ភ្នំពេញ៖ រោងពិធីឡើងគេហដ្ឋានថ្មី មួយកន្លែងសង់រំលោភលើផ្លូវបេតុង ដែលជា​​ចំ​ណុច​​សំ​ខាន់​​សំ​រាប់ការ​ធ្វើ​​ច​រាច​រណ៍​​ចេញ​ចូល របស់​​អ្នក​ភូមិ តែ​​ត្រូវបានម្ចាស់រោងសង់ បិទ​​ផ្លូវទាំង​ស្រុង​​តែ​ម្តង នាំ​​ឲ្យ​​មាន​​ភាព​​ក្តៅ​ក្រ​ហាយ និង​​រិះ​គន់​​យ៉ាង​ខ្លាំងកាលពី​ ព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្លូវបេតុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

​ប្រជាពលរដ្ឋ​រស់នៅ​ជិត​នោះ បាន​ប្រាប់ថា ហេតុ​អ្វីបានជា​ម្ចាស់ផ្ទះ​ថ្មី​នេះ ហ៊ាន​ឲ្យគេ​សង់រោង បិតផ្លូវ​បេតុង​បែបនេះ អាង​តែ​ខ្លួន​មាន​លុយ មានអំណាច ឬក៏​ផ្លូវ​បេតុង​នេះ គាត់​អ្នកចេញលុយ ហើយ​មើលទៅ បានជា​ហ៊ាន​ធ្វើបែបនេះ ។ ពួកគាត់​បន្តថា ប្រសិនជា មាន​អ្នក​ជម្ងឺ​ឈឺធ្ងន់ធ្ងរ នៅក្នុង​ថ្ងៃនោះ ឬ​ត្រូវ​រថយន្ត​សង្គ្រោះបន្ទាន់ ដឹកបញ្ជូន​យកមក​មន្ទីរពេទ្យ តើ​អ្នក​ជម្ងឺ​ទៅជា​យ៉ាងណា បើ​ផ្លូវ​វាង​វា​ពិបាក​ខ្លាំងណាស់ គឺអាច​នាំ​ឲ្យ​ជនរងគ្រោះ បាត់បង់​ជីវិត ផងដែរ​។​

​លោក ជុំ សារ៉ាយ ចៅសង្កាត់ភ្នំពេញថ្មី បាន​ប្រាប់​ឲ្យ​ដឹងថា រោង​ឡើង​គេហដ្ឋាន​ថ្មីនេះ លោកបានចេញច្បាប់អនុញ្ញាត្តិឲ្យសង់ត្រឹមតែមួយភាគបីនៃចំណីផ្លូវប៉ុណ្ណោះ ដោយឲ្យទុកចំណែកផ្លូវសល់សម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋានចេញចូលផង។

ក្នុងកិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១២​កញ្ញា​ កន្លងទៅ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ ​និង​ជំរុញ​ឲ្យ​អាជ្ញាធរ​គ្រប់​ខណ្ឌ​ ត្រូវ​ចាត់​មន្ត្រី​ចុះត្រួតពិនិត្យរាល់ការសុំច្បាប់សាងសង់​រោង​បុណ្យ ​ឬ​រោងការ​ណា​ ដែល​បិទផ្លូវ​ទាំងស្រុង គឺ​មិន​អនុញ្ញាត​ឡើយ និង​ត្រូវ​ជម្រុញ​ឲ្យ​ពួក​គាត់​គោរព​ច្បាប់ និង​ការ​ណែនាំ​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ ចៀសវាង​​​មានការ​ថ្នាំងថ្នាក់​ពី​ប្រជាពលរដ្ឋ ។

លោកឃួង ស្រេង បាន​លើក​ឡើង​ថា អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ខណ្ឌ សង្កាត់ និង​កម្លាំង​មាន​សមត្ថកិច្ច ត្រូវ​ចុះ​ត្រួតពិនិត្យ​ឲ្យ​បានជា​ប្រចាំ​ ចំពោះ​ការ​សាងសង់​រោង​បុណ្យ​ ​រោងការ ធ្វើ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​ ដែល​ប្រជាពលរដ្ឋ​ថ្នាំងថ្នាក់ ​នា​ពេល​កន្លង​មក​នោះ គួរ​​ម្ចាស់​រោង​បុណ្យ ឬ​រោងការ រក​ទីតាំង​ណា​ដែល​សម​ស្រប មិន​ប៉ះពាល់​ផ្លូវ​សាធារណៈ​ ដូច​ជា ទី​អារាម តាម​ភោ​ជនី​យ​ដ្ឋា​ន ឬ​ទីតាំង​ណា​ដែល​​សមរម្យ ​៕