ភ្នំពេញ៖ យុវជនសង្ស័យម្នាក់ ដែលមានជំនាញខាង Hack គណនីហ្វេសប៊ុករបស់ប្រជាពលរដ្ឋ ហើយយកទៅធ្វើសកម្មភាពឆបោកប្រាក់នេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាបាន ចាប់ឃាត់ខ្លួននាំមកចាត់ការតាមផ្លូវច្បាប់ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ នៅត្រង់ចំណុចផ្លូវលេខ១៨២ សង្កាត់ទឹកល្អក២ ខណ្ឌទួលគោក ។

យុវជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួននេះ មានឈ្មោះគ្រួច ស៊ីឆៃ ជនជាតិខ្មែរ កើតថ្ងៃទី១៧ ខែឧសភា ឆ្នាំ១៩៩៧ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ទីលំនៅបច្ចុប្បន្នផ្លូវ១៩៨១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ យុវជនសង្ស័យនេះ សមត្ថកិច្ចចាប់ខ្លួនពីបទលួចចូលប្រើប្រាស់គណនី ហ្វេសប៊ុកអ្នកដទៃ ដោយគ្មានការអនុញ្ញាត រួចឆាតទៅខ្ចីប្រាក់ពីមិត្តភ័ក្រនៅក្នុងហ្វេសប៊ុក ដោយតម្រូវឲ្យផ្ញើប្រាក់តាមក្រុមហ៊ុនវេរលុយ ។

លោកឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានស្ថិតក្រោមការសម្របសម្រួលពី ព្រះរាជអាជ្ញារង រៀល សុភិន។

ក្រោយធ្វើការចាប់ខ្លួន ជនសង្ស័យខាងលើបានសារភាពថា ធ្លាប់បានធ្វើការឆបោកប្រាក់ជាច្រើនសា។ កន្លងមក រូបគេបានលួចចូលគណនីហ្វេសប៊ុក បានប្រហែល២០០គណនី និងជាង៥០គណនី រូបគេបានយកទៅឆបោកឆាតខ្ចីលុយពីម្ចាស់គណនីផ្សេងទៀត បានប្រាក់មួយចំនួនផងដែរ។
យុវជនសង្ស័យខាងលើ ត្រូវសមត្ថកិច្ចនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នាំទៅឃុំខ្លួនបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់៕