ភ្នំពេញ៖ កម្លាំងអន្តរាគមន៍ពិសេសនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ រងរបួសធ្ងន់ម្នាក់ និងស្រាល២នាក់ ខណៈជិះម៉តូប្រដេញជនសង្ស័យជាមុខសញ្ញាចោរឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋតាមដងផ្លូវ ត្រូវក្រុមជនសង្ស័យជិះម៉ូតូបំបុក ។ តែយ៉ាងណា កម្លាំងអន្តរាគមន៍ពិសេស ចាប់បានសង្ស័យ២នាក់ ចំណែកបក្ខពួក២នាក់ទៀតគេចខ្លួនបាត់ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ នៅផ្លូវបេតុង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យទី១ ឈ្មោះ ប៉ិច សារ៉ាត់ ភេទប្រុស អាយុ១៧ ឆ្នាំមុខរបរលើកទឹកសុទ្ធ រស់នៅភូមិគោគ ព្រេជ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ និងទី២ឈ្មោះ ផូ សុផាត ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរសិស្ស រស់នៅភូមិត្រពាំងធ្នង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។

សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា មុនកើតហេតុកម្លាំងអន្តរាគមន៍ពិសេសនៃអធិការដ្ឋាននគរបាលខណ្ឌ បានចុះល្បាតពួនស្ទាក់បង្កា និងបង្រ្កាបបទល្មើសក្នុងមូលដ្ឋាន ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ នៅលើដងផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅទី៣ ស្រាប់តែជួបក្រុមជនសង្ស័យជាមុខសញ្ញាចាស់មានគ្នា៤នាក់ជិះម៉ូតូ២គ្រឿង ទើបបោះដៃតាមវិទ្យុទាក់ទងកម្លាំងទូទាំងខណ្ឌ ឲ្យជួយសហការ និងបានជិះម៉ូតូប្រដេញតាម អស់រយះពេលជិតមួយម៉ោង ស្រាប់តែជនសង្ស័យជិះម៉ូតូបំបុកកម្លាំងនគរបាលអន្តរាគមន៍ពិសេស វិញ បណ្តាលឲ្យដួលរងរបួសធ្ងន់ម្នាក់ស្រាល២នាក់ ខណៈនោះដែរ សមត្ថកិច្ចក៍ចាប់បានជនសង្ស័យ២នាក់ ចំណែក២នាក់ទៀតគេចខ្លួនបាត់ស្រមោល ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចដែលរងរបួសត្រូវបានបញ្ជូនទៅសង្រោះនៅមន្ទីរពេទ្យភ្លាមៗ ដោយឡែកជនសង្ស័យត្រូវបាននាំទៅសាកសួរបន្ត ៕