ខេត្តកំពង់ចាម៖ លោកវរសេនីយ៍ឯក ឯក ប៉ាក់ដន អធិការនគរបាលស្រុកកំពង់សៀម ត្រូវបានលោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម សម្រេចបញ្ឈរជើង តាមរយៈលិខិតបង្គាប់ការចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ករណីប្រើអំពើហិង្សាលើពលរដ្ឋ “វៃសន្លប់រួចចាក់ទឹកដូចសត្វធាតុ” ។

ការសម្រេចដកបញ្ឈរជើងលោកវរសេនីយ៍ឯក ឯក ប៉ាក់ដន ដន អធិការនគរបាលស្រុកកំពង់សៀម នេះ ក្រោយពីមានដីការបង្គាប់ឲ្យបើកការស៊ើបអង្កេតរបស់លោក ហួត វុទ្ធី តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Bun Them បានសរសេរបង្ហោះខ្លឹមសារថា៖ «កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង៣និង៣៧នាទី ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋម្នាក់ រស់នៅភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម សូមឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម ជួយរកយុត្តិធម៌ជូនបងប្រុសខ្ញុំផង តើឲ្យពួកគាត់បានរស់នៅយ៉ាងណា បើគ្រាន់តែបងប្រុសរបស់ខ្ញុំប្រកែកពាក្យសម្តីជាមួយគ្នាបន្តិច គាត់មកផ្ទះវិញហើយមិនទាន់ដល់ផ្ទះផង ស្រាប់តែអធិការស្រុកកំពង់សៀម លោក ឯក ប៉ាន់ដន មកចាប់បងប្រុសខ្ញុំវាយ ហើយបញ្ជូនមកស្រុក វាយចាក់ទឹកសន្លប់ពីរដង ហើមគ្រប់កន្លែង ឥឡូវដេកពេទ្យហើយនៅមន្ទីរពេទ្យ 7D។ ហេតុអ្វីលោកអធិការនគរបាលស្រុកកំពង់សៀមធ្វើបាបបងប្រុសខ្ញុំដល់ថ្នាក់នេះ? ។

ករណីនេះ ប្រសិនបើលោកវរសេនីយ៍ឯក ឯក ប៉ាក់ដន អធិការនគរបាលស្រុកកំពង់សៀម បានប្រើអំពើហិង្សាវាយធ្វើបាបប្រជាពលរដ្ឋឲ្យរងរបួសជាំហើមពេញរាងកាយ ពិសេសវៃសន្លប់រួចចាក់ទឹកដូចសត្វធាតុ ប្រាកដមែននោះ មិនត្រូវឲ្យរួចខ្លួនទទេៗឡើយ គឺតុលាការត្រូវផ្ដន្ទាទោសឲ្យបានធ្ងន់ធ្ងរ ទុកជាគំរូដល់ពួកមន្រ្តីមានអំណាច បុណ្យសក្កិផ្សេងៗទៀត ដែលចូលចិត្តប្រើអំពើហិង្សាវាយធ្វើបាបប្រជាពលរដ្ឋ តាមតែក្បាលចិត្តរបស់ខ្លួន គ្មានដឹងខុសត្រូវ និងច្បាប់ទម្លាប់អ្វីសោះនោះ៕