ភ្នំពេញ៖ បុរសជនជាតិអង់គ្លេស២នាក់ ជំពាក់ថ្លៃស្នាក់នៅខុនដូ ចំនួន១,០៧០ដុល្លារ ត្រូវបានម្ចាស់ខុនដូប្តឹងសមត្ថកិច្ចមូលដ្ឋាននាំទៅសាកសួរ បែកធ្លាយថាគ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន ក៏ទំនាក់ទំនងទៅការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួននិងចាត់ការបន្តតាមនីតិវិធី កាលពីវេលាម៉ោង១២ និង២០នាទីរសៀល ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចខុនដូយីហោ ESSENCE ស្ថិតនៅផ្ទះលេខ២២២ ផ្លូវលេខ២០០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ។
តាមប្រភពព័ត៌មានពីមន្រ្តីការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ បានឲ្យដឹងថា បុរសជនជាតិអង់គ្លេស ចំនួន២នាក់ ពីបទជំពាក់ប្រាក់ថ្លៃស្នាក់នៅខុនដូ ESSENCE ចំនួន១,០៧០ដុល្លារ និងគ្មានលិខិតឆ្លងដែនជាប់នឹងខ្លួននោះ៖ ទី១.ឈ្មោះ PARSONS GEOFFREY JUNIOR JAMES ភេទប្រុស អាយុ៣៣ឆ្នាំ។ និងទី២.ឈ្មោះ PARSONS MARLEE ROY RAYMOND ភេទប្រុស អាយុ៣៣ឆ្នាំ ។ អ្នកទាំង២ ស្នាក់នៅខុនដូ ESSENCE ស្ថិតនៅផ្ទះលេខ២២២ ផ្លូវលេខ២០០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ។
សមត្ថកិច្ចបានដឹងថា បុរសជនជាតិអង់គ្លេស ចំនួន២នាក់នេះ បានចូលមកក្នុងប្រទេសកម្ពុជាចំនួន២លើកមកហើយ ដោយលើកចុងក្រោយនេះ ចូលមកនៅថ្ងៃទី១៣.១១.២០១៨ តាមច្រកអន្តរជាតិប៉ោយប៉ែត គោលបំណងទេសចរ ។
ជនជាតិអង់គ្លេសទាំង២នាក់ខាងលើត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបន្ត៕