ខេត្តតាកែវ ៖ មន្ត្រី​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ របស់​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ប្រាប់​ទៅ​ប្រធាន​ពេទ្យសត្វ នៅ​តាម​បណ្ដា​ខេត្ត​-​ក្រុង នៃ​ប្រទេស​កម្ពុជា​ទាំងអស់ ឲ្យ​បិទ​ការ​នាំ​ចូល​សត្វ​ជ្រូក និង​ផលិតផល​ចេញពី​សាច់​ជ្រូក ដូច​ជា​សាច់ក្រក​ជាដើម ពី​ប្រទេស​វៀតណាម មក​កម្ពុជា​ចាប់ពី​ពេល​នេះ បន្ទាប់​ពី​វៀតណាម​មាន​ជ្រូក​កើតជំងឺ ។

ក្រោយ​ពី​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​ប្រកាស​បិទ​ការ​នាំ​ចូល​ជ្រូក​ពី​ប្រទេស​វៀតណាម​ទាំងស្រុង ទោះបី​នៅ​ក្នុង​លក្ខខណ្ឌ​ណា​ក៏​ដោយ លោក ថៃ លី ប្រធាន​ការិយាល័យ​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តតាកែវ បាន​ចាត់វិធានការ​ណ៍​យ៉ាង​តឹង​រឹង​បំផុត ក្នុង​ការ​ត្រួតពិនិត្យ​ចលនា​សត្វ​ជ្រូក និង​ផលិតផល​សាច់​ជ្រូក ដោយ​បាន​រៀបចំ មន្ត្រី​ជា​ពីរ​ក្រុម​ធំ​ៗ​ដូច​ជា ៖

ទី​១-​ក្រុម​ទី​មួយ ប្រចាំការ​នៅ​ច្រក​សំខាន់​ៗ ទប់ស្កាត់​ការ​នាំ​ចូល​ដែល​ជា​មុខសញ្ញា​ឈ្មួញ​អាច​លួច​នាំ​ជ្រូក​ចូល​បាន ដូច​ជា​ច្រក​យ៊ិ​ន​យ៉ា ហៅ​ប៉ុស្តិ​កំណប់​កែវ ច្រក​ឬ​ស្សី​បី​កុម្ភ ច្រក​ដើម​ដូង និង​ចំណុច​ស្ពាន​បា​ស្តង់ ។

និង​ទី​២-​ក្រុម​ទី​ពីរ ក្រុម​ប្រចាំការ​នៅ​តាម​ទីសត្តឃាដ​ដ្ឋា​ន​សំខាន់​ៗ​នានា ដូច​ជា ក្រុង​ដូន​កែវ អង្គតាសោម ត្រាំខ្នារ សំរោង​យ៉ោ​ង ផ្សារ​កំពង់​ជ្រៃ និង​ផ្សារ​ទន្លាប់ ដោយ​ត្រួតពិនិត្យ​លើ​លិខិត​ដឹក​ជ​ញ្ជួ​ន​សត្វ វិញ្ញាបនបត្រ​អនាម័យ​សត្វ​ចេញពី​ប្រភព​នាំ​ចូល​របស់​ក្រុមហ៊ុន​ដែល​មាន​គោលការណ៍​នាំ​ចូល​ពី​ប្រទេស​ថៃ ឬ​ពី​កសិដ្ឋាន​ក្នុងស្រុក ដោយ​អោយធ្វើ​របាយការណ៍​ជា​ប្រចាំ​ថៃ្ង ជា​ប្រចាំ​និង​ត្រួតពិនិត្យ​កន្លែង​តាំង​លក់​សាច់​ក្នុង​ផ្សារ ឬ​កន្លែង​តាំង​លក់​សាច់​ជា​សាធារណ​: ។

សូម​ជម្រាប​ថា ចាប់តាំងពី​ប្រទេស​វៀតណាម​ផ្ទុះ​ជំងឺ​ប៉េ​ស​អាហ្វ្រិក​លើ​សត្វ​ជ្រូក កាលពី​ប៉ុន្មាន​ខែ​មុន ក្រសួង​ពាក់ព័ន្ធ បាន​ចេញ​សេចក្តី​ប្រកាស​អោយ​ទប់ស្កាត់​ពី​ការ​នាំ​ចូល​ជ្រូក​ពី​ប្រទេស​វៀតណាម មក​ផ្គត់ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ក្រុម​ឈ្មួញ ក៏​បង្វែ​ការ​នាំ​ចូល​ពី​ប្រទេស​ថៃ មក​ផ្គត់ផ្គង់​វិញ ។

ជាមួយ​គ្នា​នេះ ប្រជាពលរដ្ឋ ក៏​អាច​រាយការណ៍​មក​កាន់​នាយកដ្ឋាន​តាម​រយៈ​បណ្ដាញ​សង្គម ឬ​វិធី​ណា​ដែល​ងាយស្រួល បើសិនជា​មាន​ករណី​លួច​នាំ​ចូល​ជ្រូក​ពី​វៀតណាម​តាម​ច្រក​ណាមួយ មក​កាន់​ទឹកដី​កម្ពុជា ហើយ​បើសិនជា​មន្ត្រី​ជំនាញ​រក​ឃើញ​ថា ជ្រូក​នោះ​មាន​ផ្ទុក​ជំងឺ​នឹង​ត្រូវ​ដុត​បំផ្លាញ​ចោល ។ ចំពោះ​ឈ្មួញ​នាំ​ចូល​វិញ អាច​នឹង​ទោស​ទៅ​តាម​ច្បាប់ និង​រង​ពិន័យ​ជា​ទឹកប្រាក់​ពី​១០​លាន​ទៅ​១៥​លាន​រៀល ព្រមទាំង​ជាប់​ក្នុង​បទល្មើស​ផង​ដែរ ។

ក្រសួងកសិកម្ម បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​កម្ពុជា​នៅ​មិន​ទាន់​មាន​ជ្រូក កើត​ជម្ងឺឆ្លង​ប្រភេទ​ប៉េ​ស​អាហ្វ្រិក នៅឡើយ​ទេ ។ ជម្ងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក ដែល​កំពុង​កើត​នៅ​ប្រទេស​វៀតណាម​ខាងជើង​នេះ គឺជា​ប្រភេទ​ជម្ងឺឆ្លង ប៉ុន្តែ​វា​មិន​អាច​ចម្លង​ពី​សត្វ​មក​ប៉ះពាល់​ដល់​មនុស្ស​បាន​ទេ គឺ​វា អាច​ឆ្លង​ពី​សត្វ​ទៅ​សត្វ​ដទៃ​ទៀត ប្រសិនបើ​មិន​មាន​វិធានការ​ការពារ​ទេ​នោះ ៕