ព្រៃវែង៖ នៅព្រឹកថ្ងៃទី ទី១០ ខែកក្កដា ឆ្នាំ២០១៩ នៅសួនច្បារសម្ដេចជាស៊ីមបានរៀបចំពិធី ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តម ជា សុមេធី អភិបាលខេត្ត រួមនិងមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកំលាំងទាំងបី សិស្សានុសិស្សលោកគ្រូអ្នកគ្រូប្រមាណ ១,៥១០ នាក់ ។

នៅក្នុងឱកាសនោះដែរលោក ឌុច គន្ធា អភិបាលរងខេត្ត បានឡើងរាយការណ៍អំពីលទ្ធផលការងារ របស់កងកម្លាំង ប្រយុទ្ធប្រឆាំងគ្រឿងញៀនចុះបង្ក្រាបបាន នៅក្នុងខេត្តព្រៃវែង នាពេលកន្លងមក មានដូចជា ៖ បង្ក្រាបបានចំនួន ១១៥ ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ១៧៣ នាក់ ស្រី ១៧ នាក់ ក្នុងនោះករណីជួញដូរ ១០១ ករណី ឃាត់ខ្លួនបាន ១៣៩ នាក់ស្រី ១៦ នាក់ករណីប្រើប្រាស់ ១២ ករណី ឃាត់ខ្លួន ៣២ នាក់ស្រី១ នាក់ បង្ក្រាបតាមដីកា ២ ករណី ឃាត់ខ្លួន ២នាក់។ ចាប់យកវត្ថុតាងបានមានថ្នាំញៀនប្រភេទមេតំហ្វេតាមីន( ice) ចំនួន ៤៨៧,៨៣ ក្រាម
-រថយន្តចំនួន ២ គ្រឿង
-ម៉ូតូចំនួន ៣៦ គ្រឿង
-ទូរសព្ទដៃជាមួយ ១៣៧ គ្រឿង
-ជញ្ជីងថ្លឹងចំនួន៦ គ្រឿង
-សម្ភារៈសម្រាប់ជក់និងវេចខ្ចប់មួយចំនួនទៀត។ជនសង្ស័យចំនួន ៤៦ នាក់ស្រី ២ នាក់រួមនឹងវត្ថុតាងបញ្ជូនទៅសាលាដំបូងខេត្តព្រៃវែងដើម្បីចាត់ការតាមផ្លូវច្បាប់។

ឯកឧត្តម ជា សុមេធី អភិបាលខេត្តក៏បានអាននូវសារលិខិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្ដាំផ្ញើដល់បងប្អូន យុវជន យុវនារី សិស្សានុសិស្ស ទាំងអស់នៅក្នុងប្រទេសកម្ពុជាក៏ដូចជានៅក្នុងខេត្តព្រៃវែងត្រូវជៀសឆ្ងាយអំពីបញ្ហាគ្រឿងញៀនដែលធ្វើឱ្យខូចសុខភាពបាត់បង់កិត្តិយសក្រុមគ្រួសារ និងអនាគត់។

ឯកឧត្តមក៏បានបន្តទៀតថាការរៀបចំប្រារព្ធទិវានេះគឺមានអត្ថន័យជ្រាលជ្រៅដែលបណ្ដាលរដ្ឋជាសមាជិកទាំងអស់នៅលើពិភពលោកតែងតែរៀបចំឡើងជារៀងរាល់ឆ្នាំក្រោមប្រធានបទផ្សេងៗគ្នាដើម្បីធ្វើជាត្រីវិស័យក្នុងការឆ្លើយតបឲ្យបានសមស្របទៅតាមស្ថានភាពជាក់ស្ដែងនៃបញ្ហាដូចជាដើម្បីបន្តបញ្ញាក់ស្មារតីនិងដាស់តឿនក្រើនរំលឹកដល់យុវជនគ្រប់រូបឲ្យយកចិត្តទុកដាក់និងចូលរួមកាន់តែសកម្មថែមទៀតក្នុងការបង្ការទប់ស្កាត់និងដោះស្រាយរាល់បញ្ហាដែលកើតដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន។ ការប្រារព្ធពីធីជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនត្រូវបានរៀបចំឡើងក្រោមប្រធានបទ (សុខភាពដើម្បីយុត្តិធម៌ យុត្តិធម៌ដើម្បីសុខភាព) ក្នុងគោលបំណងឆ្លុះបញ្ចាំងឲ្យឃើញពីតម្រូវការដ៏ចាំបាច់និងប្រកបដោយតម្លាភាពនៃការចូលរួមនិងគាំទ្រគ្នាទៅវិញទៅមករវាងផ្នែកអនុវត្តច្បាប់ ផ្នែកសុខភាព និងផ្នែកសង្គមកិច្ចក្នុងការលើកកម្ពស់ប្រសិទ្ធភាពរួមគ្នាដោះស្រាយបញ្ហាដ៏ស្មុគស្មាញមួយនេះ។

ឯកឧត្តមក៏សូមអំពាវនាវដល់កងកម្លាំង អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវទប់ស្កាត់រាល់បញ្ហាចរាចរគ្រឿងញៀននៅក្នុងខេត្តព្រៃវែងឲ្យបានជាដាច់ខាត និងសូមអំពាវនាវដល់មាតាបិតាលោកគ្រូលោកគ្រូអ្នកគ្រូ អាណាព្យាបាលទាំងអស់ត្រូវផ្សព្វផ្សាយណែនាំដល់យុវជន សិស្សានុសិស្សកូនៗ ត្រូវជៀសឲ្យឆ្ងាយពីបញ្ហាគ្រឿងញៀនដោយមិនយកខ្លួនប្រាណទៅបៀតបៀននិងគ្រឿងញៀន ឡើយ ដូចពាក្យស្លោកថា រួមគ្នាលុបបំបាត់គ្រឿងញៀនដើម្បីអនាគតកូនចៅយើង។ ឯកឧត្ដម ណែនាំដល់មន្ត្រីតាមច្រកព្រំដែននីមួយៗទាំងអស់ ត្រូវពិនិត្រ និងទប់ស្កាត់នូវការនាំចូលជ្រូកពីប្រទេសជិតខាងដែលនៅជាប់ព្រំប្រទល់គ្នាដើម្បីបង្ការ និងទប់ស្កាត់ នូវការរីករាលដាលនៃជំងឺប៉េស្តជ្រូកអាហ្វ្រិកនោះផងដែរ៕