ហុងកុង៖ បើតាមការផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី០១ ខែកក្កដា ឆ្នាំ២០១៩ នេះ បានឲ្យដឹងថា ក្នុងថ្ងៃប្រារព្ធខួបលើកទី២២ នៃការប្រគល់ទីក្រុងហុងកុងពីអង់គ្លេស ឱ្យចិនគ្រប់គ្រងវិញ នៅថ្ងៃចន្ទនេះ (ថ្ងៃទី០១ ខែកក្កដា ឆ្នាំ១៩៩៧ – ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩)នេះ កងប៉ូលិសទីក្រុងហុងកុង បានប៉ះទង្គិចគ្នាជាមួយក្រុមបាតុកររាប់ពាន់នាក់ ខណៈនាយកប្រតិបត្តិទីក្រុងហុងកុង លោកស្រី Carrie Lam ក៏បានចូលរួមនៅក្នុងពិធីរំលឹកខួបនេះដែរ។


បើតាមសមត្ថកិច្ចប៉ូលិស បានឲ្យដឹងថា ការប៉ះបង្គិចគ្នាដោយហិង្សានេះ បានកើតឡើង នៅពេលក្រុមបាតុករបាននាំគ្នាបិទផ្លូវជាច្រើនកន្លែង និងមិនព្រមស្ដាប់ការណែនាំពីអាជ្ញាធរ ជាហេតុបង្ខំឱ្យពួកគេ ប្រើប្រាស់ម្សៅម្រេចបង្ហូរទឹកភ្នែក និងដំបង ដើម្បីទប់ស្កាត់ក្រុមបាតុករ។
នៅក្នុងការប៉ះទង្គិចគ្នានេះ បាតុករជាច្រើននាក់បានរងរបួស ខណៈកម្លាំងប៉ូលិស១៣នាក់ត្រូវរងរបួស និងបានបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ។


គួរជម្រាបថា នាយកប្រតិបត្តិទីក្រុងហុងកុង លោកស្រី Carrie Lam វ័យ៦២ឆ្នាំ កំពុងប្រឈមមុខនឹងការទាំមទារឱ្យចុះចេញពីតំណែង បើទោះជាច្បាប់ធ្វើបត្យាប័នជនសង្ស័យទៅកាន់ចិនដីគោក ត្រូវបានផ្អាកទៅវិញ ក៏ដោយ៕