រាជធានីភ្នំពេញ៖ នាថ្ងៃទី២៤ មេសា ឆ្នាំ២០១៩នេះ កម្លាំងសមត្ថកិច្ចបានបញ្ជូនពួកឧក្រិដ្ឋជនជនជាតិចិន៣នាក់ ដែលពាក់ព័ន្ធអំពើឧក្រិដ្ឋចាប់បង្ខាំងរំលោភ និងជំរិតទារប្រាក់ពីស្ត្រីជនជាតិចិនដូចគ្នា មកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ នៅព្រឹកថ្ងៃទី២៤ មេសា ឆ្នាំ២០១៩នេះ ។

ក្រុមឧក្រិដ្ឋជនទាំង៣នាក់នេះ ទី១ ឈ្មោះ Guo Yuwei អាយុ៣១ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EE2952223 ។ ទី២ ឈ្មោះ Li Xiaoxiang អាយុ២៧ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EE2962687 ។ ទី៣ ឈ្មោះ Li Hongjie អាយុ៣២ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EE 9458762 ។
វត្ថុតាងចាប់យករួមមាន ៖ ទូរសព្ទ័ដៃមួយគ្រឿង (របស់ជនរងគ្រោះ), រថយន្តម៉ាក Starex ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 2AX-8067 (រថយន្តជនល្មើសជិះធ្វើសកម្មភាព)។

ចំណែកជនរងគ្រោះមានចំនួន ៥នាក់ ទី១ ឈ្មោះ Xiang kai pi ទី២ ឈ្មោះ Chen Sihong ទី៣ ឈ្មោះ Huang Shuang Giong ទី៤ ឈ្មោះ peng Lin hui ទី៥ ឈ្មោះ Hua. Na (លិខិតឆ្លងដែនទុកនៅភ្នំពេញ)។
ករណីឧក្រិដ្ឋចាប់បង្ខាំងរំលោភ និងជំរិតទារប្រាក់ពីស្ត្រីជនជាតិចិនដូចគ្នានេះ បានកើតឡើងកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ នៅចំណុចហាងផាតឌីង ផ្លូវលេខ១១០ ភូមិចុងថ្នល់លិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

មុនពេលកើតហេតុ មានបុរសជនជាតិចិន១ក្រុម មានគ្នា៥នាក់ នាំនារីរងគ្រោះយកមកពីហាងបាយ ថាងទីង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងបានចូលច្រៀងខារ៉ាអូខេ យីហោ តុងហ្វាំងម៉េងជូ។ ពួកជនសង្ស័យ បានបើករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខ្មៅ គ្មានស្លាកលេខ ដឹកនារីរងគ្រោះ ចេញពីភ្នំពេញឡើងភ្នំ (អត់ស្គាល់) រួចដកយកប្រាក់ពីនារីរងគ្រោះផ្ទេរតាមទូរស័ព្ទ (WeChat) សរុបនារីទាំង៥នាក់ ជាង៤ពាន់ដុល្លារ។

បន្ទាប់មក ពួកគេបានរំលោភនារីរងគ្រោះក្នុងរថយន្ត និងក្បែរស្រះទឹកមិនស្គាល់ទីតាំង។ ក្នុងនោះឈ្មោះ Huang Shuang Giong មិនត្រូវបានក្រុមជនសង្ស័យរំលោភទេ។ លុះមកដល់ក្រុងកំពត នៅម៉ោងប្រមាណ៥ភ្លឺស្រាងៗ ក្រុមជនល្មើសបានទាញជនរងគ្រោះចេញពីរថយន្តចំនួន៣នាក់ គឺឈ្មោះ Xiang kai pi, Chen Sihong និង Huang Shuang Giong ដោះលែងឲ្យត្រឡប់ទៅផ្ទះវិញ។ ចំណែកនារីរងគ្រោះ peng Lin hui និង Hua. Na ត្រូវបានជនសង្ស័យដឹកយកទៅជាមួយពួកគេបន្តទៀត តាមរថយន្តបើកតាមបណ្តោយមាត់ព្រែកឆ្ពោះ ទៅជើងសំដៅស្ពានថ្មី រហូតទៅដល់ក្រុងព្រះសីហនុ នៅក្នុងសណ្ឋាគារមួយ ទើបកម្លាំងសមត្ថកិច្ចចាប់ខ្លួនបាន និងរំដោះស្រីរងគ្រោះទាំង២នាក់ផងដែរ៕