ខេត្តស្វាយរៀង៖ រថយន្តដឹកហ្គាសមួយគ្រឿង ទំនងអ្នកបើកបរងងុយដេកងោកមួយភាំង ស្រាប់តែរេចង្កូតបុករះខឿនថ្មពុះចែកទ្រូងផ្លូវ រូបគោ៤ ផ្លូវចូលក្រុងស្វាយរៀងបាក់ខ្ទេច បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋ រស់នៅតាមដងផ្លូវជាតិលេខ១ ទាំងព្រលឹមតែម្ដង ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤និង១២នាទី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ត្រង់ចំណុចខឿនថ្មរង្វង់មូលរូបគោ៤ ស្ថិតក្នុងភូមិរូបគោ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ។
សាក្សីនៅក្បែកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តដឹកហ្គាសមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣B ៨៧៥៨ បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរពីទិសខាងលិចទៅកើត តាមបណ្ដោយផ្លូវជាតិលេខ១ ។

លុះដល់ចំណុចកើតហេតុ ទំនងជាអ្នកបើកងងុយដេក ងោកមួយភាំង ស្រាប់តែរេចង្កូតបុករះខឿនថ្មពុះចែកទ្រូងផ្លូវរង្វង់មូលរូបគោ៤បាក់ដែកបង្កាន់ដៃស្លាកចំណាំងផ្លាត ភ្លើងសញ្ញាចរាចរណ៍ខ្ទេចរាបដល់ដី ។ តែយ៉ាងណា មិនបានបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះទេ ។ ភ្លាមៗនោះ អ្នកបើកបររថយន្តបង្ក បានចុះពីរថយន្តរត់គេចខ្លួនបាត់ស្រមោលតែម្ដង ។

ក្រោយកើតហេតុប្រមាណជាកន្លះម៉ោង សមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅវាស់វែង និងអូសរថយន្តដឹកហ្គាសនោះ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដើម្បីរង់ចាំម្ចាស់មកចូលខ្លួនធ្វើការដោះស្រាយនៅពេលក្រោយ ៕