ខេត្តបន្ទាយមានជ័យ៖ ពលរដ្ឋក្មេងចាស់ប្រុសស្រីចំនួន១១នាក់ បានកើតមានអាការៈពុល ក្អួតចង្អោរ ជាបន្តបន្ទាប់ ក្រោយពីបានពិសារនំបញ្ចុក និងបាញ់ស៊ុង របស់អ្នកលក់តាមភូមិរាល់ថ្ងៃ បង្កឲ្យមានភ្ញាក់ផ្អើល និងត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧ និង២០នាទី ព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចភូមិចារលើ ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ។
ប្រភពព័ត៌មានពីអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុ អ្នករងគ្រោះទាំង១១នាក់នោះ បានទៅទិញនំបញ្ចុក និងបាញ់ស៊ុង ដែលមានបន្លែសណ្ដែកគួ សណ្ដែកបណ្ដុះ និងផ្លែល្ហុង ពីអ្នកលក់ឈ្មោះ យី ប៉ាក ភេទស្រី អាយុ៤៣ឆ្នាំ ហូបជារៀងរាល់ថ្ងៃ មិនឃើញមានបញ្ហាអ្វីនោះទេ ។

លុះនៅថ្ងៃកើតហេតុ ក្រោយពេលពួកគាត់ទិញនំបញ្ចុក និងបាញ់ស៊ុងនោះហូបហើយ ស្រាប់តែមានអាការៈ វិលមុខ ក្អួតចង្អោរគ្រប់ៗគ្នា និងត្រូវបានបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកក្រឡាញ់ ភ្លាមៗដែរ។
អ្នករងគ្រោះបណ្ដាលមកពីពុលនំបញ្ចុក និងបាញ់ស៊ុងទាំង១១នាក់នោះ រួមមាន៖ ១ឈ្មោះ ព្រឿម លេខ ភេទស្រី អាយុ ៥៩ឆ្នាំ, ២ឈ្មោះ លឿ មឿន ភេទប្រុស អាយុ ៤៨ឆ្នាំ ,៣ឈ្មោះ ភឿន តុលា ភេទប្រុស អាយុ ១១ឆ្នាំ, ៤ឈ្មោះ សូត្រ ចាន់រ៉ា ភេទស្រី អាយុ ០៨ឆ្នាំ ,៥ឈ្មោះ ទាំ ចាន់រះ ភេទស្រី អាយុ ០៨ឆ្នាំ,៦ឈ្មោះ វេត សាគិត ភេទស្រី អាយុ ២៣ឆ្នាំ,៧ឈ្មោះ វេ ចិន ភេទស្រី អាយុ ០៤ឆ្នាំ, ៨ឈ្មោះ ភ្លី លក ភេទស្រី អាយុ ០៣ឆ្នាំ, ៩ឈ្មោះ ភ្លី នុត ភេទស្រី អាយុ ១៥ឆ្នាំ, ១០ឈ្មោះ ភ្លី ជូអ៊ីង ភេទស្រី អាយុ ០៤ឆ្នាំ និងទី១១ឈ្មោះ ឡង សួង ភេទស្រី អាយុ ៥៤ឆ្នាំ។
ករណីពុលនំបញ្ចុក និងបាញ់ស៊ុងនេះសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវរកមូលហេតុពិតប្រាកដហើយ តែមិនទាន់ដឹងលទ្ធផលយ៉ាងណានៅឡើយទេ៕