កីឡា ៖ អ្នក​ប្រដាល់សកល​កម្ពុជា​ដែល​កើត និង​ធំធាត់​នៅ​សហរដ្ឋអាមេរិក អេ​រីក ប៉ែន (Eric Pen) ក្លាយជា​ជើងឯក​ប្រដាល់​ទំងន់​ធ្ងន់​ប្រចាំ​តំបន់​អាស៊ី (WBA ASIA SOUTH ) ក្រោយ​ផ្តួល​អ្នក​ប្រដាល់​ឥណ្ឌូ​នេ​ស៊ី ត្រឹម​ទឹក​១​ប៉ុណ្ណោះ ។

អេ​រីក ប៉ែន អាយុ​២៧​ឆ្នាំ បាន​បំបាក់​កីឡាករ Satria Antasena អោយ​បោះបង់​ការ​ប្រកួត​ត្រឹមតែ​ទឹក​ទី​១​នៅ​សង្វៀន​ទីក្រុង​ហូ​ជី​មិ​ញ ។ នេះ​ជា​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់ ក្នុង​ប្រទេស​វៀតណាម ប្រភេទ​ទម្ងន់​ក្រោម​១០០​គីឡូក្រាម ។ ការ​ប្រកួត​នេះ​ធ្វើ​ឡើង​ត្រឹម​១០​ទឹក​ប៉ុណ្ណោះ ហើយ​កីឡាករ​កម្ពុជា​រូ​ព​នេះ ធ្វើ​បាន​ល្អ​ឥត​ខ្ចោះ​ដោយ​អាច​ផ្ដួល​ដៃគូ​ត្រឹម​ទឹក​១​ប៉ុណ្ណោះ ដើម្បី​បាន​ខ្សែក្រវាត់ ជា​ប្រវត្តិសាស្ត្រ​ថ្មី​នេះ ។

នេះ​ជា​ការ​បង្ហាញខ្លួន​លើក​ទី​៣ របស់​កីឡាករ​កម្ពុជា​ដែល​រស់នៅ​សហរដ្ឋអាមេរិក​រូប​នេះ ខណៈ​ពីរ​ប្រកួត​ដំបូង​ផ្តួល​កីឡាករ​ថៃ​ឱ្យ​សន្លប់​នៅ​បាងកក ពោល​គឺ​ការ​ប្រកួត​របស់​គេ​វិញ​ក្នុង​កម្រិត​អាជីព​៣​ដង​នេះ តែង​ផ្ដួល​ដៃគូ​សន្លប់​រហូត ។

កីឡាករ អេ​រីក ប៉ែន កើត​នៅ​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​១៩៩២ នៅ​ក្រុង San Jose រដ្ឋ Californa សហរដ្ឋអាមេរិក ហើយ​មាន​ម្តាយ​ជា​អ្នក​ខេត្តកំពត​ដែល​ភៀសខ្លួន​ទៅ​នៅ​អា​មេ​រិ​ក​ឆ្នាំ​១៩៧៩​។ បច្ចុប្បន្ន​អេ​រីក​ហ្វឹកហាត់​ប្រដាល់​នៅ​វៀតណាម​៕