ភ្នំពេញ៖ ម៉ូតូរបស់ជនសង្ស័យមួយគ្រឿង ត្រូវបានសម្ថកិច្ចយកទៅរក្សាទុក បន្ទាប់ពីជនសង្ស័យម្នាក់បានជិះទៅធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីជាបុគ្គលិកខារ៉ាអូខេសំរិទ្ធពេជ្រពីរនាក់ បានសម្រេចបណ្តាលឲ្យដួលម៉ូតូ ជនសង្ស័យក៏ងើបរត់ចោលម៉ូតូបាត់ទៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ត្រង់ចំណុចខាងខារ៉ាអូខេប៊េះស្តារ តាមបណ្ដោយផ្លូវ៥៩៨ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ជនរងគ្រោះមានឈ្មោះម៉ៅ ស្រីណាវ ភេទស្រី អាយុ២៩ឆ្នាំ ជាបុគ្គលិកខារ៉ាអូខេសំរិទ្ធពេជ្រ មានស្រុកកំណើតនៅភូមិត្រពាំងត្រាវ ឃុំគោកចក ស្រុកកំពង់ត្របែក ខេត្តកំពង់ចាម។
តាមប្រភពពីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ និងនារីជាមិត្តភក្តិម្នាក់ទៀតបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាវ៉េវពណ៌ខ្មៅ បានជិះដឹកគ្នាចេញពីកន្លែងធ្វើការបំរុងទៅផ្ទះនៅត្រឡោកបែក ដោយជនរងគ្រោះអង្គុយខាងក្រោយ បានធ្វើដំណើរតាមបណ្ដោយផ្លូវ៥៩៨ ក្នុងទិសដៅពីជើងទៅត្បូង។

លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់លេចមុខជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាប៊ីត ពណ៌សលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1HE-0885 ជិះមកពីក្រោយម៉ូតូជនរងគ្រោះ។ រួចជនសង្ស័យក៏បានធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃមួយគ្រឿងពីជនរងគ្រោះ ដែលកាន់នៅនិងដៃ បណ្តាលឲ្យម៉ូតូរបស់ជនរងគ្រោះនិងរបស់ជនសង្ស័យដួលទៅផ្លូវទាំងពីរគ្រឿង ។

ភ្លាមៗនោះដោយជនសង្ស័យភ័យស្លន់ស្លោ ក៏ស្ទុះងើបយកទូរស័ព្ទរបស់ជនរងគ្រោះរត់ឡើងជិះម៉ូតូរបស់បក្ខពួកមួយគ្រឿងទៀត មិនចាំម៉ាកជិះរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកម៉ូតូមួយគ្រឿងខាងលើ នៅកន្លែងកើតហេតុប៉ណ្ណោះ។

ចំណែកទូរស័ព្ទដៃរបស់ជនរងគ្រោះដែលជនសង្ស័យឆក់យកទៅ ម៉ាកសាំសុងជេហ្វ័រផ្លើស និងមានលុយជាប់នៅក្នុងសំបកទូរស័ព្ទចំនួន ២០ដុល្លារផងដែរ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់កន្លែងកើតហេតុ រួចក៏បាននាំជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ចំណែកឯម៉ូតូជនសង្ស័យសមត្ថកិច្ចយកទៅរក្សាទុករងចាំធ្វើកាស្រាវជ្រាវចាប់ជនសង្ស័យមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕