រាជធានីភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ត្រូវកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ភ្នំពេញថ្មី ឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់មានលុយ២០.០០០រៀល និងទូរស័ព្ទដៃ (អិនចុចពិល)០១គ្រឿង បានសម្រេច ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៩ យប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ នៅតាមផ្លូវលេខ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ជនសង្ស័យ ឈ្មោះ សូត្រ លាងហេង អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ ចំណែកជនរងគ្រោះមានឈ្មោះ សុខ ជាតា ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរចុងភៅ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

សម្ដីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានដើរចេញពីបន្ទប់ជួលរបស់ខ្លួនជាមួយមិត្តភក្កិក្នុងគោលបំណងទីហូបអីនៅផ្សារអ៊ីអន២ ដោយធ្វើដំណើរតាមផ្លូវ១៩២៨ ។លុះទៅដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យចំនួន២នាក់ ជិះម៉ូតូ០១គ្រឿង មកជិតជនរងគ្រោះ រួចធ្វើសកម្មភាពឆក់យកកាបូបប្រាក់ពីជនរងគ្រោះ តែភ្លាមៗនោះ ជនរងគ្រោះស្រែកថា ចោរៗ ធ្វើឲ្យជនសង្ស័យភិតភ័យជិះម៉ូតូទៅបុកម៉ូតូកង់បីឥណ្ឌាមួយគ្រឿង បណ្តាលឲ្យដួលម៉ូតូ ។

ភ្លាមនោះដែរ កម្លាំងល្បាតរបស់អធិការដ្ឋានបានល្បាតដល់ចំណុចកើតហេតុ ក៍ឃាត់ខ្លួនជនសង្ស័យបានម្នាក់មកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រួចជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ។ ចំណែកបក្ខពួកជនសង្ស័យម្នាក់ទៀតឈ្មោះ រុន បានគេចខ្លួនបាត់ ។
វត្ថុតាងចាប់យក ៖កាបូបយួរដៃពណ៌ផ្កាឈូក ចំនួន០១ ក្នុងនោះមានលុយ ២០.០០០រៀល និងទូរស័ព្ទដៃ (អិនចុចពិល)០១គ្រឿង ប្រគល់ជនរងគ្រោះវិញ , ម៉ូតូ០១គ្រឿង ម៉ាកនិច ពណ៌ស ផលិតឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញ 1GE-2912 របស់ជនសង្ស័យ ។
ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធី ៕