ខេត្តកណ្តាល៖ យុវជន១ក្រុម បាននាំគ្នាដើរលេងនៅកោះពេជ្រ លុះអស់ចិត្តត្រឡប់មកវិញ ស្រាប់តែបែកគំនិតធ្វើចោរប្លន់ម៉ូតូ និងទ្រព្យសម្បតិ្តរបស់យុវជនម្នាក់បានសម្រេច តែចំថ្ងៃស៊យ ត្រូវកម្លាំងសមត្ថកិច្ច តាមប្រមាញ់ចាប់ខ្លួនបាននាំមកចាត់ការតាមផ្លូវច្បាប់។
ហេតុការណ៍ចោរកម្មនេះ បានកើតឡើងនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង០២និង១០នាទី រំលងអធ្រាត្រ នៅចំណុចលើផ្លូវជាតិលេខ៤ ភូមិថ្នល់ទទឹង ឃុំដំណាក់ អំពិល ស្រុកអង្គស្នួល ។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះរឿន សុធារ៉ា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកមីក្រូហិរញ្ញវត្ថុ ស្នាក់នៅ ភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។ បាត់បង់ម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ កំពង់ស្ពឺ 1N-9618 លេខតួ និងលេខម៉ាស៊ីន 5431610 ។ ចំណែក ជនសង្ស័យ ទី១.ឈ្មោះខាន់ សុភាព ហៅជ្រុយ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងបុរីសែន មនោរម្យ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ២-ឈ្មោះអ៊ី សុវណ្ណគង្គារ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី៩ វិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន្ត នៅភូមិអង្គ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។ ៣-ឈ្មោះសុខ ផានិត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករដឹកគ្រឿងសំណង់ នៅភូមិបឹងខ្នំ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ។ ៤-ឈ្មោះ អៀម ចាន់ដែន ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី៨ វិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន្ត នៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។ សមត្ថកិច្ចដកហូត ទូរស័ព្ទដៃ៦គ្រឿង ម៉ាកសាំសុង១ អូប៉ូ២ ហូវៃ១ និងម៉ាកអាយហ្វូន២។ ម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CR-7088 (របស់ជនសង្ស័យជិះធ្វើសកម្មភាព)។ ម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៥ពណ៌ខ្មៅ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1CR-7088។ ម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៨ពណ៌ខ្មៅ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1GV-0582។

សមត្ថកិច្ចបញ្ជាក់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះ ជិះម៉ូតូតែម្នាក់ឯងមកពីការបងនៅភូមិក្រាំងចេក ពេលនោះ ជនសង្ស័យមួយក្រុមខាងលើនិងបក្ខពួក ជិះម៉ូតូឌុបគ្នាទិសដៅពីកើតទៅលិច បានឃើញជនរងគ្រោះ ក៏នាំគ្នាបកម៉ូតូត្រឡប់ក្រោយ ជិះដេញតាមជនរងគ្រោះ។ លុះមកដល់ចំណុចកើតហេតុ ជនសង្ស័យបានធាក់ជនរងគ្រោះមួយជើង បណ្តាលឲ្យដួលម៉ូតូ ហើយចុះទៅកាប់មួយកាំបិត ប៉័ង តោត្រូវចំស្មា ជនរងគ្រោះបានសន្លប់ ទើបជនសង្ស័យ ចុះទៅលើកម៉ូតូរបស់ជនរងគ្រោះជិះគេចទៅទិសខាងកើតវិញ ។ ភ្លាមនោះកម្លាំងសមត្ថកិច្ចល្បាតទទួលព័ត៌មាន ធ្វើការដេញតាម និងពួនស្ទាក់ចាប់ឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ខាន់ សុភាព ហៅជ្រុយ នៅចំណុចភូមិព្រៃទំពូង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល និងបន្តធ្វើការស្រាវជ្រាវឃាត់ខ្លួន បានជនសង្ស័យ០៣នាក់ទៀត នៅ រាជធានីភ្នំពេញ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះខាន់ សុភាព ហៅជ្រុយ បានឆ្លើយសារភាពថា ខ្លួននិងបក្ខពួកមុនចេញ មកធ្វើសកម្មភាព បានជួបជុំគ្នាផឹកស៊ីនៅកោះពេជ្រ ដល់ម៉ោង១០យប់បានចេញមក ជួបជុំគ្នានៅដីវាលបូរី សែនមនោរម្យ ស្ថិតក្នុងភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។ លុះដល់ម៉ោង ០១ និង៣០នាទី ទើបជិះតាមផ្លូវជាតិលេខ៤ ឆ្ពោះទៅថ្នល់ទទឹង ស្រាប់តែជួបជនរងគ្រោះ ជិះម៉ូតូតែម្នាក់ឯង ទើបពួកខ្លួនជិះតាមមកទន្ទឹមដោយឈ្មោះកាយ និងឈ្មោះរ៉ូរែន ធាក់ផ្តួល រួចឈ្មោះញ៉ា ជាអ្នកកាប់ និងកាំបិតប៉័ងតោ ហើយឈ្មោះ ធារ៉ា ជាអ្នកចុះលើកម៉ូតូជនរងគ្រោះ ជិះរត់ទៅ ទិសខាងកើត រីឯខ្លួនត្រូវបានសមត្ថកិច្ចដេញចាប់បានតែម្តង។
ជនសង្ស័យទាំង៤នាក់ ត្រូវសមត្ថកិច្ចនាំមកឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាល ចាត់ការតាមនីតិវិធី៕