ភ្នំពេញ៖ នារីម្នាក់ដែលគេស្គាល់ថាជានិសិត្សពេទ្យបានចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ជួលសង្ស័យថាជាករណីឃាតកម្ម បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ក្នុងបន្ទប់ជួលជាន់ទី៦ ស្ថិតនៅតាមបណ្តោយផ្លូវ៤៨៨ ជិតនិងសាលារៀនប៊ែលធី សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

នារីដែលចងកសម្លាប់ខ្លួនមានឈ្មោះ ខន ស្រីនិន អាយុ២៣ឆ្នាំ មុនរបរអ្នកគិតលុយនៅហាងភីហ្សាមួយកន្លែង និងជានិសិត្សពេទ្យ ស្នាក់នៅកន្លែងកើតហេតុខាងលើ មានស្រុកកំណើតនៅស្រុកត្រាំកក់ ខេត្តតាកែវ ។

ប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋដែលរស់នៅជិតខាងបានឲ្យដឹងថា មុនពេលកើតហេតុបុរសជាសន្តិសុខ និងសាច់ញាតិ ជនរងគ្រោះម្នាក់បានទៅចាក់សោបន្ទប់ជួលរបស់ជនរងគ្រោះ ក៏ស្រាប់តែប្រទះឃើញនាងបានចងកសម្លាប់ខ្លួននៅនឹងចម្រឹងបង្អួចដោយមានឈាម ហូរចេញតាមច្រមុះ បន្តិចក្រោយមកក៏ស្រាប់តែសមត្ថកិច្ច មូលដ្ឋាន និងជំនាញផ្សេងៗ ទៅដល់បាននាំគ្នាដេញបងប្អូនចេញ ហើយធ្វើការស្ងាត់ៗបិទជិត ព្រមទាំងមានការខ្សឹបខ្សៀវ គ្នាជាមួយម្ចាស់ផ្ទះទៀតផង សង្ស័យថាជាករណី ឃាតកម្ម សម្លាប់បំបិទមាត់ ។

ប្រភពបានបន្តទៀតថា ពេលអ្នកយកព័ត៌មានចុះទៅកន្លែងកើតហេតុ ដើម្បីថតរូបភាពស្រាប់តែសមត្ថកិច្ចមូលដ្ឋាន បិទទ្វារជិតឈឹងតែម្តង ហើយបានហៅរថយន្តមកដឹកយកសពជនរងគ្រោះ ទាំងសភាពប្រញាប់ប្រញាល់ ដូចជាត្រូវគ្នាជាមួយនិងម្ចាស់ផ្ទះ ដោយមិនបានប្រាកដថាជាករណីអ្វីឡើយ ដោយគ្រាន់តែដឹងថាសពជនរងគ្រោះ ដឹកយកទៅធ្វើបុណ្យនៅខេត្តតាកែវ ។
ចំពោះករណីខាងលើនេះ ម្ចាស់ផ្ទះជួល និងសមត្ថកិច្ចព្យាយាមលាក់លៀមព័ត៌មានមិនហ៊ាននិយាយអ្វីទាំងអស់ គ្រាន់តែពិនិត្យរួចដឹកសពចេញតែម្តង ៕