ខេត្តរតនគិរី ៖ ដោយសារមានគំនុំឈ្លោះប្រកែកគ្នាជាយូរមកហើយ ជនបង្កនិងបក្ខពួកចំនួន៤នាក់ បានស្ទាក់ផ្លូវ កាប់ជនរងគ្រោះ បណ្ដាលឲ្យរងរបួសធ្ងន់ នៅវេលាម៉ោង១២និង២០នាទី ថ្ងៃពុធ ២ រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងភូមិកាម៉ែន ឃុំសាមគ្គី ស្រុកអូរជុំ ។
ជនរងគ្រោះមានឈ្មោះ រចំ គា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិទំពួន មានទីលំនៅភូមិឃុំខាងលើ មានមុខរបរជាំកម្មករចៀរជ័រកៅស៊ូ ។
ចំណែកជនសង្ស័យ៥នាក់នោះ៖ទី១.ឈ្មោះ ផ្យើង ឈុំ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិទំពួន មុខរបរមិនពិតប្រាកដ (ជាជនដៃដល់), ទី២.ឈ្មោះ ហ្យា ផល្លា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិទំពួន (ជាអ្នករួមគំនិត), ទី៣.ឈ្មោះ កិន បិ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិទំពួន មុខរបរមិនពិតប្រាកដ (ជាអ្នករួមគំនិត), ទី៤.ឈ្មោះ នឹក ស្តាប់ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិទំពួន មុខរបរមិនពិតប្រាកដ (ជាអ្នករួមគំនិត) និងទី៥.ឈ្មោះ ថែល គ្នា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិទំពួន (ជាអ្នករួមគំនិត) ។ ជនបង្កទាំង៥នាក់នេះ មានទីលំនៅភូមិកាម៉ែន ឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគីរី ។

មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមកពីផ្លូវកែង ដើម្បីទិញម្ហូប។ ពេលជិះមកដល់ត្រង់ចំណុចចម្ការស្វាយចន្ទី ខាងលិចភូមិការម៉ែន ស្រាប់ជួបជនបង្កនិងបក្ខពួកចំនួន៤នាក់ ចាំស្ទាក់ផ្លូវ ហើយធ្វើសកម្មភាពកាប់ជនរងគ្រោះត្រូវចំខាងក្រោមក្លៀកខាងឆ្វេងមួយកាំបិត ដេរចំនួន១០ថ្នេរ និងត្រូវកំភួនដៃខាងឆ្វេងមួយកាំបិតទៀត បណ្ដាលឲ្យរងរបួសធ្ងន់តែម្តង ។ មូលហេតុ ជនបង្កទាំង៥នាក់ខាងលើនេះ ដោយមានគំនុំឈ្លោះប្រកែកគ្នាជាយូរមកហើយ ។
ក្រោយពេលកើតហេតុ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកអូរជុំ បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍សាមគ្គី ចុះតាមចាប់ជនបង្កនៅតាមចម្ការស្វាយចន្ទីរ ហូតដល់ម៉ោង៩និង៣០នាទីយប់ថ្ងៃដដែល ទើបយកមកឃុំខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកអូរជុំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕