រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​សារព័ត៌មាន KBN បាន​ចុះ​ផ្សាយ​នូវ​អត្ថបទ​មួយ​មាន​ចំណងជើង​ថា «​ចិន​ផលិត​គ្រឿង​បរិភោគ​ក្លែងក្លាយ​៤០​មុខ ពេល​ប៉ូលិស​ចាប់ ហៅ​ផ្កាយ​៣​មក​ឲ្យ​ជួយ​» រួច​មក ពាក់ព័ន្ធ​រោងចក្រ​ធុន​មធ្យម​មួយ​ឈ្មោះ​ថា​«​មិន​វៃ​សៀន​» ផលិត​គ្រឿង​ឧបភោគបរិភោគ​ក្លែងក្លាយ ត្រូវ​សមត្ថកិច្ច​ចុះ​បង្ក្រាប ។

នៅ​រសៀល​ថ្ងៃ​ទី​២១ មករា ២០១៨​នេះ មន្ត្រី​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ នៃ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ក្រសួងមហាផ្ទៃ បានអោយ​ដឹង​តាម​រយៈ​ទូរស័ព្ទ​ថា ខណៈ​ពេលដែលសមត្ថកិច្ច​កំពុង​ចុះ​ត្រួតពិនិត្យ ជនជាតិ​ចិន​ម្ចាស់​រោងចក្រ បាន​ខ​ល​ហៅ​ជំនួយ​ពី​លោក​ម្នាក់ ដែល​មានមុខ​ងារ​ជា​ទាហាន​ផ្កាយ​បី​នោះ គឺ​មក​ជួយ​បកប្រែ​ភាសា​ចិនមក​ខ្មែរ​ទេ (​លោក​ផ្កាយ​បី មិនមែន​មក​កាង​អោយ​ថៅកែ​ចិន​នោះ​ទេ​) ព្រោះ​លោក​ទាហាន​ផ្កាយ​៣ គាត់​ចេះ​ភាសា​ចិន ហើយ​កម្លាំង​នគរបាល​ក្រសួងមហាផ្ទៃ​ដែល​ចុះ​បង្ក្រាប​នោះ អត់​ចេះ​និយាយ​ចិន ថែម​ទាំង​ថៅកែ​ជន​ជាតិ​ចិន អត់​ចេះ​អង់គ្លេស​​ទៀត ។

ទោះជា​យ៉ាងណា ក្រោយ​ពី​ត្រួតពិនិត្យ​រួច តំណាង​ព្រះរាជអាជ្ញា​បញ្ជា អោយ​ផ្អាក​ការ​ផលិត និង​បិទ​ទីតាំង​ជា​បណ្តោះអាសន្ន និង​កំពុង​បំពេញ​សំណុំ​ឯកសា នាំ​ខ្លួន​ជនសង្ស័យ​ដែល​ជា​ម្ចាស់​ទីតាំង រួម​ទាំងជនជាតិ​ចិន​​ដែល​ពាក់ព័ន្ធ បញ្ជូន​ទៅ​កាន់​តុលាការ ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់ ។

សូម​បញ្ជាក់​ថា ក្រោយ​ពី​ត្រួតពិនិត្យ​ឃើញ​ថា រោងចក្រ​ធុន​មធ្យមឈ្មោះ​«​មិន​វៃ​សៀន​» ដែល​ផលិត​គ្រឿង​ឧបភោគបរិភោគ មិន​អនុលោម​ទៅ​តាម​ច្បាប់​ស្តង់ដារ ដែល​បាន​កំណត់ និង​នៅ​លើ​សំបក​វេច​ខ្ចប់​ពុំ​មាន ច​.​ប​.​ផ និង​សញ្ញា (CS) នោះ​ទេ និង​នៅ​លើ​សំបក​វេច​ខ្ចប់​ដាក់​បា​កូដ​ប្រទេស​ចិន ។ មិន​មាន​វិញ្ញាបណ្ណបត្រ​អនុញ្ញាត​ដំណើរការ​សិប្បកម្ម និង​មិន​មាន​វិញ្ញាបនបត្រ​ត្រួតពិនិត្យ​ផ្ទៀងផ្ទាត់​ទំនិញ​នោះ​ទេ ។

ផលិតផល​ការ​វេច​ខ្ចប់​ខ្វះ​គុណភាព និង​អនាម័យ មិន​មាន​វិញ្ញាបនបត្រ ​បញ្ជាក់​ពី​គុណភាព ពី​មជ្ឈមណ្ឌល​មន្ទីរ​ពិសោធ​ឧស្សាហកម្ម​កម្ពុជា និង​ពុំ​មាន​ចុះបញ្ជី​ម៉ាក​ផលិតផល​នោះ​ទេ រីឯ​វត្ថុធាតុដើម​លួច​នាំ​ចូល​ពី​ប្រទេស​ចិន និង​ថៃ​គ្មាន​ច្បាប់​អនុញ្ញាត ៕