ភ្នំពេញ៖ ក្រោយពីសារព័ត៌មានយើងខ្ញុំបានចុះផ្សាយនូវព័ត៌មានមួយដែលមានចំណងជើងថា «ចឹងផង! ក្រុមនារីអូតេស ខឹងភ្ញៀវកូរ៉េ៣នាក់ ឲ្យលុយធីបតិចពេក បង្កជាជម្លោះវាយភ្ញៀវកូរ៉េម្នាក់ បែកក្បាល» ស្រាប់តែមុននេះ ក៏បានទទួលព័ត៌មានច្បាស់ការពីម្ចាស់ហាងផ្ទាល់ដោយលោក បានបកស្រាយថា គ្រប់យ៉ាងគឺពុំដូចអ្វី ដែលអ្នកបកប្រែឲ្យក្រុមជនជាតិកូរ៉េទាំងនោះផ្ដល់ជូនខាងសារព័ត៌មានឡើយ ។

បើតាមការផ្ដល់ព័ត៌មានពីសំណាក់ម្ចាស់ហាង បារាំង ផ្ទាល់បានឲ្យដឹងថា តាមពិតរឿងហេតុគឺបង្កឡើងដោយក្រុមជនជាតិកូរ៉េ ចំនួន៣នាក់មិនស្គាល់អត្តសញ្ញាណ និងបុរសខ្មែរម្នាក់ទៀតជាអ្នកបកប្រែ បានស្រវឹងស្រា ហើយពុំចង់ឲ្យលុយ ហើយថែមទាំងវាយទៅលើនារីអូតេសថែមទៀត ដូច្នេះហើយទើបមានការប្រតាយតប់គ្នាតែម្ដង ។

តែទោះជាយ៉ាងណាក្ដី ពាក់ព័ន្ធនឹងករណីខាងលើនេះ ខាងភាគីជនជាតិកូរ៉េ និងភាគីម្ចាស់ហាង ក៏បានដោះស្រាយគ្នាចប់សព្វគ្រប់ហើយ ហើយហេតុផលដែលលោកចេញមុខផ្ទាល់មកបំភ្លឺនេះ គឺគ្រាន់តែចង់ឲ្យមានយុត្តិធម៌សម្រាប់បុគ្គលិករបស់លោកតែប៉ុណ្ណោះ ដោយសរុបមកគឺមិនដូចអ្វីដែល ភាគីជនជាតិកូរ៉េ លើកឡើងឡើយ ។

សូមបញ្ជាក់ថា បើតាមអ្នកបកប្រែឲ្យក្រុមជនជាតិកូរ៉េ៣នាក់នោះ បានឲ្យដឹងថា ករណីនេះគឺមកពីស្រីៗអូតេសអស់នោះ សុំលុយធីបពីជនជាតិកូរ៉េ៣នាក់នោះ ច្រើនពេក ហើយនិយាយច្រើនដដែលៗ ច្រើនដងពេក ទើបជនជាតិកូរ៉េនោះ ក៏ស្រែកឲ្យ ក៏ឈ្លោះប្រកែកគ្នា រហូតនាំគ្នាព្រួតវាយតែម្តង ។
តែបើតាមបុគ្គលិកហាងបានអះអាងថា បានជាមានរឿងបែបនេះ គឺមកពីភ្ញៀវជនជាតិកូរ៉េ៣នាក់នោះអុកឡុក ហើយឲ្យលុយខ្វះ២០ដុល្លារនិងរករឿងគេឯង ទើបបង្កឲ្យមានរឿងបែបនេះកើតឡើង។
ក្រោយពេលកើតហេតុ ខាងភាគីជនជាតិកូរ៉េ បានដាក់ពាក្យបណ្តឹងចោទប្រកាន់ថា បុគ្គលិកហាងបារាំងនោះនាំគ្នាព្រួតវាយរូបគេជាភ្ញៀវ ៕