ភ្នំពេញ៖ ក្មេងទំនើង២ក្រុម សរុបមានគ្នាជិត៣០នាក់ ដេញវាយគ្នាផ្អើលពេញមុខក្លឹបម៉ារិន បណ្តាលឲ្យផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ឃាត់បានជិត១០នាក់ យកទៅប៉ុស្តិ៍ទួលសង្កែ២ ដើម្បីសួរនាំ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០១ និង០៥នាទី រំលងអធា្រត្រ ឈានចូលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវឧញ្ញាម៉ុង រិទ្ធី ស្ថិតនៅក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញក្មេងទំនើងចំនួន២ក្រុម ម្ខាងមានគ្នាជាង១៥នាក់ និងម្ខាងទៀត ក៏មានគ្នាប្រហែលជាង១៥នាក់ដែរ ទំនងជាមុននេះ ពួកគេមានជម្លោះនឹងគ្នាក្នុងក្លឹប ទើបបានជាចេញមកក្រៅ បើកឆាកប្រយុទ្ធគ្នា ដោយមានអ្នកខ្លះកាន់ខ្សែក្រវាត់ អ្នកខ្លះកាន់ដុំថ្មពួត វាយគ្នាទៅវិញទៅមក និងគប់គ្នាផ្អើលពេញផ្លូវ ។

ពេលភ្លាមៗនោះដែរ សន្តិសុខក្លឹប នាំគ្នាចេញមកឃាត់ដែរ ស្រាប់តែត្រូវក្មេងទំនើងគប់ត្រូវចំក្បាល បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ បង្កភ្ញាក់ផ្អើលផ្អើលទៅដល់សមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី២ និងប៉ុស្តិ៍បឹងកក់១ ចុះមកជួយអន្តរាគមន៍ឃាត់បាន ជាង១០នាក់ យកទៅសួរនាំនៅប៉ុស្តិ៍ទួលសង្កែទី២ ។ ចំណែកបុគ្គលិកសន្តិសុខក្លឹបម៉ារិន ដែលរងរបួស ត្រូវបានរថយន្តសង្គ្រោះរបស់ខាងគ្លីនិកឯកជនពន្លឺ ដឹកយកទៅព្យាបាល ។
ក្រុមក្មេងទំនើងជាង១០នាក់នោះ ត្រូវសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី២ ឃាត់ខ្លួនកសាងសំណុំរឿង ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕