រាជធានីភ្នំពេញ៖ យោងតាមពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋជាច្រើននាក់ រស់នៅក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស បានឃាត់ខ្លួនលោកឧត្តមសេនីយ៍ត្រីយោធាម្នាក់ និងប្រពន្ធជាមន្ដ្រីនគរបាលជាន់ខ្ពស់ ពីបទឆបោកប្រាក់រាប់ម៉ឺនដុល្លារ ថ្លៃរត់ការចូលបម្រើការងាររដ្ឋ ដូចជា នគរបាល ទាហាន និងគ្រូបង្រៀនជាដើម ។
ជនសង្ស័យជាប្ដី គឺលោកឧត្តមសេនីយ៍ត្រី ឃួន សុវណ្ណ មានតួនាទីជានាយករងអធិការដ្ឋាន នៃអគ្គបញ្ជាការ និងប្រពន្ធ ឈ្មោះ ទ្រី ណាត ជាមន្ដ្រីនគរបាលជាន់ខ្ពស់ នៅក្រសួងមហាផ្ទៃ ត្រូវបានចាប់ខ្លួន និងកំពុងសាកសួរ ដើម្បីចាត់វិធានការទៅតាមនីតិវិធី ។

នេះយោងតាមប្រភពព័ត៌មានពីមន្ដ្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងនៅថ្ងៃអង្គារ ៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ។
ប្រភពពីមន្ដ្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងទៀតថា មុននឺងឈានទៅការបោកលុយបានជាប្រពន្ធ័ក្នុងភូមិបាណក់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ នោះ ប្តីប្រពន្ធ២នាក់នេះ បានដើរតួតាមរយៈសកម្មភាពមនុស្សធម៌ ចែកអំណោយអាយកូមវិទ្យុរទាក់ទង ឲ្យប្រជាការពារ ម្នាក់១គ្រឿង លុយ២០ដុល្លារ និងឯកសណ្ឋានប្រជាការពារ១កំផ្លេរម្នាក់ ហើយធ្វើសកម្មភាពចុះសួរសុខទុក្ខ ចែកអំណោយ ដល់ចាស់ៗក្រីក្រដល់អ្នកភូមិមួយចំនួននៅក្នុងស្រុកបារាយណ៍ និងបានបង្ហាញរូបថតselfie របស់ខ្លួនជាមួយថ្នាក់ដឹកនាំកំពូលៗ ដើម្បីឲ្យអ្នកភូមិជឿថា ខ្លួនជាមនុស្សល្អ ជាអ្នកធំ មានលុយ មុខមាត់ពិតៗ ។ បន្ទាប់មក បុគ្គលទាំងពីរនាក់ប្ដីប្រពន្ធនេះ បានឃោសនាបោកប្រាស់ប្រជាពលរដ្ឋរស់នៅក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ ធានារត់ការនាំកូនចៅប្រជាពលរដ្ឋឲ្យចូលធ្វើជាមន្ត្រីនគរបាល ជាទាហាន ជាអាវុធហត្ថ និងគ្រូបង្រៀនជាដើម ជាថ្នូរនឹងលុយសរុបច្រើនម៉ឺនដុល្លារ រួចស៊ីដាច់តែម្ដង។

ក្រោយមក មានប្រជាពលរដ្ឋចំនួន១៨នាក់ បាននាំមកដាក់ពាក្យបណ្តឹងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថផ្ទៃប្រទេស ប្តឹងឈ្មោះ ឃួន សុវណ្ណ មានមុខរបរជាមន្ត្រីយោធា ពាក់ផ្កាយ១ នាយករងអធិការកិច្ច អគ្គបញ្ជាការ ពីបទឆបោកប្រាក់រាប់ម៉ឺនដុល្លារ ថ្លៃរត់ការចូលបម្រើការងាររដ្ឋ ដូចជា នគរបាល ទាហាន និងគ្រូបង្រៀនជាដើម។ បន្ទាប់មកទៀត ក៍ប្រជាពលរដ្ឋចំនួន ជាង២០នាក់ ក៏បានដាក់ពាក្យបណ្តឹងស្រីជាប្រពន្ធឈ្មោះ ទ្រី ណាត់ ពីករណីឆបោកនេះដែរ ។

ជនសង្ស័យជាប្ដី ឈ្មោះ ឃួន សុវណ្ណ យករូបភាពប្តីមានងារជាឯកឧត្តម ផ្កាយ១ បោកប្រាស់ខាងចូលបំរើកងទ័ព ។ ចំណែកប្រពន្ធឈ្មោះ ទ្រី ណាត វិញ ដើរតួរជាជំទាវ ផ្កាយ៣ (អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ) និងថាខ្លួនជាខ្សែថ្នាក់ដឹកនាំកំពូល បោកប្រាស់ខាងជ្រើសរើសប៉ូលិស គ្រូបង្រៀន គឺចង់ចូលធ្វើការក្រសួងណា ក៍ជួយបានទាំងអស់ សំខាន់ឲ្យតែមានលុយដល់ដៃ។
ប៉ុន្ដែនៅទីបំផុត ពលរដ្ឋរងគ្រោះទាំងនោះ ខ្លះលក់គោក្របី និងដីស្រែចំការ ដើម្បីយកលុយទៅសូកឲ្យពួកគេទាំងពីរនាក់ប្ដីប្រពន្ធ រត់ការចូលបម្រើការងាររដ្ឋនោះ បានត្រឹមតែយំស្រែកប៉ុណ្ណោះ ៕