ប្រទេសថៃ៖ Miss Universe 2018 ត្រូវបានប្រព្រឹត្តឡើងនៅក្នុងទឹកដីប្រទេសថៃ អស់រយៈពេលជាច្រើនថ្ងៃ ហើយក្នុងនោះក៏មានបវរកញ្ញាកម្ពុជា ឈ្មោះ រឿន ណាត បានខិតខំអស់ពីសមត្ថភាព និងតស៊ូដណ្តើមជ័យជំនះជូនប្រទេសជាតិមាតុភូមិយើង ដោយភាពជឿជាក់ ទោះជាមានការលំបាក និងឧបសគ្គច្រើនយ៉ាងណាក៏ដោយ ។

តែអ្វីដែលជាមោទនភាព និងជាទីចាប់អារម្មណ៍ខ្លាំងនោះ គឺបវរកញ្ញារបស់កម្ពុជាយើង បានឆ្លៀតឱកាសចែកកាដូរក្រមាខ្មែរ ជូនដល់បវរកញ្ញាមកពីបណ្តាប្រទេសផ្សេងទៀត ដើម្បីជាអានុស្សាវរីយ៍ និងជាការផ្សព្វផ្សាយនូវវប្បធម៌របស់ខ្មែរឲ្យពិភពលោកបានមើលឃើញ តាមរយៈការបង់កដោយក្រមាខ្មែរ របស់បវរកញ្ញាមកពីប្រទេសជាច្រើន ហើយថតរូបបង្ហោះលើប្រព័ន្ធបណ្តាញសង្គម ធ្វើឲ្យមនុស្សជាច្រើនលាននាក់ បានមើលឃើញពីក្រមារបស់ខ្មែរយើង ដោយមិនចាំបាច់ចំណាយប្រាក់ផ្សព្វផ្សាយនោះឡើយ ។

ហើយខណៈនោះផងដែរ បវរកញ្ញាជាច្រើន បានពេញចិត្តនិងយកក្រមាខ្មែរយើង ទៅបង់កស្ទើតែគ្រប់គ្នា ហើយថតបង្អួតគ្នាលើបណ្តាញសង្គមហ្វេសប៊ូក និងបណ្តាញសង្គមផ្សេងៗទៀត ដោយទឹកមុខញញឹមសប្បាយរីករាយ។ នេះគឺជាកាដូរមួយ ដែលធ្វើឲ្យក្រមាខ្មែរ ត្រូវបានមនុស្សជាច្រើនជុំវិញពិភពលោកចាប់អារម្មណ៍ និងបានស្គាល់ច្បាស់នូវអ្វីដែលជាស្នាដៃរបស់ដូនតាខ្មែរយើង ៕