ភ្នំពេញ ៖ លោក​ជំទាវ អ៊ុ​ង​សាន ស៊ូ​ជី មេដឹកនាំ​មី​យ៉ា​ន់​ម៉ា ដែល​មាន​តួនាទី​ជាទី​ប្រឹក្សា​រដ្ឋ​មី​យ៉ា​ន់​ម៉ា និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស​មី​យ៉ា​ន់​ម៉ា នឹង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​ចុង​ខែមេសា ឆ្នាំ​២០១៩ នេះ ។

នេះ​ជា​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​លើក​ដំបូង​របស់​លោក​ជំទាវ អ៊ុ​ង​សាន ស៊ូ​ជី មក​កាន់​ប្រទេស​កម្ពុជា ចាប់តាំងពី​លោកស្រី ឡើង​កាន់​តំណែង​កំពូល​របស់​ប្រទេស​ភូមា ចាប់តាំងពី​ឆ្នាំ​២០១៦ ។

ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង (NUM) នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា នៅ​ថ្ងៃ​ទី​២៥ មេ​សា សម្តេច​នឹង​ដឹកនាំ​គណៈប្រតិភូ ទៅ​ចូលរួម​វេទិកា​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ លើក​ទី​២ នៅ​ទីក្រុង​ប៉េ​កាំ​ង ប្រទេស​ចិន ដោយ​ក្នុង​វេទិកា​នោះ ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​លោក​ជំទាវ អ៊ុ​ង​សាន ស៊ូ​ជី រួម​ទាំង​មេដឹកនាំ​ជា​ច្រើន​ផ្សេង​ទៀត ។ នៅ​ថ្ងៃ​ទី​២៩ មេ​សា សម្តេច និង​លោក​ជំទាវ អ៊ុ​ង​សាន ស៊ូ​ជី ត្រូវ​ហោះ​ត្រង់​ពី​ប៉េ​កាំ​ង មក​កាន់​ភ្នំពេញ ដោយ​លោក​ជំទាវ អ៊ុ​ង​សាន ស៊ូ​ជី នឹង​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​កម្ពុជា​នៅ​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៩ ។

សូម​ជម្រាប​ថា កាលពី​អំឡុង​ខែកុម្ភៈ ឆ្នាំ​២០១៧ កន្លង​មក ប្រធានាធិបតី​មី​យ៉ា​ន់​ម៉ា លោក ធិ​ន ច ក៏​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ក្នុង​គោលបំណង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ ។ ហើយ​ដំណើរ​ទស្សនកិច្ច​របស់​លោក ប្រាក់ សុ​ខុន ទៅ​មី​យ៉ា​ន​ម៉ា​កាលពី​ថ្ងៃ​ទី​១០-១១​កក្កដា ដើម្បី​ឆ្លើយ​តប​នូវ​ទំនាក់ទំនង​ទ្វេភាគី​លើ​គ្រប់​វិស័យ​បន្ថែម​ទៀត ដើម្បី​ស្វែងរក​យន្តការ​នានា ក្នុង​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ដែល​មាន​ស្រាប់ នៅ​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី​និង​ពហុភាគី​រវាង​ប្រទេស​ទាំង​ពីរ ៕