ភ្នំពេញ​ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋ​ក្រសួងមហាផ្ទៃ បាន​ចេញ​ប្រកាស​តែងតាំង​នាយ​នគរបាល​ជាតិ​២​រូប ជា​អធិការ​របស់​ខណ្ឌ ដែល​ទើបតែ​បង្កើត​ថ្មី ខណ្ឌ​កំ​បូល និង ខណ្ឌ​បឹង​កេងកង នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ។

យោង​តាម​ប្រកាស ស្តី​ពី​ការ​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខ​តំណែង​មន្ត្រី​នគរបាល​ជាតិ ចុះ​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៩ បាន​ឲ្យ​ដឹង​ថា លោក​វរសេនីយ៍ទោ ហង្ស មុនី អត្តលេខ​១៣១៦២ បច្ចុប្បន្ន​ជា​អធិការរង​ខណ្ឌ សែន សុខ ត្រូវ​បាន​តែងតាំងមុខ​តំណែង​ថ្មី ​ជា​អធិការ​ខណ្ឌ​កំ​បូល និងលោក​វរសេនីយ៍ទោ ស៊ឹ​ម ពិសិដ្ឋ អត្តលេខ​១៧៥២៦ បច្ចុប្បន្ន​ជា​អធិការរងខណ្ឌទួលគោក ត្រូវ​បាន​តែងតាំង​ជា​អធិការខណ្ឌ​បឹង​កេងកង ។

នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែមិថុនា នេះ លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ថ្លែង​ថា ក្រៅពី​ពិធី​ប្រកាស​តែងតាំង អធិការ​នគរបាល​ខណ្ឌ​ទាំង​២​រូប​នេះ ក៏​មានការ​ប្រកាស​តែងតាំង ​និង​ប្រគល់​ភារកិច្ច​ថ្មី ព្រមទាំង​បំពាក់​ឋា​ន្ដ​រ​ស័ក្ដិ​ជូន​ដល់​មន្ដ្រី​នគរបាល​ជា​ច្រើន​នាក់​ផ្សេង​ទៀត មាន​ថ្នាក់​វរសេនីយ៍ឯក ថ្នាក់​វរសេនីយ៍ទោ ថ្នាក់​វរសេនីយ៍ត្រី ថ្នាក់​អនុសេនីយ៍ឯក និងថ្នាក់​អនុសេនីយ៍ទោ ជាដើម ។

ស្នងការ​រាជធានី​ភ្នំពេញ បន្ត​ថា «ខ្ញុំ​បាន​ជំរុញ​ឱ្យ​មន្ដ្រី​នគរបាល​នគរបាល ជា​ពិសេស​អធិការ នគរបាល​ខណ្ឌ​ទាំង​២​រូប ត្រូវ​ខិតខំ​បំពេញការងារ​តាម​បទបញ្ជា​ថ្នាក់លើ តប​ទៅ​នឹង​អ្វី​ដែល​ទទួល​បានការ​តែងតាំង​នេះ​» ​។

សូម​បញ្ជាក់​ថា លោក​វរសេនីយ៍ទោ ហង្ស មុនី និង លោក​វរសេនីយ៍ទោ ស៊ឹ​ម ពិសិដ្ឋ បាន​បំពេ​ល​ការងារ​ជាង​៣០​ឆ្នាំមក​ហើយ ចាប់ពី​មន្ត្រី​ប៉ុស្តិ៍ ប្រធាន​ក្រុម នាយ​រង​ប៉ុស្តិ៍ នាយ​ប៉ុស្តិ៍ និងជា​អធិការរង​ រហូតមកដល់ពេលនេះទទួលបានតំណែងថ្មី ជាអធិការខណ្ឌ ៕