ស្រាវជ្រាវដោយ ឈឹម​ សេរីភួន៖ ​ពីថ្ងៃទី ២៨ ដល់ ទី ៣០ ខែកញ្ញា ឆ្នាំ ១៩៦០ មហាសន្និបាតរបស់បក្សប្រជាជនបដិវត្តន៏ខ្មែរ បានប្រារព្ធឡើងជាសម្ងាត់ នៅបន្ទប់មួយក្នុងស្ថានីយរថភ្លើងនាទីក្រុងភ្នំពេញ ។ មហាសន្និបាតបានសម្រេចរៀបចំសមាសភាពដឹកនាំបក្សបក្សសាជាថ្មី បង្កើតមាគ៌ានយោបាយថ្មី និងប្តូរឈ្មោះបក្សប្រជាជនបដិវត្តន៏ខ្មែរ ទៅជាបក្សពលករខ្មែរ វិញ ហើយ ទូ សាមុត ត្រូវបានមហាសន្និបាតជ្រើសតាំង ជាលេខាបក្ស ហើយ នួន ជា ជាអនុលេខា ។


បន្ទាប់ពី លេខាបក្ស ទូ សាមុត បានបាត់ខ្លួននៅក្នុងឆ្នាំ១៩៦២មក នៅថ្ងៃទី២០ និងទី២១ ខែកុម្ភៈ ឆ្នាំ១៩៦៣ មហាសន្និបាតបក្សពលករខ្មែរ បានជ្រើសតាំង សាឡុត ស (ប៉ុល ពត) ឲ្យធ្វើលេខាបក្សប្រជាជនបដិវត្តន៏ខ្មែរ ជំនួស ទូ សាមុត ខណៈដែល នួន ជា បដិសេធមិនទទួលតំណែងនេះ ដោយសារស៊ីវ ហេង ជាពូសាច់ថ្លៃ បានក្បត់បក្ស ទៅចុះចូលជាមួយសម្ដេចសីហនុ ។ ម្យ៉ាងទៀត នួន ជា គឺជនកុម្មុយនិស្តស្មោះត្រង់ម្នាក់ ដែលចង់ឲ្យបក្សពលករខ្មែរ កាន់តែរឹងមាំឡើង ដូច្នេះ គាត់មិនធ្វើការប្រជែងជាមួយ ប៉ុល ពត សម្រាប់តំណែងនេះទេ គាត់សុខចិត្តនៅជាអនុលេខាបក្ស ដដែល។ ក្នុងខែឧសាភា ឆ្នាំ១៩៦៣ សាឡុត ស (ប៉ុល ពត) អៀង សារី និងមេដឹកនាំបក្សពលករខ្មែរ មួយចំនួន នាំគ្នារត់ចូលព្រៃ ដើម្បីតស៊ូនៅតាមបណ្តោយព្រំដែនប្រទេសវៀតណាម ដែលជាតំបន់ដាច់ស្រយាលឆ្ងាយពីកងកម្លាំងយោធារបស់សម្តេចសីហនុ។

មេខ្មែរក្រហម​ ប៉ុល​ ពត ទៅជួប ហូ ជីមិញ ឆ្នាំ​ ១៩៦៥


នៅក្នុងខែមិថុនា ឆ្នាំ១៩៦៥ ប៉ុល ពត និង កែវ មាស បានធ្វើដំណើរតាមផ្លូវហូជីមិញ ទៅទីក្រុងហាណូយ ដើម្បីធ្វើការពិភាក្សាជាមួយមេដឹកនាំវៀតណាមខាងជើង គឺ ហូ ជីមិញ និងបានទៅធ្វើទស្សនកិច្ចបន្តទៀតនៅប្រទេសចិន និង កូរ៉េខាងជើង ។ ក្រោយពីត្រឡប់មកវិញ សាឡុត ស (ប៉ុល ពត) បានប្តូរឈ្មោះបក្សពលករខ្មែរ មកជាបក្សកុម្មុយនិស្ដកម្ពុជា វិញ ។
ពីឆ្នាំ១៩៦៦ ដល់ ១៩៧០ មូលដ្ឋានតស៊ូធំៗរបស់បក្សកុម្មុយនិស្ដកម្ពុជា ស្ថិតនៅខេត្តរតនគិរី ហើយសម្ដេចសីហនុ ឲ្យឈ្មោះអ្នកតស៊ូទាំងនោះថា៖ ពួកខ្មែរក្រហម ។
ក្រោយរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ សម្ដេចសីហនុ បានរួបរួមជាមួយពួកខ្មែរក្រហម បង្កើតរណសិរ្ស និងរដ្ឋាភិបាលរួបរួមជាតិមួយ នៅក្រុងប៉េកាំង ដើម្បីផ្តួលរំលំមេដឹករដ្ឋប្រហារថ្ងៃទី១៨ ខែមីនានោះវិញ ដោយមានកងទ័ពវៀតកុង និងវៀតណាមខាងជើង ចេញមុខជួយបើកការវាយប្រហារដណ្ដើមដំបូង ដណ្ដើមយកបានខេត្តជាច្រើនរួចស្រេចទៅហើយ។ រហូតដល់ឆ្នាំ១៩៧៣ កងទ័ពខ្មែរក្រហមកាន់តែរឹងមាំ ពួកគេបានទាមទារឲ្យកងទ័ពវៀតកុង និងវៀតណាមខាងជើង ចាកចេញពីទឹកដីកម្ពុជាវិញ។

ក្រោយពីបានជ័យជន្នះ ថ្ងៃទី១៧ ខែ មេសា ១៩៧៥ ពួកមេដឹកនាំខ្មែរក្រហម មានជំនឿថា ពួកកុម្មុយនិស្តវៀតណាម មិនដែលបានបោះបង់ចោលគំនិតបង្កើតសហព័ន្ធឥណ្ឌូចិន ដែលមានវៀតណាមជាមេដឹកនាំនោះឡើយ ហើយពួកគេបានបង្ខំឲ្យដកកងទ័ពវៀតកុង និងវៀតណាមខាងជើងទាំងអស់ ពីទឹកដីកម្ពុជាក្នុងរយៈពេលដ៏ខ្លី ។ នៅថ្ងៃទី១ ឧសភា ១៩៧៥ ការប៉ះទង្គិចគ្នាដ៏សំខាន់លើកដំបូងរវាងអតីតសម្ព័ន្ធមិត្តទាំងពីរនោះ គឺកងទ័ពខ្មែរក្រហម បានវាយលុកទៅលើកោះត្រល់ (កោះភូគុក វៀតណាម) ដែលពួកមេដឹកនាំខ្មែរក្រហមអះអាងថាជាផ្នែកមួយនៃទឹកដីកម្ពុជា ។

ទាហាន លន់ នល់ លើកទង់ស ចុះចាញ ពេលខ្មែរក្រហម ចូលដល់ក្រុងភ្នំពេញ ថ្ងៃ​ ១៧​ មេសា ១៩៧៥

៩ថ្ងៃក្រោយមក នៅថ្ងៃ ១០ឧសភា ១៩៧៥ កងទ័ពខ្មែរក្រហម បានបន្តការវាយលុកទៅលើកោះថូជូ (កោះអាចម៍សេះ) និងបានសម្លាប់ជនជាតិវៀតណាម ៥០០នាក់។ ពេលនោះ កងទ័ពវៀតណាម បានវាយប្រហារតបតវិញ និងរុញច្រានកងទ័ពខ្មែរក្រហម ឲ្យចេញពីកោះត្រល់ (កោះភូគុក វៀតណាម) និងកោះត្រល់ (កោះភូគុក វៀតណាម) ហើយថែមវាយដណ្ដើមយកកោះប៉ូឡូវ៉ៃ របស់កម្ពុជាទៀតផង។ នៅ ខែមិថុនា ១៩៧៥ ពេលទៅបំពេញទស្សនកិច្ចនៅក្រុងហាណូយ មេដឹកនាំខ្មែរក្រហម ប៉ុល ពត បានស្នើវៀតណាម ឲ្យចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពមួយ និងចាប់ផ្ដើមការពិភាក្សាគ្នាពីជម្លោះព្រំដែន។ តែសំណើនេះមិនបានធ្វើឱ្យចេញជារូបរាងទេ ហើយមេដឹកនាំខ្មែរក្រហម ប៉ុល ពត អះអាងថា វៀតណាមបានបដិសេធសំណើនេះ។[២២] នៅក្នុងខែសីហា ១៩៧៥ វៀតណាមបានប្រគល់កោះប៉ូឡូវ៉ៃ មកឲ្យកម្ពុជាវិញនិងទទួលស្គាល់អធិបតេយ្យភាពកម្ពុជាជាផ្លូវការលើកោះនេះ។

សុន សេន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ និងពួកជំនាញការចិន នៅសមរភូមិ ព្រំដែនវៀតណាម


ថ្ងៃទី៣០មេសា ១៩៧៧ ជាខួបអនុស្សាវរីយលើកទី២ថ្ងៃពួកកុម្មុយនិស្តវៀតណាម វាយដណ្ដើមបានក្រុងសាយហ្គន (ព្រៃនគរ) កងទ័ពខ្មែរក្រហម បានបើកការវាយលុកទៅខេត្តអានយ៉ាង (ពាមបារាជ) និង ខេត្តចូវដុក (មាត់ជ្រូក) ដោយសម្លាប់ប្រជាជនវៀយតណាមរាប់រយនាក់។ ពេលនោះ កងទ័ពវៀតណាម បានវាយបកវិញ និងបានរំកិលកងទ័ពរបស់ខ្លួនជាច្រើនកងពល មកបោះទីតាំងនៅព្រំដែនកម្ពុជា ។ នៅថ្ងៃ ៧មិថុនា ១៩៧៧ វៀតណាមបានស្នើសុំឲ្យមានការជជែកកម្រិតខ្ពស់ដើម្បីពិភាក្សាគ្នា។ ថ្ងៃ ១៨មិថុនា ១៩៧៧ មេដឹកនាំខ្មែរក្រហម បានឆ្លើយតបដោយការទាមទារឲ្យវៀតណាម ដកកងទ័ពរបស់ខ្លួនទាំងអស់ចេញពីតំបន់ព្រំដែន ហើយបង្កើតតំបន់គ្មានកងទ័ពមួយ ។

កងទ័ពខ្មែរក្រហម នៅសមរភូមិព្រំដែនវៀតណាម

នៅក្នុងខែកញ្ញា ១៩៧៧ កងកាំភ្លើងធំរបស់ខ្មែរក្រហម បានបាញ់ស្រោចទៅលើភូមិចំនួន៦ នៅក្នុងខេត្តដុងថាប់ ដែលនៅតាមបណ្ដោយព្រំដែន និងឲ្យកងទ័ពថ្មើរជើង ចូលវាយលុកតាមក្រោយ។ ក្រោយមក មេដឹកនាំខ្មែរក្រហម បានបញ្ជាឲ្យកងទ័ពចំនួន៦កងពលធំ បើកការវាយប្រហារទៅលើខេត្តតៃនិញ (រោងដំរី) ដោយបានសម្លាប់ប្រជាជនវៀតណាម ជាង១០០០នាក់។[៣០] ដោយសារខឹងសម្បារនឹងការវាយលុកជាបន្តបន្ទាប់របស់កងទ័ពខ្មែរក្រហមនោះ កងទ័ពវៀតណាម ចំនួន៨កងពលធំ មានកម្លាំងប្រមាណជិត៦០០០០នាក់ បានបើកការវាយលុកសងសឹកនឹងកម្ពុជាវិញ។ ថ្ងៃ ១៦ធ្នូ ១៩៧៧ កងពលធំរបស់វៀតណាម ដោយមានជំនួយពីកងទ័ពអាកាសផងនោះ បានបើកការវាយប្រហារឆ្លងកាត់ព្រំដែន ចូលមកក្នុងទឹកដីខ្មែរជាច្រើនលើកច្រើនសា ក្នុងគោលដៅបង្ខំឱ្យរដ្ឋាភិបាលកម្ពុជាចរចា។
នៅចុងខែ ធ្នូ ១៩៧៧ វៀតណាមបានវាយលុកដល់ទីរួមខេត្តស្វាយរៀង ដោយគ្រាន់តែឈប់សម្រាករយៈពេលខ្លីក្នុងទីរួមខេត្តនេះប៉ុណ្ណោះ ។

កងទ័ពខ្មែរក្រហមចូលលុកលុយក្នុងទឹកដីវៀតណាម


ថ្ងៃ ៣១ធ្នូ ១៩៧៧ ខៀវ សំផន បានប្រកាសថា រដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ នឹងផ្ដាច់ទំនាក់ទំនងការទូតជាបណ្ដោះអាសន្ន ជាមួយវៀតណាម រហូតដល់កងទ័ពវៀតណាម ត្រូវដកចេញពី ទឹកដីពិសិដ្ឋនៃកម្ពុជាប្រជាធិបតេយ្យ។
ថ្ងៃ ៦មករា ១៩៧៨ រដ្ឋាភិបាលវៀតណាមបានសម្រេចចិត្តដកទ័ពរបស់ខ្លួនពីកម្ពុជា កំនិងបានជម្លៀសប្រជាជនខ្មែររាប់ម៉ីននាក់ទៅជាមួយដែរ។ តែមេដឹកនាំខ្មែរក្រហម បានប្រកាសថា ថ្ងៃ៦មករា ១៩៧៨នោះជាថ្ងៃជ័យជំនះរបស់ខ្លួនលើពួកសត្រូវយួនឈ្លានពានយួនទៅវិញ។
មេដឹកនាំខ្មែរក្រហម ប៉ុល ពត បានអះអាងថាកងទ័ពកម្ពុជាម្នាក់ត្រូវសម្លាប់ទាហានយួន៣០នាក់ ដូច្នេះបើកម្ពុជាអាចបង្កើនកងទ័ពពីរលាននាក់ ក្នុងចំណោមប្រជាជនប្រាំបីលាននាក់ អាចនឹងកម្ទេចប្រជាជនយួន៥០លាននាក់ ហើយនឹងនៅមានប្រជាជន៦លាននាក់ទៀតដែលនៅសល់។

ពីថ្ងៃ៩មករា ដល់ថ្ងៃ២០កុម្ភៈ ១៩៧៨ រដ្ឋមន្ត្រីការបរទេសរងវៀតណាម ផាន ហៀន បានធ្វើដំណើរជាច្រើនលើកទៅក្រុងប៉េកាំង ដើម្បីធ្វើការពិភាក្សាជាមួយពួកអ្នកតំណាងរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ តែនៅទីបំផុត គ្មានបានផ្លែផ្កាអ្វីទេ។ ថ្ងៃ ១៨មករា ១៩៧៨ ចិនបានព្យាយាមសម្រុះសម្រួលការចរចាបន្ថែមរវាងកម្ពុជានិងវៀតណាម ដោយបានបញ្ជូនអ្នកស្រី តេង យិងជាវ ទៅភ្នំពេញ តែត្រូវពួកមេដឹកនាំខ្មែរក្រហម មិនធ្វើតាម។

កងកាំភ្លើងធំរបស់ខ្មែរក្រហម តម្រង់កាណុងទៅប្រទេសវៀតណាម


ថ្ងៃ ១២មេសា ១៩៧៨ រដ្ឋាភិបាលរក្រហម បានប្រកាសថា ខ្លួន និងវៀតណាម អាចចរចាម្ដងទៀតបាន បើសិនជាវៀតណាមបោះបង់ចោលមហិច្ឆតាវាតទីនិយមរបស់ខ្លួន ហើយនិងទទួលស្គាល់អធិបតេយ្យភាពរបស់កម្ពុជា។ បន្ទាប់មក មេដឹកនាំខ្មែរក្រហម បានបញ្ជាឲ្យកងទ័ពចំនួន២កងពលធំ បើកការវាយប្រហារចូលទៅក្នុងទឹកដីវៀតណាម និងបានសម្លាប់រង្គាលប្រជាជនវៀតណាម ជាង៣០០០នាក់ក្នុងភូមិបាជូក នៅខេត្តអានយ៉ាង (មាត់ជ្រូក)។

នៅក្នុងខែមិថុនា ១៩៧៨ កងទ័ពអាកាសវៀតណាម បានចាប់ផ្ដើមទម្លាក់គ្រាប់បែកទៅលើទីតាំងជាច្រើនរបស់កម្ពុជាតាមតំបន់ព្រំដែន ដោយហោះហើរប្រហែលជា៣០ជើងនៃការទម្លាក់គ្រាប់បែកនោះក្នុងមួយថ្ងៃៗ ។
នៅចុងខែ មិថុនា កងទ័ពវៀតណាមបានប្រមូលផ្ដុំគ្នាជាកម្លាំងការងារជាច្រើនកងពលធំដើម្បីផ្ដើមយុទ្ធនាការដែលមានគោលដៅកំណត់ច្បាស់មួយទៀតប្រឆាំងនឹងពួកខ្មែរ។ ម្ដងនេះ ពួកវៀតណាមបានរុញច្រានកងទ័ពខ្មែរក្រហម ឲ្យដកថយត្រឡប់ទៅកាន់ទីប្រជុំជនសួង និងព្រៃវែង វិញ។

លេខាបក្សកុម្មុយនិស្តវៀតណាម ឡេ យន់ មកជួបប៉ុល​ ពត នៅភ្នំពេញ នៅ ខែមិថុនា ១៩៧៥


អំឡុងពាក់កណ្ដាលឆមាសទី២ នៃឆ្នាំ១៩៧៨ ពួកមេដឹកនាំវៀតណាមបានកាត់បន្ថយយុទ្ធនាការយោធាប្រឆាំងនឹងរបបខ្មែរក្រហម ដោយបានស្វះស្វែងរកជំនួយពីសហភាពសូវៀត។ នៅខែតុលា ១៩៧៨ វិទ្យុវៀតណាម បានផ្សព្វផ្សាយថា នៅកម្ពុជា មានករណីបះបោរប្រឆាំងរបបខ្មែរក្រហម ដែលកំពុងជម្រុញឲ្យកងទ័ពកម្ពុជាជាច្រើនរត់ចូលប្រទេសវៀតណាមវៀតណាម ធ្វើការតស៊ូដើម្បីផ្ដួលរំលំបនក្បត់ប៉ុល ពត អៀង សារី ។
នៅក្នុងខែវិច្ឆិកា ១៩៧៨ ទីបញ្ជាការមួយត្រូវបានបង្កើតឡើងសម្រាប់ការលុកលុយកម្ពុជា បានរៀបចំផែនការរួចជាំស្រេច។ ឧត្តមសេនីយ៍ ឡេ ឌឺកអាញ់ ទទួលបន្ទុកគ្រប់គ្រងអង្គភាពយោធាវៀតណាមទាំងងស់នៅតាមបណ្ដោយតំបន់ព្រំដែនកម្ពុជា។ កងពលធំ ចំនួន១០កងពលត្រូវបានពង្រាយតាមតំបន់ព្រំដែន ខេត្តឡុងអាន(គោះគង) ខេត្តដុងថាប់ និងខេត្តតៃនិញ (រោងដំរី)។

ហេង សំរិន កាលនៅជាប្រធានកងពលធំលេខ៤ ភូមិភាគបូព៌ា


ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា (រ.ស.ស.ជ.ក.) ត្រូវបានបង្កើតឡើងនៅក្នុងស្រុកស្នួល ខេត្តក្រចេះ ដោយមាន ហេង សំរិន អតីតមេបញ្ជការកងពលធំទី៤ របស់ភូមិភាគបូព៌ា ជាប្រធាននៃគណៈកម្មាការមជ្ឈិមនៃរ.ស.ស.ជ.ក.។
ថ្ងៃ ២៥ធ្នូ ១៩៧៨ វៀតណាមបានផ្ដើមការលុកលុយ ដោយប្រើកងទ័ពចំនួន១៣កងពលធំ មានគ្នាប្រមាណ១៥០០០០នាក់ គាំទ្រដោយកងកាំភ្លើងធំធុនធ្ងន់ និងកម្លាំងអាកាស។
ថ្ងៃ ៧មករា ១៩៧៩ កងទ័ពវៀតណាម រួមជាមួយកងទ័ពនៃរ.ស.ស.ជ.ក. វាយដណ្ដើមបានទីក្រុងភ្នំពេញ ហើយបានបង្កើតរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ដោយមាន ហេង សំរិនជាប្រធានក្រុមប្រឹក្សារដ្ឋ ។ ជាមួយគ្នានោះ បក្សប្រជាជនបដិវត្តន៍កម្ពុជា ក៍ត្រូវបង្កើតឡើង ដើម្បីបន្តវេនពីបក្សប្រជាជនបដិវត្តន៍ខ្មែរ ដែលបានបង្កើតឡើងកាលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ នោះ បន្តទៀត ដោយមាន ប៉ែន សុវណ្ណ ជាអគ្គលេខាបក្សប្រជាជនបដិវត្តន៍កម្ពុជា និងជានាយករដ្ឋមន្រ្តី ហើយរូបថត សឺង ង៉ុកមិញ និង ទូ សាមុត អតីតមេដឹកនាំបក្សប្រជាជនបដិវត្តន៏ខ្មែរ ត្រូវបានចាត់ទុកថាវីរជនរបស់បក្សប្រជាជនបដិវត្តន៍កម្ពុជា ដែលត្រូវគោរពនិងលើកដំកើងឡើងវិញ ។

ហេង​ សំរិន និង ហ៊ុន សែន ពេលបង្កើតរណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា ២​ ធ្នូ ១៩៧៨​ នៅស្រុកស្នួល

ក្រោយមានកិច្ចព្រមព្រៀងក្រុងប៉ារីស ថ្ងៃ២៣ ខែតុលា ឆ្នាំ១៩៩១មក បក្សប្រជាជនបដិវត្តន៏ខ្មែរ បានប្តូរឈ្មោះមកជា គណបក្សប្រជាជនកម្ពុជា ដោយមានសម្ដេចហេង សំរិន ជាប្រធានកិត្តិយស សម្ដេចជា ស៊ីម ជាប្រធាន និងសម្ដេចហ៊ុន សែន ជាអនុប្រធាន។
ក្រោយពីសម្ដេចជា ស៊ីម ទទួលមរណភាពក្នុងខែមិថុនា ឆ្នាំ២០១៥ មក សម្ដេចហ៊ុន សែន ត្រូវបានមហាសន្និបាតគណបក្សប្រជាជនកម្ពុជា ជ្រើសតាំងជាប្រធានជំនួស រហូតដល់សព្វថ្ងៃ ៕

រូប សឺង ង៉ុកមិញ ហូ ជីមិញ ឡេនីន និង កាល់ម៉ាក ត្រូវបានលើកតម្កើងកាលក្នុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា
ប្រាក់រៀល មានរូប សឺង ង៉ុកមិញ