ភ្នំពេញ៖ បច្ចុប្បន្ន មានក្រុមហ៊ុន និងរោងចក្រមួយចំនួន កំពុងសំងំលាក់ខ្លួនបង្កើនការផលិតនូវផលិតផលក្លែងក្លាយ ដែលផលិតមកមិនត្រូវតាមក្បួនខ្នាត និងតាមប្រព័ន្ធស្តង់ដារ បង្កអោយប៉ះពាល់សុខភាពរហូតដល់អាយុជីវិតបងប្អូនប្រជាពលរដ្ឋខ្មែរ ។ ជាក់ស្ដែងរោងចក្រធុនមធ្យមមួយ ដែលផលិតគ្រឿងឧបភោគបរិភោគឈ្មោះថា«មិនវៃសៀន» ដែលមានម្ចាស់ជាជនជាតិចិន និងបុគ្គលិកចិន៥នាក់ទៀត ក្នុងនោះមានស្រីម្នាក់ ត្រូវសមត្ថកិច្ចចុះបង្ក្រាប ។
ការចុះបង្ក្រាបធ្វើឡើងកាលពីវេលាម៉ោង១រសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ក្រុមកម្លាំងពិសេសនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដោយមានការសម្របសម្រួល ពីលោកក្រឡាបញ្ជីជាតំណាងព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ រួមទាំងមានការសហការពីមន្ត្រីកាំកុងត្រូល មន្ត្រីសិប្បកម្ម និងកសិកម្ម រួមទាំងចៅសង្កាត់ និងមេប៉ុស្តិ៍កាកាប២ បានចុះត្រួតពិនិត្យរោងចក្រមួយកន្លែង ដោយទីតាំងនេះ ស្ថិតនៅជិត អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងសង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ជាលទ្ធផលក្នុងការចុះទៅត្រួតពិនិត្យខាងលើ បានរកឃើញនូវផលិតផលគ្រឿងបរិភោគក្លែងក្លាយ រហូតដល់ទៅ៤០ប្រភេទ ដែលក្នុងនោះមានដូចជា ៖ ទឹកស៊ីអ៊ីវ, ប្រេងខ្យង, ស៊ុបមាន់, ម្សៅស៊ុបមាន់, ម្សៅស៊ុបមាន់គ្រាប់, ទឹកខ្មេះ, ទឹកសៀង, ព្រមទាំងទឹកម្ទេស, ទឹកសៀង, ទឹកត្រីង ។ល។
សូមជម្រាបផងដែរថា ខណៈសមត្ថកិច្ចកំពុងចុះត្រួតពិនិត្យ ជនជាតិចិនម្ចាស់រោងចក្រ បានខលហៅជំនួយពីជនដែលមានអំណាចម្នាក់ ដែលមានមុខងារជាទាហានផ្កាយបី អោយមកជួយក្តី ក៏ប៉ុន្តែសមត្ថកិច្ចចម្រុះនៅតែបន្តអនុវត្តទៅតាមនីតិវិធីច្បាប់ដដែល ។
ក្រោយពីត្រួតពិនិត្យរួច តំណាងព្រះរាជអាជ្ញាបញ្ជា អោយផ្អាកការផលិត និងបិទទីតាំងជាបណ្តោះអាសន្ន និងនាំខ្លួនជនសង្ស័យដែលជាម្ចាស់ទីតាំង រួមទាំងកម្មករចិនចំនួន០៦នាក់ ស្រី១នាក់ និងកម្មករខ្មែរចំនួន០៤នាក់ យកទៅសាកសួរបំភ្លឺនៅលេខាធិការដ្ឋាន ។
បច្ចុប្បន្ន មន្ត្រីជំនាញប្រយុទ្ធប្រឆាំងផលិលក្លែងក្តផលាយ កំពុងបំពេញសំណុំឯកសា រួចបញ្ជូនទៅកាន់តុលាការ ចាត់ការទៅតាមនីតិវិធីច្បាប់ ៕