ខេត្តកំពត៖ លោក យី ថុល អាយុ៤១ឆ្នាំ ជាប្រធានការិយាល័យគយ និងរដ្ឋាករព្រែកចាក ដែលតំណាងឲ្យការិយាល័យគយ និងរដ្ឋាករ ព្រែកចាក នៃសាខាគយ និងរដ្ឋាករខេត្តកំពត បានដាក់ពាក្យប្តឹងជាផ្លូវការទៅកាន់ ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តកំពត នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩នេះ ដោយប្តឹងអ្នកយកព័ត៌មានប្រមាណជិត១០នាក់ ដោយចោទថា បានជេរប្រមាថ និងជ្រៀតជ្រែកអ្នករាជការសាធារណៈដោយខុសច្បាប់ ទៅក្នុងការបំពេញមុខងាររបស់លោក។
នេះបើយោងតាមពាក្យបណ្តឹងមេធាវីរបស់ លោក យី ថុល ។
នៅក្នុងពាក្យបណ្តឹងនោះ បានបង្ហាញថា មានអ្នកយកព័ត៌មាន ចំនួន៩នាក់ ដែលរងនូវពាក្យប្តឹង រួមមាន ៖
ទី១៖ លោក ហ៊ុន សុខា ជាប្រធានសារពត៌មាននៃក្លិបអ្នកកាសែតឯករាជ្យ និងជានាយកផ្សាយព័ត៌មានប្រជាជនកម្ពុជា (CPNTV)
ទី២៖ លោក ចន យូដេត ជាសមាជិកនៃក្លិបអ្នកកាសែតឯករាជ្យ
ទី៣៖ លោក ស៊ាង ប៊ុនសុង ជាសមាជិកនៃក្លិបអ្នកកាសែតឯករាជ្យ
ទី៤៖ លោក ទុំ ឆោម ជាសមាជិកនៃក្លឹបអ្នកកាសែតឯករាជ្យ
ទី៥៖ លោក ប៉ែន រ៉ា ជាសមាជិកនៃក្លិបអ្នកកាសែតឯករាជ្យ
ទី៦៖ លោក កែវ សុផាត ជាសមាជិកនៃក្លឹបអ្នកកាសែតឯករាជ្យ
ទី៧៖ លោក ជី ពេជ្រ ជាសមាជិកនៃក្លិបអ្នកកាសែតឯករាជ្យ
ទី៨៖ លោក អ៊ុត ប៊ុនធឿន ជាសមាជិកនៃក្លិបអ្នកកាសែតឯករាជ្យ
ទី៩៖ មិនស្គាល់ឈ្មោះ។

លោក យី ថុល បានចោទប្រកាន់ទៅលើអ្នកយកព័ត៌មានទាំង៩នាក់នោះ ពីបទ ៖«ជេរប្រមាថចំពោះអ្នករាជការសាធារណៈ, បទប៉ះពាល់ដល់សិទ្ធិខាងរូបភាពនៃបុគ្គល និងបទជ្រៀតជ្រែកដោយខុសច្បាប់ទៅក្នុងការបំពេញមុខងារសាធារណៈ» និងបានទាមទារសំណងពីក្រុមអ្នកយកព័ត៌មានទាំងនោះចំនួន ១០ម៉ឺនដុល្លារ។
លោក យី ថុល បានបញ្ជាក់ទៅកាន់ព្រះរាជអាជ្ញាថា ក្រុមអ្នកសារព័ត៌មានខាងលើ បានចូលមកលួចថតជាវីដេអូ ពាសពេញបរិវេណទីតាំងត្រតពិនិត្យទំនិញដែនសមត្ថកិច្ចគយ និងរដ្ឋាករព្រែកចាក ដោយបានថត និងចូលឆែកឆេរទំនិញ ដែលស្តុកទុកនៅក្នុងទីលាន ត្រួតពិនិត្យទំនិញ ដែនសមត្ថកិច្ចគយ ហើយនិយាយមួលបង្កាច់ថា មន្ត្រីគយពុករលួយ មិនបានត្រួតពិនិត្យទំនិញ, ឃុបឃិតជាមួយឈ្មួញ និងនាំទំនិញគ្មានគុណភាពចូលមកប្រទេសកម្ពុជាដោយឥតច្បាប់ទម្លាប់។

លុះប្រហែលម៉ោង ១២.០០នាទី ទើបមានបុគ្គលិកគយមកប្រាប់លោក រួចលោកក៏បានចេញទៅមើលហេតុការណ៍នោះ។ ប៉ុន្តែក្រុម អ្នកសារព័ត៌មានទនោះ បាននាំគ្នាចេញទៅបាត់អស់ហើយ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅបរិវេណប៉ុស្ដិ៍គយព្រែកចាក ព្រំប្រទល់កម្ពុជា-វៀតណាម ក្នុងខេត្តកំពត មានករណីទំនាស់មួយបានកើតឡើង ស្ទើរតែងផ្ទុះហិង្សាធ្ងន់ធ្ងរ ទៅហើយ រវាងអ្នកយកព័ត៌មានមួយក្រុមប្រមាណជាង ១០នាក់ និងមន្ដ្រីគយប្រចាំនៅប៉ុស្ដិ៍នោះតែម្ដង ពាក់ព័ន្ធទៅនឹងការយកព័ត៌មាន ពីការដឹកទំនិញឆ្លងកាត់។

យោងតាមវីដេអូដែលត្រូវបានចែកចាយ នៅលើបណ្ដាញសង្គម Facebook អ្នកយកព័ត៌មាន មួយក្រុមបានចុះទៅផ្សាយផ្ទាល់ពីការដឹកទំនិញឆ្លងកាត់ នៅប៉ុស្ដិ៍ព្រែកចាក ហើយត្រូវបានមន្ដ្រីគយដែលមានតួនាទី ជាមេប៉ុស្ដិ៍ព្រែកចាក បានដកហូតទូរស័ព្ទដែលនាំឲ្យផ្ទុះជម្លោះដាក់គ្នា រហូតចង់ប្រើអំពើហិង្សាទៀតផង។
ពាក់ព័ន្ធករណីនេះរដ្ឋមន្ដ្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានប្រាប់បណ្តាញព័ត៌មានឲ្យដឹងថា ៖ «តាមច្បាប់ អាជ្ញាធរអាចប្តឹងក្រុមអ្នកកាសែតទាំងនេះបាន ពីបទប្រមាថមន្ត្រីអ្នករាជការសាធារណៈ ដែលកំពុងបំពេញការងារក្នុងដែនសមត្ថកិច្ចរបស់ខ្លួន»។

យោងតាមសកម្មភាព នៅក្នុងវីដេអូមួយនេះ អ្នកយកព័ត៌មានបានថតឡាយនៅលើ បណ្ដាញសង្គម Facebook និងស្រែករិះគន់ខ្លាំងៗ ទៅលើមន្ដ្រីគយពីររូប និងដេញថតរហូតដល់បន្ទប់ធ្វើការទៀតផង។ យ៉ាងណាក៏ដោយ សារព័ត៌មានមិនទាន់អាចស្វែងរកការបញ្ជាក់បន្ថែមពីក្រុមអ្នកយកព័ត៌មានខាងលើនេះ បាននៅឡើយទេ នៅថ្ងៃដដែលនេះ៕