ខេត្តកណ្តាល៖ ក្មេងស្រីម្នាក់ ខណៈដែលកំពុងឈរនៅមុខសាលារៀន ស្រាប់តែបុរសល្មោភកាមម្នាក់ចាប់អូសដៃដាក់លើម៉ូតូដឹកយកទៅក្បែរផ្នូរខ្មោច ហើយធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈរហូតបានសម្រេចកាមរបស់ខ្លួន រួចក៏គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១៣និង០០នាទី ចំណុចទីបញ្ចុះសពភូមិវិហារសួគ៌ត្បូង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ។
ក្មេងស្រីរងគ្រោះឈ្មោះ ផ.ច.ប.ម អាយុ០៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។ ចំណែក ជនសង្ស័យ ល្មោភកាម មានឈ្មោះអូន ប៊ុនធឿន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ប្រេង មានទីលំនៅភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង១២ និង២០នាទី ក្មេងស្រីរងគ្រោះបានជិះកង់ម្នាក់ឯងទៅរៀននៅសាលាបឋមសិក្សាវិហារសួគ៌ ដូចរាល់ថ្ងៃ ។ លុះវេលាម៉ោង១៣ និង០០ នាទី សិស្សដទៃទៀតបានចូលក្នុងថ្នាក់រៀនអស់ ឯក្មេងស្រីរងគ្រោះនៅឈរក្រៅថ្នាក់តែម្នាក់ឯង ស្របពេលនោះ ជនសង្ស័យឈ្មោះ អូន ប៊ុនធឿន បានជិះម៉ូតូឌុបកូនរបស់ខ្លួនមករៀននៅសាលាបឋមសិក្សាវិហារសួគ៌នេះដែរ បានដាក់កូនឲ្យចូលថ្នាក់រៀន ហើយបានទាញដៃក្មេងស្រីរងគ្រោះឡើងជិះម៉ូតូជាមួយខ្លួនទៅកន្លែងផ្នូរខ្មោច ក្រោយសាលាលិចទឹកក្នុងភូមិវិហារសួគ៌ត្បូង ឃុំវិហារសួគ៌។

ប្រភពបន្តថា ពេលទៅដល់ជនសង្ស័យបានឈប់ម៉ូតូហើយទាញដៃក្មេងស្រីរងគ្រោះឲ្យដេកនៅលើដីក្បែរផ្នូរខ្មោច រួចស្រាតសំពត់និងខោទ្រនាប់ក្មេងស្រីរងគ្រោះចេញផុតពីជើងជនរងគ្រោះធ្វើសកម្មភាពរំលោភសេពសន្ថវៈរហូតបានសម្រេចកាមរបស់ខ្លូន ។ បន្ទាប់មក ជនសង្ស័យបានឲ្យលុយមកក្មេងស្រីរងគ្រោះចំនួន ១៤០០០រៀល ដោយហាមមិនឲ្យប្រាប់អ្នកណា រួចឌុបជន រងគ្រោះមកសាលារៀនវិញ ទើបជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់។

រហូតដល់ម៉ោង១៧ និង០០ នាទី ក្មេងស្រីរងគ្រោះបានចេញពីរៀនជិះកង់ទៅផ្ទះហើយបានចូលនោមក្នុងបន្ទប់ទឹកក្នុងផ្ទះមានការឈឺចាប់ ក៏ស្រែកយំ ហើយនិយាយប្រាប់ឪពុកម្ដាយតាមដំណើររឿង ទើបឪពុកម្តាយនាំក្មេងស្រីរងគ្រោះទៅមន្ទីរពេទ្យឯកជន និងមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារសួគ៌។
ពេលនេះ កម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល កំពុងធ្វើស្រាវជ្រាវតាមចាប់ជនសង្ស័យ ដើម្បីនាំមកសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕