ភ្នំពេញ៖ ក្រោយពីមានការបង្ហោះ នូវរូបភាព និងវីដេអូរបស់លោក ជា ពិសី គណៈអភិបាលនៃអភិបាលខណ្ឌឫស្សីកែវ បានគេងលក់យ៉ាងរំភើយ នៅក្នុងពិធីទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅមជ្ឈមណ្ឌលតាំងពិព័រណ៍កោះពេជ្រ នៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃ២៦ ខែមិថុនា ឆ្នាំ២០១៩ ធ្វើឲ្យមហាជនមានការរិះគន់ជាខ្លាំង។


ជុំវិញនឹងការដេកលក់នៅក្នុងពិធីទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកជា ពិសី បានធ្វើការបកស្រាយតាមរយៈគណនីហ្វេកប៊ុករបស់លោក កាលពីរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ថា « កាលពីថ្ងៃ២៦ ខែមិថុនា ឆ្នាំ២០១៩ម្សិលមិញ Page Facebook មួយចំនួន បានបង្ហោះ រូបភាព និង វីឌីអូ អំពីខ្ញុំ គ្រាដែលខ្ញុំបាទបានបិទភ្នែភ សំងំ មួយសន្ទុះ ដោយសារភាពអស់កម្លាំង បូករួមទាំង បញ្ហាសុខភាពផ្ទាល់ខ្លួនផងនោះ ក្នុងទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀន កាលម្សិលមិញ នៅកោះពេជ្រ ដោយបានបង្ហោះចែកចាយក្នុងបណ្តាញសង្គម។


ខ្ញុំបាទសូមឆ្លើយតប និងបកស្រាយជូន សាធារណៈមតិ មេត្តាជ្រាបថា ៖ ប៉ុន្មានថ្ងៃមកនេះ ម្ដាយជរារបស់ខ្ញុំ អាយុ ៨០ ឆ្នាំ កំពុងមានជម្ងឺជាទម្ងន់ និងកំពុងសម្រាកព្យាបាល នៅឯមន្ទីរពេទ្យ។ កាតព្វកិច្ចដ៏ធំបំផុតរបស់ខ្ញុំ ក្នុងនាមជាកូនកត្តញ្ញូមួយរូប ខ្ញុំតែងតែទៅមើលថែរទាំ ម្ដាយរបស់ខ្ញុំ ស្ទើរតែរៀងរាល់ យប់ក្រោយបានសម្រាកពីការដឹកនាំការងាររដ្ឋបាលរួចមក។


គាប់ជួននៅយប់ថ្ងៃទី២៥ ខែមិថុនា កន្លងមកនេះ ខ្ញុំបាទបានទៅមើលថែម្ដាយជរា ឈឺធ្ងន់ រហូតដល់ម៉ោងជាង២យប់ រំលោងអធ្រាត្រថ្ងៃទី២៦ ខែមិថុនា ទើបនឹងបានសម្រាកប៉ុន្មានម៉ោងប៉ុណ្ណោះ នៅក្នុងថ្ងៃដដែលនោះ វេលាម៉ោង ៥ព្រឹក ខ្ញុំបាទត្រូវក្រោកពីព្រឹកព្រលឹម ដើម្បីទៅដឹកនាំកម្លាំងមហាជន ចូលរួមកម្មវិធី នៅឯកោះពេជ្រទៀត។


ខ្ញុំបាទសូមការអធ្យាស្រ័យពីសាធារណៈមតិទូទាំងប្រទេស ពិសេស ខ្ញុំបាទសូមការអភ័យទោសដ៏ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ចំពោះកាយវិការមិនសមរម្យក្នុងអង្គពិធីកាលពីម្សិលមិញ ដោយអចេតនានេះ ដោយសារតែបញ្ហាសុខភាពផ្ទាល់ខ្លួនរបស់ខ្ញុំបាទ។
សូមអរគុណសម្រាប់ការដាស់តឿនក្នុងន័យស្ថាបនា»៕