រាជធានីភ្នំពេញ – ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Dai-ichi Life (Cambodia) PLC. ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេរបស់ប្រទេសជប៉ុនបានបើកការិយាល័យរបស់ខ្លួននៅក្នុងអគារ Vattanac Capital នៅថ្ងៃទី24 ខែមេសា ឆ្នាំ2019។ ក្រុមហ៊ុន Dai-ichi Life Cambodia គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ ក្រុមហ៊ុន Dai-ichi Life Holdings, Inc. (នៃទីក្រុងតូក្យូ ប្រទេសជប៉ុន) បង្កើតឡើងក្នុងឆ្នាំ1902 ហើយវាជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតរបស់ជប៉ុនដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ព្រឹត្តិការណ៍ដ៏សំខាន់នាថ្ងៃនេះ គឺមានការរួមបញ្ចូលជាមួយនឹងព្រឹត្តិការណ៍សំខាន់ៗចំនួន3 គឺពិធីបើកសម្ពោធការិយាល័យរបស់ក្រុមហ៊ុន Dai-ichi Life Cambodia កម្មវិធីសន្និសីទសារព័ត៌មាន និងការប្រកាសកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Dai-ichi Life Cambodia និងធនាគារ វឌ្ឍនៈ ដែលរៀបចំឡើងនៅសណ្ឋាគារ Rosewood ភ្នំពេញតាមរយៈការចងសម្ព័ន្ធភាពធុរកិច្ចរវាងធនាគារ វឌ្ឍនៈ និងក្រុមហ៊ុន Dai-ichi Life Cambodia អាចធ្វើឲ្យក្រុមហ៊ុន Dai-ichi Life Cambodia ប្រើប្រាស់បណ្តាញរបស់ធនាគារ វឌ្ឍនៈ និងទំនាក់ទំនងទៅអតិថិជនរបស់ខ្លួនបានកាន់តែឆាប់រហ័សឡើង។ ពិធីសម្ពោធនេះត្រូវបានបញ្ចប់ដោយអាហារពេលល្ងាច ដែលបានរៀបចំឡើងនៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។

កម្មវិធីនេះត្រូវបានផ្តួចផ្តើមឡើងដោយអគ្គនាយកនៃក្រុមហ៊ុន Dai-ichi Life Cambodia គឺលោក Allen Thai និងមានការគាំទ្រពីសំណាក់ ការិយាល័យកណ្តាល ដែលដឹកនាំដោយលោក Seiji Inagaki អគ្គនាយកក្រុមហ៊ុន Dai-ichi Life Holdings អ្នកតំណាងមកពីក្រុមហ៊ុន Dai-ichi Life ប្រទេសវៀតណាម និងមកពីការិយាល័យប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៅប្រទេសសិង្ហបុរី។ ភាពជោគជ័យនៅក្នុងកម្មវិធីបើកសម្ពោធនេះ មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អ្នកតំណាងធនាគារជាច្រើន និងអ្នកសារព័ត៌មាន ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយជាច្រើនគួរឱ្យកត់សម្គាល់។

ក្រុមហ៊ុន Dai-ichi Life Cambodia នឹងបន្តផ្តល់ជូននូវសេវាកម្មប្រកបដោយនិរន្តរភាព និងវិនិយោគនៅលើទីផ្សារដែលមានប្រជាសាស្រ្ត និងមូលដ្ឋានគ្រឹះសេដ្ឋកិច្ចរឹងមាំ ដែលសមស្របនឹងសេវាធានារ៉ាប់រងអាយុជីវិត។ ក្នុងនាមជាអ្នកនាំមុខក្នុងការផ្តល់នូវសេវាធានារ៉ាប់រងអាយុជីវិតប្រកបដោយគុណភាព ជាមួយនឹងលក្ខខណ្ឌដែលមានភាពងាយស្រួលយល់ យើងធានាថា ផលិតផល និងសេវាកម្មរបស់យើងគឺមានភាពល្អប្រសើរ និងស័ក្តិសមជាមួយនឹងតម្រូវការរបស់ប្រជាជនកម្ពុជា។

លោកជំទាវ ងួន សុខា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍នា រាត្រីសមោលសថា៖ “ខ្ញុំជឿជាក់យ៉ាងមុតមាំថាវត្តមានរបស់ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ កម្ពុជា នឹងចូលរួមចំណែកដល់ការអភិវឌ្ឍន៍វិស័យធានារ៉ាប់រងអាយុជីវិតនៅកម្ពុជាយើង តាមរយៈបទពិសោធន៍ ចំណេះដឹង ជំនាញ ដែលក្រុមហ៊ុន​ដាយ អ៊ិឈិ ឡាយហ្វ៍ មានក្នុងវិស័យធានារ៉ាប់រង​អាយុជីវិតអស់រយៈពេលជាង ១០០ ឆ្នាំ ក្នុងប្រទេសជប៉ុន។”

លោក Allen Thai អគ្គនាយក នៃក្រុមហ៊ុន Dai-ichi Life Cambodia បានមានប្រសាសន៍ថា “ប្រទេសកម្ពុជាគឺជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចដ៏លឿនមួយក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនក្នុងអាស៊ី ដែលវាកំពុងជម្រុញឱ្យមានការពង្រីកទីផ្សារធានារ៉ាប់រងអាយុជីវិតកាន់តែឆាប់រហ័សផងដែរ។ ចំណុចវិជ្ជមាននៃការវិវឌ្ឍន៍ទាំងនេះបានធ្វើឱ្យមានការកើនឡើងនូវអ្នកដែលមានប្រាក់ចំណូលកម្រិតមធ្យម ដែលតម្រូវការនៃសេវាធានារ៉ាប់រងអាយុជីវិតត្រូវបានកើនឡើង។ នេះគឺជាហេតុផលដែលក្រុមហ៊ុន Dai-ichi Life សម្រេចចិត្តចូលមកក្នុងទីផ្សារមួយនេះ ដើម្បីផ្តល់នូវការការពារ និងការសន្យំរយៈពេលវែង ដើម្បីបំពេញតម្រូវការរបស់ពួកគាត់”។

ក្រុមហ៊ុន Dai-ichi Life ពេញចិត្តក្នុងការចូលរួមចំណែកជួយដល់សហគមន៍ដែលជាកន្លែងដែលខ្លួនកំពុងមានប្រតិបត្តិការ ស្របតាមការអភិវឌ្ឍអាជីវកម្មរបស់ខ្លួន។ នេះគឺជាការជួយអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចប្រកបដោយនិរន្តភាព។ កម្មវិធីសម្ពោធក្រុមហ៊ុន Dai-ichi Life បានបញ្ចប់ទៅដោយការផ្តល់នូវប្រាក់បរិច្ចាគចំនួន50,000ដុល្លារអាមេរិក ជូនដល់អង្គការសុខភាព Japan Heart Cambodia ដែលជាអង្គការមួយដែលជួយដល់ប្រជាជនក្រីក្រ។ មូលនិធិនេះនឹងត្រូវផ្តល់ឱ្យ ដើម្បីជួយដល់កុមារកម្ពុជា ដែលជាជនរងគ្រោះនៃជំងឺមហារីក។

ក្នុងនាមជាវិនិយោគិនជប៉ុន ក្រុមហ៊ុន Dai-ichi Life មានការប្តេជ្ញាក្នុងការផ្តល់ជូននូវផលិតផល និងសេវាកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាសម្រាប់រយៈពេលវែង។ ក្រុមហ៊ុនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបម្រើ និងបំពេញតម្រូវការធានារ៉ាប់រងអាយុជីវិតជូនដល់ប្រជាជនកម្ពុជាគ្រប់រូប ដូចពាក្យស្លោករប​ស់ក្រុមហ៊ុន Dai-ichi និយាយថា “នៅក្បែរអ្នកជានិច្ច”៕