ខេត្តស្ទឹងត្រែង ៖ ជនជាតិ​វៀតណាម​ចំនួន​៤​នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ ស្រុក​សេ​សាន ធ្វើការ​ឃាត់ខ្លួន ករណី​ប្រើប្រាស់​អាវុធ​ខុសច្បាប់ និង​ធ្វើ​សកម្មភាព​បាញ់​សត្វព្រៃ និង​រក្សា​ទុក​នូវ​គ្រាប់​កែ​ច្នៃ​ជា​ច្រើន នៅ​ក្នុងផ្ទះ ជា​បទល្មើស​ជាក់ស្តែង ។

ប្រជាពលរដ្ឋ​ក្នុងភូមិ បាន​រាយការណ៍​ថា ពួក​គាត់​បានឃើញ​ជនជាតិ​វៀតណាម ដែល​មក​រស់នៅ​ក្នុងភូមិ​ញើ​ន ឃុំ​ស្តៅ ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង មាន​ទាំងស្រី​មាន​ទាំងប្រុស ក្នុង​លំនៅ​ដ្ឋា​ន​ជាប់មាត់​ទន្លេសេសាន ហើយ​ជា​ទម្លាប់​ញឹកញាប់ បាន​ចេញ​ធ្វើ​សកម្មភាព​បរបាញ់​សត្វព្រៃ​នៅ​ពេល​យប់ តាម​តំបន់​ក្នុង​ព្រៃ​អភិរក្ស​ហាមឃាត់ ។ ក្រុម​ជនជាតិ​វៀតណាម​បាន​ប្រើប្រាស់​ជា​ប្រភេទ​កាំភ្លើង យក​ទៅ​បាញ់​សត្វព្រៃ​គ្រប់​ប្រភេទ ពិសេស​សត្វ​ក្ងោក ដែល​ជា​សត្វ​ដ៏​កម្រ ត្រូវ​ការពារ និង​អភិរក្ស តែង​មានការ​ហាមឃាត់​ពី​សមត្ថកិច្ច និង​អាជ្ញាធរ ជំនាញ​នោះ​ទេ ។

ប្រភព​ដដែល​បាន​បន្ត​ថា នៅ​យប់​ថ្ងៃ​ទី​៣០ មេ​សា ២០១៩ ពួក​គាត់​បានឃើញ​ក្រុម​ជនជាតិ​វៀតណាម​ខាងលើ បាន​យក​កាំភ្លើង ចេញ​ទៅ​បរបាញ់​សត្វ ហើយ​គាត់​ក៏​បាន​រាយការណ៍ ជូន​អាជ្ញាធរ និង​សមត្ថកិច្ច ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​១ ឧសភា សមត្ថកិច្ច​ខាង​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​សេ​សាន បាន​ចុះ​មក​ឃើញ​សត្វព្រៃ និង​កាំភ្លើង ជាមួយ​និង​គ្រាប់ ប្រភេទ​កែ​ច្នៃ​ជា​ច្រើន​គ្រាប់ រហូត​ឈាន​ដល់​ឃាត់ខ្លួន​មនុស្ស​៤​នាក់​ភ្លាម​ៗ ។

សមត្ថកិច្ច​អាវុធហត្ថ​ស្រុក​សេ​សាន បាន​បញ្ជាក់ នៅ​ព្រឹក​ថ្ងៃនេះ​ថា ពិតជា​បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ទាំងនោះ​មែន ក្រោយ​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រាយការណ៍ សមត្ថកិច្ច​ក៏​ចុះ​ទៅ​ឃើញ​សត្វព្រៃ​ប្រភេទ​ទន្សាយគល់ និង​កាំភ្លើង រួម​ជាមួយ​គ្រាប់កាំភ្លើង​ជា​ច្រើន ដែល​ពួក​គេ​បាន​រក្សា​ទុក​នៅ​ក្នុងផ្ទះ និង​ជា​ប្រភេទ​គ្រាប់​កែ​ច្នៃ អាច​បាញ់​ជះ​ជា​អំបែង មាន​សារធាតុ​គីមី​ប្រឈម​នឹង​ហានិភ័យ​គ្រោះថ្នាក់​បំផុត ដល់​អាយុជីវិត ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំងអស់ ក្នុង​នោះ​មាន​ស្ត្រី​ម្នាក់ ត្រូវ​បាន​នាំ​ខ្លួន​ទៅ​កាន់​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ធ្វើ​កំណត់ហេតុ​តាម​នីតិវិធី ៕