ភ្នំពេញ ៖ លោក ជា សុវណ្ណ​ថេ​ត ព្រះរាជអាជ្ញា​រង​ខេត្តកំពង់ធំ​ត្រូវ​បាន ក្រសួងយុត្តិធម៌ បាន​សម្រេច​ចេញ​លិខិត​ផ្អាក​មុខងារ​លោក ជា សុវណ្ណ​ថេ​ត ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង ខេត្តកំពង់ធំ ជា​បណ្តោះអាសន្ន ពាក់ព័ន្ធ​នឹង​ករណី​ចោទប្រកាន់​ពី​បទ ផ្តើមគំនិត​ក្នុង​អំពើ​ឈូស​ឆាយ​ព្រៃ​លិច​ទឹក និង​ព្រៃកោងកាង ។

បើ​យោង​តាម​លិខិត​របស់ ក្រសួងយុត្តិធម៌​ដែល​យើង​ទទួល​បាន នៅ​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០១៩ ផ្ញើ​ជូន​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ធំ បាន​បញ្ជាក់​ថា ក្រសួងយុត្តិធម៌​បាន​ទទួល​នូវ​លិខិត​ចុះ​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០១៩ របស់​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ធំ ជូនដំណឹង​ស្តី​អំពី​ការ​ចោទប្រកាន់​លើ​ឈ្មោះ ជា សុវណ្ណ​ថេ​ត ព្រះរាជអាជ្ញា​រង​ពី​បទ​ផ្តើមគំនិត​ក្នុង​អំពើ​កាប់​ឆ្ការ​គាស់ ឈូស​ឆាយ​ព្រៃ​លិច​ទឹក និង​ព្រៃកោងកាង ឬ​ហ៊ុម​ព័ទ្ធ​កាន់កាប់​ព្រៃ​លិច​ទឹក និង​ព្រៃកោងកាង ប្រព្រឹត្ត​នៅ​ចំណុច​បឹង​អា​ត្រា​ព្រួល ភូមិ​ទួល​នាង​សាវ ឃុំ​ផាត់​សណ្តាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ កាលពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០១៩ បទល្មើស​ព្រហ្មទណ្ឌ​ដែល​មាន​ចែង​ឲ្យ​ផ្ដន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​២៨ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា​៩៨ នៃ​ច្បាប់​ស្តី​ពី​ជលផល ។

ពាក់ព័ន្ធ​ករណី​នេះ អ្នក​សារ​ព័​ទ៌​មាន​យើង​ពុំ​ទាន់​អាច​សុំ​ការ​បញ្ជាក់​ពី​លោក​ព្រះរាជអាជ្ញា​រង ជា សុវណ្ណ​ថេ​ត បាន​នៅឡើយ​ទេ ដោយសារ​ទូរស័ព្ទ​ដៃ​របស់​លោក ហៅ​ចូល គ្មាន​អ្នក​ទទួល ។

សូម​រម្លឹក​ថា ដី​ព្រៃ​លិច​ទឹក និង​ដី​ជម្រក​ត្រី​ពង​កូន​ខាងលើ​នេះ ត្រូវ​បាន​គេ​បំផុស​ឱ្យ​មាន​ចលនា​ចុះ​ទៅ​ឈូស​ឆាយ​កាលពី​ថ្ងៃ​ទី​១៣ ខែមេសា កន្លង​ទៅ​នេះ ។ ដី​នោះ​ដែល​គេ​ឈូស​ឆាយ​រំលោភ​យក​នោះ​មាន​ទំហំ​ប្រមាណ​ជា ១០​ហិ​កតា​។​ចលនា​ឈូស​ឆាយ​ទន្ទ្រាន​យក​ដី​ព្រៃ​លិច​ទឹក និង​ដី​ត្រី​ពង​កូន​នៅ​ជុំវិញ​តំបន់​បឹង​ទន្លេសាប កំពុង​មាន​សកម្មភាព​ផុលផុស​ខ្លាំង រហូត​ដល់​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០១៩ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត បាន​ចុះ​ទៅ​ឃាត់ខ្លួន​មនុស្ស​ចំនួន​០៩​នាក់ រួម​ជាមួយ​គ្រឿងចក្រ​ជា​ច្រើន​គ្រឿង ខណៈ​ពួក​គេ​កំពុង​ធ្វើ​សកម្មភាព​ឈូស​ឆាយដី​ព្រៃ​លិច​ទឹក​ដែល​ជា​សម្បត្តិ​របស់​រដ្ឋ ។ បច្ចុប្បន្ន​មនុស្ស​ទាំង​អស់នោះ​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​ហើយ ៕