បាត់ដំបង៖ នៅថ្ងៃទី២៤ ខែឩសភា ឆ្នាំ២០១៩នេះ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការខេត្តពីបទហិង្សាមានស្ថានទម្ងន់ទោស ក្រោយពលកម្លាំងអធិការដ្ឋានស្រុកបាណន់សហការជាមួយប៉ុស្តិ៍រដ្ឋបាលតាគ្រាម ចាប់ខ្លួនកាលពីរសៀលថ្ងៃទី២៣ ខែឧសភា នៅចំណុចភូមិអូរតាញា ឃុំតាគ្រាម ស្រុកបាណន់។
ជនសង្ស័យ ឈ្មោះលួន ថា ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិអូរតាញា ឃុំតាគ្រាម ស្រុកបាណន់។

ចំណែកជនរងគ្រោះឈ្មោះយ៉ម ឈួង ហៅស្រប ភេទប្រុស អាយុ៥៦ឆ្នាំ នៅភូមិឃុំជាមួយជនសង្ស័យខាងលើ។
ហេតុការណ៍ប្រើអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនេះ បានកើតឡើងកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅចំការដូង ក្រោយផ្ទះជនរងគ្រោះ ក្រុម១៤ ភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ដោយជនសង្ស័យបានប្រើកាំបិតផ្គាប់កាប់ទៅលើជនរងគ្រោះ បណ្តាលឱ្យរបួសធ្ងនត្រង់ស្មាស្តាំ ហើយរត់គេចខ្លួនទៅលាក់ខ្លូននៅភូមិអូរតាញា ឃុំតាគ្រាម ស្រុកបាណន់។

ក្រោយទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ កម្លាំងអធិការដ្ឋានស្រុកបាណន់ បានចេញស្រាវជ្រាវ ដោយសហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលតាគ្រាម រហូតឈានដល់ចាប់ខ្លួនបាននៅថ្ងៃទី២៣ ខែឧសភា។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយដារភាពថា ខ្លួនពិតបាន ធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះពិតប្រាកដមែន ដើម្បីសងសឹកគំនុំចាស់។
ជនសង្ស័យត្រូវកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕