ្រោះកាន់ធ្ងន់ធ្ងរ ហើយបានធ្លាក់ពីលើម៉ូតូស្លាប់ចោលប្រពន្ធកូនតែម្តង។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១០ និង៤៥នាទី ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចមុខមន្ទីរពេទ្យបង្អែក ស្រុកកៀនស្វាយ ភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ។


ជនរងគ្រោះដែលធ្លាក់ពីលើម៉ូតូស្លាប់ មានឈ្មោះវង់ វាន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្រសាជេត ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង មុខរបរកម្មករផ្សារដែកស្នាក់នៅការដ្ឋានសំណង់ភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះមានអាការៈមិន ស្រួលខ្លួន បានពឹងឲ្យអ្នកធ្វើការជាមួយឈ្មោះ ភឿក វ៉ាន់នី ភេទប្រុស អាយុ១៨ឆ្នាំ ជួយកោសខ្យល់និងជូនមកពេទ្យ ។ ពេលមកដល់ចំណុចផ្សារគគីរ ជនរង គ្រោះបានឲ្យម៉ូតូឈប់រួចដើរចូលទៅក្នុងឱសថស្ថានមហា សាល ពេលនោះ គ្រូពេទ្យបានដាក់សេរ៉ូមឲ្យនិងប្រាប់អ្នក
ឌុបជនរងគ្រោះឲ្យយកជនរងគ្រោះមកមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយ ។

ពេលនោះជនរងគ្រោះដៃម្ខាងកាន់សេរ៉ូមបានឡើងជិះម៉ូតូមកមន្ទីរពេទ្យបង្អែក ស្រុកកៀនស្វាយ ពេលមកដល់មុខមន្ទីរពេទ្យបង្អែកស្រុក អ្នកបើកម៉ូតូបានជិះហួសមុខខ្លោងទ្វារមន្ទីរពេទ្យ ចម្ងាយប្រហែល១០ម៉ែត្រ បានត្រឡប់ម៉ូតូមកក្រោយវិញ ហើយបានបត់ម៉ូតូពីថ្នល់ឡើងមកក្នុងមន្ទីរពេទ្យមិនទាន់ឡើងផុតផង ស្រាប់តែជនរងគ្រោះបានធ្លាក់ពីលើម៉ូតូ។ ពេលនោះឈ្មោះ ភឿក វ៉ាន់នី បានហៅអ្នកនៅក្នុងមន្ទីរពេទ្យ២នាក់ឲ្យជួយលើកជនរងគ្រោះចូលបន្ទប់សង្គ្រោះបន្ទាន់ តែគ្រូពេទ្យបានបញ្ជាក់ថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចជួយអន្តរាគមន៍តែម្តង។


ក្រោយទទួលបានព័ត៌មាន កម្លាំងប៉ុស្តិ៍សហការជាមួយកម្លាំងជំនាញចុះដល់មន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយ កម្លាំងជំនាញខេត្តចុះពិនិត្យសាកសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាកើតជំងឺខ្យល់គរស្លាប់មែន មិនមានជាប់ពាក់ព័ន្ធនឹងករណីអ្វីឡើយ។ បន្ទាប់មក សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់សពជនរងគ្រោះជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕