រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​ទើប​ចាប់ខ្លួន​យុវជន​ម្នាក់​ដែល​តែងតែ​លួច​ចូល​ហ្វេ​ស​ប៊ុ​ក​របស់​គេ​រហូត​ដល់​ជាង​២០០​គណនី ដើម្បី​ឆបោក​ប្រាក់​តាម​គ្រប់​រូបភាព ក្នុង​នោះ​មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ចំនួន​៥០ ដែល​ចាញ់បោក​យុវជន​ម្នាក់​នេះ ។

នៅ​ថ្ងៃ​ទី ៣០ ខែឧសភា ឆ្នាំ​២០១៩ ដោយ​មានការ​បញ្ជា​ផ្ទាល់​ពី​នាយ​ឧត្តមសេនីយ៍ ឆៃ ស៊ី​ណា​រិ​ទ្ធ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ដោយ​មានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​រង រៀល សុ​ភិន រួម​នឹង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ ស៊ីវ ឈាន់ អនុប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​សហការ​ជាមួយ​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នគរបាល​ប៉ុស្តិ៍​ទឹកល្អក់​ទី​២ និង​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក រួម​កម្លាំង​គ្នា​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ មានឈ្មោះ គ្រួ​ច ស៊ី​ឆៃ ភេទ​ប្រុស ជនជាតិ​ខ្មែរ សញ្ជាតិ​ខ្មែរ កើត​ថ្ងៃ​ទី ១៧ ខែឧសភា ឆ្នាំ​១៩៩៧ មុខរបរ​មិន​ពិតប្រាកដ នៅ​ត្រង់​ចំណុច​ផ្លូវ​លេខ​១៨២ សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ តាម​ពាក្យបណ្ដឹង​របស់​ជន​រង​គ្រោះ ពី​បទ​លួច​ចូល​ប្រើប្រាស់​គណនី​ហ្វេ​ស​ប៊ុ​ក​អ្នក​ដ៏​ទៃ​ដោយ​គ្មាន​ការ​អនុញ្ញាតិ រួច​ឆាត​ទៅ​ខ្ចីប្រាក់​ពី​មិត្តភក្តិ​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក ដោយ​តម្រូវ​ឲ្យ​ផ្ញើ​ប្រាក់​តាម​ក្រុមហ៊ុន​វេរ​ប្រាក់ ។

ជនសង្ស័យ​ខាងលើ​បាន​សារភាព​ថា ពិតជា​បាន​លួច​ចូល​គណនី​ហ្វេ​ស​ប៊ុ​កបាន​ប្រហែល​២០០​គណនី និង ជាង​៥០​គណនី​ទទួល​បាន​ប្រាក់​ពី​ការ​ឆបោក ។

បច្ចុប្បន្ន នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​បាន​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​មាន​ប្រសាសន៍ និង​ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ក្នុង​ករណី​ដែល​មានការ​ផ្ញើ​សារ ខ្ចីប្រាក់​តាម​បណ្ដាញ​សង្គម ដោយ​ឱ្យ​ផ្ញើ​ប្រាក់​ទៅ​លេខ​ដែល​មិនមែន​ជា​លេខ​របស់​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក សូម​ឲ្យ​មានការ​ទូរស័ព្ទ (Call) ទៅ​បញ្ជាក់​ពី​ម្ចាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​អំពី​ការ​ខ្ចីប្រាក់​មុន​នឹង​ផ្ញើ​ប្រាក់​ឱ្យ ៕