ភ្នំពេញ៖ នាយរងការិយាល័យមន្ទីរប្រឆាំងគ្រឿងញៀន ក៤ម្នាក់ត្រូវបានសមត្ថកិច្ចខណ្ឌសែនសុខចាប់វាយខ្នោះភ្លាមៗ បន្ទាប់ពីផឹកស្រាស្រវឹងរួចបើករថយន្តមួយគ្រឿងឈប់ដកកាំភ្លើងអាកាបាញ់រះទម្លុះចូលផ្ទះបោកអ៊ុតទំនើបមួយកន្លែង ចំនួន១១គ្រាប់ សង្ស័យជារឿងគំនុំ។ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះមកអន្តរាគមន៍កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ត្រង់ចំណុចផ្ទះលេខ១០ ផ្លូវលំ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ជនរងគ្រោះមានឈ្មោះ សុង សូណា ភេទប្រុស អាយុ៣៤ឆ្នាំ ជាម្ចាស់ហាងបោកអ៊ុតទំនើបស្នាក់នៅផ្ទះកើតហេតុខាងលើ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសជាខ្មាន់កាំភ្លើងខាងលើបានបើករថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយស្តារិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AX-9509 បានបើកមកឈប់នៅខាងមុខផ្ទះបោកអ៊ុតទំនើបខាងលើ ។
ខណៈពេលដែលជនរងគ្រោះបានបិទទ្វារហាង ហើយកំពុងអង្គុយបត់ខោអាវជាមួយកូនៗ នៅខាងក្នុងហាង។ បន្ទាប់មកបុរសជាខ្មាន់កាំភ្លើង ក៏បានចុះពីលើរថយន្ត រួចក៏បានយកកាំភ្លើងអាកា47មួយដើមចេញពីក្នុងរថយន្តធ្វើសកម្មភាពបាញ់រះចំនួន១១គ្រាប់ សំដៅចូលទៅក្នុងហាងបោកអ៊ុតខាងលើ បណ្តាលឲ្យបែកកញ្ចក់ទ្វារចំនួន២ផ្ទាំង បង្កឲ្យជនរងគ្រោះភ័យស្លន់ស្លោ នាំគ្នាពួនសម្ងំមិនចេញក្រៅនោះទេ។

ភ្លាមៗនោះបន្ទាប់ពីធ្វើកម្មភាពបាញ់រះរួចមក ខ្មាន់កាំភ្លើងរូបនោះក៏បានឡើងបើករថយន្តគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។ ក្រោយមកជនរងគ្រោះក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ចុះធ្វើការអន្តរាគមន៍ភ្លាមៗតែម្ដង។

ប្រភពដដែលបន្តថា ភ្លាមៗនេះសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗដោយមានវត្តមានលោកអធិការខណ្ឌសែនសុខ ហួរ ម៉េងវ៉ាង ធ្វើការដឹងនាំកម្លាំងចុះទៅស្រាវជ្រាវ និងសាកសួរនាំ រហូតកំណត់មុខសញ្ញាបានភ្លាមៗ។ បន្ទាប់មកលោកអធិការខណ្ឌ ក៏បានដឹកនាំកម្លាំងចុះទៅ បង្ក្រាបនិងចាប់ឃាត់ខ្លួនជនល្មើសខាងលើ នៅត្រង់ចំណុចផ្ទះអត់លេខ ខាងក្រោយផ្សារទឹកថ្លា ផ្លូវលំ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ 

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាជនល្មើសដែលធ្វើការចាប់ឃាត់បានមានឈ្មោះ អ៊េង សុវណ្ណារ៉ា ភេទប្រុស អាយុ៤៧ឆ្នាំ ជានាយរងការិយាល័យមន្ទីរប្រឆាំងគ្រឿងញៀន ក៤ ស្នាក់នៅផ្ទះអត់លេខ ផ្លូវបេតុង ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ វត្ថុតាងដកហូតបានមាន កាំភ្លើងអាកា47មួយដើម គ្រាប់កាំភ្លើង១១គ្រាប់ រួមទាំងរថយន្តម៉ាកស្តារិចខាងលើផងដែរ។ 

ក្រោយពីការសាកសួរសមត្ថកិច្ចក៏បានវាស់ជាតិអាកុល ជនល្មើសឃើញថាមានផ្ទុកជាតិអាកុលចំនួន0.71ក្នុងមួយលីតខ្យល់។ សមត្ថកិច្ចក៏បានបង្ហើបប្រាប់ថា ករណីនេះគឺបណ្ដាលមកពីគំនុំ ព្រោះជនរងគ្រោះនិងជនល្មើស ធ្លាប់មានទំនាស់ជាមួយគ្នាពីមុនមក ប៉ុន្តែសមត្ថកិច្ចមិនបានបញ្ជាក់ថាទំនាស់រឿងអីនោះទេ។
បច្ចុប្បន្នជនល្មើសខាងលើរួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចមូលដ្ឋានបន្តការងារសាកសួរនាំនិងកសាងសំណុំរឿង ដើម្បីរង់ចាំធ្វើចាត់ការទៅតាមនីតិវិធីច្បាប់ជាបន្តទៀត៕