ភ្នំពេញ​ ៖ នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០១៩​នេះ មន្ត្រី​យោធា​ផ្កាយ​១ និង​ស្ត្រី​ជា​ប្រពន្ធ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​តុលាការយោធា ដើម្បី​ចាត់ការតាមច្បាប់ ពាក់ព័ន្ធ​បោក​លុយ​ពលរដ្ឋ​រាប់​ម៉ឺន​ដុល្លារ នៅ​ស្រុក​បារាយណ៍ ខេត្តកំពង់ធំ រឿង​រត់ការ​ចូល​បម្រើ​ការងារ​រដ្ឋ ​។

អ្នកនាំពាក្យ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេសបាន​បញ្ជាក់​ថា ​យើង​បាន​បញ្ជូន​ពួក​គេ​ទាំង​២​នាក់ ទៅ​កាន់​តុលាការយោធា​ហើយ ដើម្បី​ចាត់ការ​បន្ត​ទៀត​។ ការ​បញ្ជូន​ទៅ​កាន់​តុលាការយោធា ដោយសារ​ពាក់ព័ន្ធ​នឹង កងទ័ព​​ ។

សូមជម្រាបថា មន្ត្រី​យោធា​ពាក់​ផ្កាយ​១​ម្នាក់ និង​ប្រពន្ធ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចាប់​ឃាត់ខ្លួន បន្ទាប់​ពី​រង​បណ្តឹង​ពី​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ ដោយ​ចោទប្រកាន់​ថា ប្តី​ប្រពន្ធ​១​គូ​នេះ បាន​បោកប្រាស់​លុយ​ពួក​គាត់​អស់​រាប់​ម៉ឺន​ដុល្លារ​ ។

មន្ត្រី​យោធា​ផ្កាយ​១ ដែល​ត្រូវ​កម្លាំង អាវុធហត្ថ​ចាប់​ឃាត់ខ្លួន មានឈ្មោះ​ឃួ​ន សុវណ្ណ មាន​តួនាទី​ជា​នាយ​រង​អធិការដ្ឋាន​នៃ​អគ្គបញ្ជាការ​ ។ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​ដែល​ត្រូវ​ឃាត់ខ្លួន​ដែរ​នោះ មានឈ្មោះ​ទ្រី ណាត​ ។

យោង​តាម​មន្ត្រី​អាវុធហត្ថ​ជាន់ខ្ពស់ បាន​បញ្ជាក់​ឱ្យ​ដឹង​ថា លោក​ឧត្តមសេនីយ៍ ឃួ​ន សុវណ្ណ និង​ភរិយា​ឈ្មោះ​ទ្រី ណាត ដែល​ព័ត៌មាន​ខ្លះ​អះអាង​ថា ជា​មន្ត្រី​នគរបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ ដែរ​នោះ ត្រូវ​បាន​ឃាត់ខ្លួន បញ្ជូនទៅតុលាការយោធាចាត់ការ​តាម​នីតិ​វី​ធី​ ។

យោង​តាម​របាយការណ៍​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​ចាញ់បោក​ប្តី​ប្រពន្ធ​ខាងលើ ដោយ​ខ្លះ​ចាញ់បោក​ចាប់ពី​១,៥០០​ដុល្លារ ទៅ​ដល់​ជាង​៦,០០០​ដុល្លារ​ឯណោះ ដោយ​បុគ្គល​ទាំង​២​នាក់​ប្តី​ប្រពន្ធ​នេះ បាន​អះអាង​ថា នឹង​រត់ការ​ឱ្យ​កូនចៅ​របស់​ពួក​គាត់​បាន​ចូល​ធ្វើ​ជា​នគរបាល ជា​ទាហាន ជា​ប៉េ​អឹ​ម និង​ជា​គ្រូបង្រៀន​…​ជាដើម​។ យ៉ាងណា​ក្តី ទំហំ​ទឹកប្រាក់​ដែល​ប្រជាពលរដ្ឋ​ចាញ់បោក​ប្តី​ប្រពន្ធ​ទាំង​២​នាក់​ខាងលើ នៅ​មិន​ទាន់​អាច​បញ្ជាក់​ពិតប្រាកដ​នៅឡើយ គ្រាន់តែ​ដឹង​ថា មាន​ចន្លោះ​ប្រមាណ​១០​ម៉ឺន​ដុល្លារ ទៅ​២០​ម៉ឺន​ដុល្លារ​ ។

ដោយឡែក ប្រភព​ព័ត៌មាន​ពី​ខេត្តកំពង់ធំ បានឱ្យ​ដឹង​ថា មូលហេតុ​ដែល​ក្រុម​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់ ធ្លាក់ខ្លួន​លង់​ជឿ និង​ចាញ់ល្បិច​ឆបោក​របស់​ប្តី​ប្រពន្ធ​ទាំង​២​នាក់​ខាងលើ គឺ​ដោយសារ​តែ​ប្តី​ប្រពន្ធ​នេះ ធ្លាប់​បាន​ចុះ​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ នៅ​តាម​តំបន់​ដាច់​ស្រយាល​ជា​ច្រើន​លើក ​ច្រើន​សា​មក​ហើយ ជា​ហេតុ​ធ្វើ​ឱ្យ​ក្រុម​ប្រជាពលរដ្ឋ​ឃើញ ជឿ​ទុកចិត្ត និង​ពឹងពាក់ រហូត​ដល់​លង់ខ្លួន​លក់​គោ លក់​ក្របី លក់​ស្រែ យក​លុយ​មក​ឱ្យ​ប្តី​ប្រពន្ធ​ខាងលើ រត់ការ​ឱ្យ​កូនចៅ​បាន​ចូល​ធ្វើ​ការងារ​រដ្ឋ​ ៕