រាជធានីភ្នំពេញ៖ បុរសម្នាក់ខឹងប្រពន្ធមិនឲ្យលុយទិញថ្នាំញៀនជក់ ស្រាប់តែបែកគំនិតយកកាំបិតចិតបន្លែគំរាមអារ.កសម្លាប់ និងយកដែកបំពង់ទីបមូលវ៉ៃ ទៅលើរាងកាយប្រពន្ធជាច្រើនកន្លែង ចំផ្ទៃមុខ ដងខ្លួន ដៃជើង ដាច់ជាំគ្រប់កន្លែង ។
ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៧ព្រឹកថៃ្ងព្រហស្បតិ៍ ១៤កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ស្ថិតនៅភូមិត្រពាំងស្វាយ សង្កាត់ព្រៃវែងខណ្ឌដង្កោ ។

ជនសង្ស័យឈ្មោះ នៅ ចរិយា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ។ ចំណេកជនរងគ្រោះ ត្រូវជាប្រពន្ធ ឈ្មោះ ចាន់ សុភ័ក្ត្រ ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រ មានទីលំនៅភូមិសង្កាត់កើតហេតុ ។ វត្ថុតាងដែលចាប់យករួមមាន៖ ដែកទីបមូលប្រវែង ៣៣ សង់ទីម៉ែត្រមួយដើម និងកូនកាំបិតចិតបន្លែមួយ ។
មន្ត្រីនគរបាលខណ្ឌដង្កោ បានឲ្យដឹងថា កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ៨និង៣០នាទី ជនរងគ្រោះ ជនសង្ស័យ បានសួររកលុយពីជនរងគ្រោះទៅទិញថ្នាំញៀនជក់ ហើយជនរងគ្រោះក៏បានឆ្លើយថា មានពីរម៉ឺនរៀល តែជនសង្ស័យបានតបវិញថា ខ្លួនឃើញជនរងគ្រោះមានចំនួន១០ម៉ឺនរៀល ហើយនៅតែសួរជីកឬសជីកគល់រកលុយចំនួន១០ម៉ឺនរៀលនោះ។

លុះដល់វេលាម៉ោង ១១និង២០នាទីថ្ងៃដដែល ជនសង្ស័យបានយកកូនកាំបិតចិតបន្លែតូច មកគំរាមអារ.កសម្លាប់ជនរងគ្រោះ រួចយកដែកទីបមូលវ៉ៃ ទៅលើរាងកាយជនរងគ្រោះជាច្រើនកន្លែង ចំផ្ទៃមុខ ដងខ្លួន ដៃជើង ដាច់ជាំគ្រប់កន្លែង ពេលនោះក៏មានបងប្អូនខាងជនសង្ស័យ ចូលមកជួយឃាត់ ។

លុះវេលាម៉ោង៧ព្រឹក ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ មានប្រជាពលរដ្ឋជិតខាងរាយការណ៍ជូនកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលព្រៃវែង កម្លាំងនគរបាលប៉ុស្តិ៍បានចុះទៅជួយធ្វើអន្តរាគមន៍ ប៉ុន្តែពេលទៅដល់ផ្ទះកើតហេតុ ជនសង្ស័យបានបិទទ្វារផ្ទះពីខាងក្នុង មិនព្រមបើកឲ្យសមត្ថកិច្ចចូទេ រហូតដល់វេលាម៉ោង ០៨និង០០នាទី ទើបសមត្ថកិច្ចបើកទ្វារផ្ទះចូលបាន និងឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃវែង ដើម្បីចាត់តាមនីតិវិធីច្បាប់។
ជនសង្ស័យបានឆ្លើយសារភាពថា រូបគេត្រូវការយកលុយទៅទិញគ្រឿងញៀន ហើយខ្លួនពិតជាបានប្រើហិង្សាទៅលើជនរងគ្រោះជាប្រពន្ធប្រាកដមែន ៕