ភ្នំពេញ៖ បុរសស្រវឹងស្រាជោកម្នាក់ បើករថយន្តរេចង្កូតទៅបុករះបង្គោលភ្លើងបាក់ខ្ទេចមួយដើម រួចក៏បន្តទៅបុកបង្គោលស្លាកសញ្ញាពាណិជ្ជកម្មមួយទៀត បណ្ដាលឲ្យបាក់រាបដល់ដី រីឯរថយន្តវិញរងការខូចខាត ខ្ទេចមួយកំណាត់មុខ តែសំណាងល្អមិនបណ្ដាលឲ្យអ្នកបើកបរ រងគ្រោះថ្នាក់នោះទេ។។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ នេះ នៅតាមបណ្ដោយផ្លូវបេតុង ស្ថិតក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ។

មុនពេលកើតហេតុ គេឃើញបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បើករថយន្តស៊េរីទំនើបមួយ គ្រឿងម៉ាក RANGE ROVER ពណ៌ស ពាក់ស្លាកភ្នំពេញ 2Q-1278 ដោយធ្វើដំណើរតាមបណ្ដោយផ្លូវបេតុង ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ។ លុះមកដល់ចំណុចកើតហេតុ ដោយសារអ្នកបើកបរស្រវឹងស្រាជោកផងនោះ ក៏ជ្រុលចង្កូតទៅបុករះបង្គោលភ្លើងបាក់ខ្ទេចមួយដើម រួចក៏បន្តទៅបុកបង្គោលស្លាកសញ្ញាពាណិជ្ជកម្មមួយទៀត បណ្ដាលឲ្យបាក់រាបដល់ដី រីឯរថយន្តវិញរងការខូចខាត ខ្ទេចមួយកំណាត់មុខ។

ភ្លាមៗនោះ គេបានឃើញអ្នកបើកបររថយន្តបង្ក បានចុះពីលើរថយន្តដោយសភាពស្រវឹងស្រាឈរទ្រេតទ្រោត ឡើងជិះរថយន្តមួយគ្រឿងទៀត គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោលតែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញ ឲ្យចុះមកធ្វើការវាស់វែង និងយករថយន្តបង្កខាងលើយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕