ខេត្តតាកែវ៖ បុរសម្នាក់ បានផឹកស្រាជាមួយបនភឿនឡើងស្រវឹងជោកជាំ រួចមកសុំលុយពីស្រ្តីជាប្រពន្ធបំណងទៅទិញថ្នាំញៀនជក់។ លុះមិនបានសមដូចបំណង ក៏ផ្ទុះកំហឹងទាញកាំបិតប៉័ងតោ បម្រុងកាប់សម្លាប់ប្រពន្ធ និងម៉ែក្មេកចោល រហូតស្រី្តជាប្រពន្ធទ្រាំនឹងទង្វើរបស់ប្តីហេងស៊យរូបនេះលែងបាន ក៏ធ្វើដំណើរទៅដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចចាប់ខ្លួនប្តីញៀនថ្នាំ យកមកចាត់ការតាមផ្លូវច្បាប់។

ហេតុការណ៍នេះ បានកើតឡើង នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ចំណុចភូមិអង្គគគីរ ឃុំតាភេម ស្រុកត្រាំកក់។ ជនសង្ស័យជាប្តី មានឈ្មោះម៉ឹង ចាន់ថា ភេទប្រុស អាយុ33ឆ្នាំ មានទីលំនៅភូមិឃុំ។ ចំណែក ស្រី្តជាប្រពន្ធមានឈ្មោះជុំ ចាន់ធា អាយុ20ឆ្នាំ ។

សមត្ថកិច្ច បញ្ជាក់ថា មុនពេលកើតហេតុ បុរសជាប្តីបានផឹកស្រាស្រវឹងធ្លាក់ភ្នែក ហើយបានមកសុំលុយពីប្រពន្ធបំណងមកទិញថ្នាំញៀនជក់ ព្រោះតែកូនឈឺប្រពន្ធទុកលុយសម្រាប់យកកូនទៅមន្ទីរពេទ្យ ស្រាប់តែបុរសជាប្តីផ្ទុះកំហឹង បានវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ថែមទាំងកាំបិតប៉័ងតោ បំណងកាប់សម្លាប់ប្រពន្ធ និងម៉ែក្មេកចោលទៀត ទើបធ្វើឲ្យស្រ្តីទ្រាំលែងបាន ក៏ធ្វើដំណើរមកដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង។
ជនសង្ស័យ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននាំមកឃុំឃាំងបណ្តោះអាសន្ន ដើម្បីធ្វើការសាកសួរ និងកសាងសុំរឿងចាត់ការតាមច្បាប់៕