កណ្ដាល ៖ មាន​ករណី​ផ្ទុះ​មីនតោន​ដែល​កប់​ក្នុង​ដី បណ្ដាល​ឲ្យ​ផ្ទុះ​ប៉ើង​បុរស​ម្នាក់ កំពុង​បើក​ត្រាក់ទ័រ​ស៊ីឈ្នួល​ភ្ជួរ​ដីស្រែ​ឲ្យ​គេ រង​របួសធ្ងន់ ហើយ​ត្រាក់ទ័រ​រង​ការ​ខូចខាត​ស្ទើរតែ​ទាំងស្រុង ។

ហេតុការណ៍​ផ្ទុះ​មីនតោន​នេះ បង្ក​ការ​ភ្ញាក់ផ្អើល​ឡើង​នៅ​វេលា​ម៉ោង​៨​និង​០៥​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០១៩ ស្ថិត​ក្នុងភូមិ​ចំការ​ជោ ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្ដាល។

មន្ដ្រី​នគរបាល​ស្រុក​អង្គស្នួល បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ រង​របួសធ្ងន់ មានឈ្មោះ ធី ទី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​ស៊ីឈ្នួល​ភ្ជួរ​ដីស្រែ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ខ្ទឹម ឃុំ​ព្រាល ស្រុក​កញ្ជ្រាច ខេត្តព្រៃវែង ។ ចំណែកឯ​ត្រាក់ទ័រ​ភ្ជួរ​ដី​ខូចខាត​ស្ទើរ​ទាំងស្រុង ។

ប្រភព​ដដែល បន្ដ​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ខាងលើ បាន​បើក​ត្រាក់ទ័រ​របស់​ខ្លួន មក​ភ្ជួរ​ដីស្រែ​ឲ្យ​ស្ត្រី​ចំណាស់​ម្នាក់​ឈ្មោះ សំ​អុល រស់នៅ​ភូមិ​ឃុំ​កើតហេតុ ខណៈ​ពេល​ដែល​កំពុង​តែ​ភ្ជួរ​ពុំ​ទាន់​បាន​ប៉ុន្មាន​ផង ស្រាប់តែ​ជន​រង​គ្រោះ​ភ្ជួរ​ប៉ះ​ចំ​មីន​១​គ្រាប់ បណ្ដាល​ឲ្យ​ផ្ទុះ​ប៉ើង​ត្រាក់ទ័រ ធ្វើ​ឲ្យ​ជន​រង​គ្រោះ​រង​របួសធ្ងន់ រីឯ​ត្រាក់ទ័រ​វិញ​ខូចខាត​ស្ទើរ​ទាំងស្រុង ។

ភ្លាម​ៗ​នោះ​ដែរ ក៏​ផ្អើល​ឆោឡោ​ដល់​ប្រជាពលរដ្ឋ​ជិតខាង ក៏​បាន​រាយការណ៍​ជូន​សមត្ថកិច្ច មក​ធ្វើការ​អន្ដរាគមន៍ យក​ជន​រង​គ្រោះ ទៅ​សង្គ្រោះ​បន្ទាន់ នៅ​ឯ​នៅ​មន្ទីរពេទ្យ​ភ្នំពេញ ។

តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​ជំនាញ​បញ្ជាក់​ថា គ្រាប់​មីនតោន​ដែល​នៅ​មានគុណ​ភាព ផ្ទុះ​បាន​នេះ ប្រហែល​សល់​ពី​សម័យ​សង្គ្រាម គឺជា​គ្រាប់​ប្រភេទ​ប្រឆាំង​រថក្រោះ ៕