ភ្នំពេញ៖ នារីរូបស្រស់សោភាចំនួន២នាក់ ត្រូវកម្លាំងសមត្ថកិច្ចធ្វើការបង្រ្កាបចាប់ឃាត់ខ្លួន ដោយដកហូតម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន ចំនួន២២កញ្ចប់តូចធំ និងវត្ថុតាងពាក់ព័ន្ធគ្រឿងញៀនមួយចំនួន នាំទៅចាត់ការតាមផ្លូវច្បាប់។

ករណីបង្ក្រាបបទល្មើសគ្រឿងញៀននេះ ធ្វើឡើងកាលពីវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ៣៦ (យីហោ រចនា កាត់ដេរសំលៀកបំពាក់) តាមផ្លូវបេតុងលេខ៩៣ ក្រុម១៤ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា នារីសង្ស័យរូបស្រស់ដែលសមត្ថកិច្ចចាប់ខ្លួន ក្នុងបទល្មើសគ្រឿងញៀននេះ ទី១-ឈ្មោះហ៊ុម ពៅ អាយុ២៥ឆ្នាំ និងទី២- ឈ្មោះហ៊ឹម ជូរ អាយុ៣១ឆ្នាំ។ ក្នុងប្រតិបត្តិការនេះ សមត្ថិកិច្ចដកហូត ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន ចំនួន២២កញ្ចប់ (ក្នុងនោះមាន៦កញ្ចប់ធំ), ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន ចំនួន២គ្រឿង, ថង់វេចខ្ចប់គ្រឿងញៀនមួយចំនួន និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ក្រោយចាប់ខ្លួន នារីសង្ស័យទាំង២ខាងលើ ត្រូវសមត្ថកិច្ចនាំទៅឃុំខ្លួនបណ្តោះអាសន្ន នៅមន្ទីរគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធី៕