រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​មាន​ភស្តុ​តាង​ជា​វី​ដេ​អូ​ឃ្លី​ប​ប៉ុណ្ណឹង​ហើយ​ក្តី ក៏​មន្ដ្រី​នគរបាល​ពាក់​ស័ក្ដិ​៣ នៅ​នាយកដ្ឋាន​ការពារ​ព្រំ​ដែនទឹក ដែល​បន្លំ​លួច iPad មួយ​គ្រឿង នៅ​ហាង​វី​ង​មួយ​កន្លែង នៅ​ខណ្ឌទួលគោក ហើយ​ត្រូវ​បាន​បញ្ជូន​បន្ដ​មក​សួរនាំ នៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នោះ នៅ​ពេល​នេះ​សមត្ថកិច្ច​បាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ ពោល​គឺ​មិន​មានទោស​ពៃ​រិ៍ អ្វី​ទេ ។

នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៩ នេះ បន្ទាប់​ពី​បញ្ចប់​ការ​សួរនាំ​នៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ មន្ដ្រី​នគរបាល​ពាក់​ស័ក្ដិ​៣ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ ក្រោយ​ធ្វើ​កិច្ចសន្យា​អប់រំ និង​អ្នក​ធានា​ត្រឹមត្រូវ ។ ករណី​នេះ មិនមែន​ជា​ករណី​លួច​ទេ គឺជា​ករណី​ច្រឡំ ហើយ​ភាគី​ទាំង​ពីរ​ទាំង​ខាង​ម្ចាស់​ហាង និង​មន្ត្រី​នគរបាល ក៏​បាន​សម្របសម្រួល​បញ្ចប់​ហើយ​ដែរ ។ ម្ចាស់​ហាង​ក៏​មិន​បាន​ដាក់​ពាក្យបណ្តឹង​អ្វី​ដែរ ។

សូម​រម្លឹក​ថា តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប ដែល​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​«leakhenana Jeanana»​បាន​បង្ហោះ​វី​ដេ​អូ កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០១៩ បាន​បង្ហាញ​មន្ត្រី​នគរបាល​ម្នាក់​ចូល​ទៅ​ដក​លុយ​នៅ​ហាង​វី​ង​មួយ​កន្លែង​យីហោ «​រស្មី សាមគ្គី​» ស្ថិត​នៅ​ក្នុង​ខណ្ឌទួលគោក ស្រាប់តែ​បន្លំ​លួច​យក iPad មួយ​គ្រឿង​ទៅ​បាត់ រួច​ក៏​ត្រូវ​ម្ចាស់​ហាង​យក​ទៅ​បង្ហោះ​ល្បី​ពេញ​បណ្តាញ​សង្គម Facebook និង​មាន​គេ Share រាប់​ពាន់​នាក់ ៕